ជន​ជាតិ​ស្អូច​បារម្ភ​បាត់​បង់​អត្តសញ្ញាណ

ជនជាតិ​ស្អូច គឺជា​ជនជាតិ​ភាគតិច​មួយ​រស់នៅ​ខេត្ត​ព្រះសីហនុ។ ជនជាតិ​នេះ​កំពុង​ប្រឈមមុខ​ទៅ​នឹង​ការបាត់បង់​អត្តសញ្ញាណ​របស់​ខ្លួន​ពេល​​បច្ចុប្បន្ន​នេះ។
ដោយ វោហារ ជាតិ
2012-03-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិស្អូច៣០៥
មន្រ្តី​ឃុំ​សំរុង ចុះ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាជន​ជន​ជាតិ​ស្អូច នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១២
RFA/Vohar Cheath

មន្ត្រី​វប្បធម៌​ខេត្ត រួម​ទាំង​មេកន្ទ្រាញ​ជនជាតិ​ភាគតិច​ស្អូច បាន​លើកឡើង​មូលហេតុ​ដែល​កំពុង​បាត់បង់​អត្តសញ្ញាណ​នេះ អាច​បណ្ដាល​មក​ពី​ហេតុ​ផល​សំខាន់​បី គឺ​ដោយសារ​ការ​បាត់បង់​ព្រៃឈើ ការ​រើសអើង និង​យុវជន​ជនជាតិ​ស្អូច​ជំនាន់​ក្រោយ​រៀបការ​ជាមួយ​ជនជាតិ​ខ្មែរ និង​មិន​ចូលចិត្ត​និយាយ​ភាសា​ជនជាតិ​ខ្លួន។

សំឡេង​ត្អូញត្អែរ របស់​ជនជាតិ​ស្អូច ៖ «សព្វថ្ងៃ​នេះ ស្ថានភាព​ជនជាតិ​ស្អូច​យើង​យ៉ាប់។ សព្វថ្ងៃ​នឹង​ខ្មែរ​កាន់កាប់​ទាំងអស់ ជនជាតិ​ស្អូច​យើង​អត់មាន​កាន់កាប់​ទេ។ គេ​មាន​សហគមន៍ គេ​មាន​មេព្រៃ តែ​ពួក​តំបន់​ស្អូច​ទៅ​រក​ស្អី​ទៅ​ឆក់កណ្ដៀត បាន​ម្ដងៗ​ដែរ។ តែ​រក​ប៉ះ​គេ​គេ​ចាប់។ ព្រោះ​ពួក​ខ្ញុំ​ជនជាតិ​ស្អូច​ខ្ញុំ​អត់មាន​រកស៊ី​ដូច​បងប្អូន​ខ្មែរ​ទេ។ ពួក​ខ្ញុំ​រកស៊ី​តាម​មួយ​បង្វេច​ៗ អត់មាន​យក​ទៅ​លក់ដូរ​អី​ទេ»

នេះ​ជា​ពាក្យ​ត្អូញត្អែរ​របស់ លោក សន កិល អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​សំរុង​លើ ឃុំ​សំរុង ខេត្ត​ព្រះសីហនុ។ លោក សន កិល គឺជា​ជនជាតិ​ស្អូច​ម្នាក់​ដែល​បាន​រៀន​សូត្រ​អក្សរខ្មែរ គឺ​គាត់​ចេះ​និយាយ ចេះ​ស្ដាប់ និង​ចេះ​សរសេរ​ភាសាខ្មែរ​បាន​ច្រើនជាង​ជនជាតិ​ស្អូច​ដទៃ​ទៀត។ ម្យ៉ាងវិញទៀត លោក​ជា​អ្នក​រាក់ទាក់​ភ្ញៀវ​ជាងគេ ខណៈ​ដែល​បងប្អូន​ជនជាតិ​ស្អូច​ក្នុង​ភូមិ​ដទៃ​ទៀត នៅ​អៀនប្រៀន​លាក់មុខ ពេល​ជួប​ភ្ញៀវ​មក​ពី​ចម្ងាយ​ម្ដងៗ។

ជីវិត​អាស្រ័យ​លើ​អនុផល​ព្រៃឈើ គឺ​របរ​ប្រពៃណី​ប្រចាំថ្ងៃ​មួយ​សំខាន់​ចំណោះ​ជនជាតិ​ស្អូច។ ក្រៅពី​នេះ​ពួកគាត់​ចុះ​នេសាទ​សមុទ្រ បែប​លក្ខណៈ​គ្រួសារ និង​ខ្លះ​ទៀត​ប្រកប​ស៊ីឈ្នួល​ធ្វើ​ស្រែចម្ការ​ឲ្យ​ខ្មែរ​នៅ​ក្បែរ​នោះ។

ក៏ប៉ុន្តែ​បច្ចុប្បន្ន ពួកគាត់​ភាគច្រើន​មិន​មាន​ស្រែចម្ការ​ទេ។ លោក សិម ឆែត មេកន្ទ្រាញ​ជនជាតិ​ស្អូច បាន​រំលឹក​ថា កាលពី​ជំនាន់​មុន​ជនជាតិ​ស្អូច មាន​ទឹកដី ចម្ការ​ព្រៃភ្នំ​ធំ​ទូលាយ​ណាស់។ តែ​លោក​ថា ចាប់តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ជាង​មក ចម្ការ​ដី​ព្រៃ​ភ្នំ​ពួកគាត់​ត្រូវ​អ្នក​មាន​ប្រាក់ និង​អ្នកមាន​អំណាច​ចូល​កាន់កាប់។

លោក មេកន្ទ្រាញ​ដែល​មាន​អាយុ​ជិត ៨០​ឆ្នាំ​រូប​នោះ បាន​រំលឹក​ថា មាន​ជនជាតិ​ស្អូច​មួយ​ចំនួន បាន​ចាញ់បោក​គេ ដោយ​ដូរ​ដី​ចម្ការ​របស់​ខ្លួន​ជាមួយ​ថ្នាំជក់​បន្តិចបន្តួច ខ្លះ​ដូរ​ដី​ចម្ការ​យក​ស្ករ​មួយ​ក្អម​តូច​ក៏​មាន។ ពេលនេះ​ដី​ក៏​បាត់​ប្រពៃណី​ជនជាតិ​ក៏​ថយ​ចុះ ខុស​ពី​ពេលមុន ដែល​លោក​ថា ជនជាតិ​ស្អូច​មាន​ដី​ទូលាយ មាន​ប្រពៃណី​តឹងរ៉ឹង សូម្បី​តែ​ភ្ញៀវ​ពី​ចម្ងាយ​មក​ក៏​មិន​ចង់​ជួប​ផង ៖ «កាល​មុន​ចូល​មិនបាន​ទេ ដូច​ពូ​ឯង​អីចឹង​ចូល​មិនបាន​ទេ។ ទាល់តែ ជម្រាប​ប្រាប់​បាន​ចូល​បាន។ ដល់​យូរ​ទៅ​កាប់ចម្ការ​បាន​ធំ​ហើយ​បងប្អូន​ខ្មែរ​គេ​អ្នកមាន គេ​ចេះ​តែ​ចូល​មក គេ​សុំ​ទិញ​ដី គេ​ឲ្យ​លុយ ប៉ុន្មាន​ក៏​យក​ដែរ។ អីចឹង​ឆោត​កន្លែង​នឹង។ យើង​ចេះ​តែ​ដូរ​អីចឹង​ទៅ គេ​ចេះ​តែ​ដេញ​ទៅៗ។ យូរ​ទៅ​ចេះ​បាត់បង់​អស់​ហើយ»

ភូមិ​សំរុង​លើ ស្ថិត​លើ​ទួល​ខ្ពស់​ក្បែរ​ជើងភ្នំ​មួយ។ ភូមិ​នេះ មិន​មាន​ផ្លូវចូល​ទេ មានតែ​ផ្លូវ​ថ្មើរជើង សូម្បី​តែ​ផ្លូវ​នៅ​ក្នុង​ភូមិ​ក៏​មិន​មាន​ដែរ។ ជនជាតិ​ស្អូច រស់នៅ​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម ហើយ​ផ្ទះ​ខ្លះ​មាន​ចំនួន​គ្រួសារ​ដល់​ទៅ​ពីរ​បី​គ្រួសារ។ របាយការណ៍​របស់​ឃុំ​សំរុង បង្ហាញ​ថា មាន​ជនជាតិ​ស្អូច​ចំនួន ២៨​គ្រួសារ។ តែ​បើ​តាម​របាយការណ៍​បច្ចុប្បន្នភាព​របស់​ជនជាតិ​ស្អូច ចំនួន​សមាជិក​ជនជាតិ​នេះ​បាន​កើន​ឡើង​ដល់ ៣១​គ្រួសារ​ហើយ។

បញ្ហា​ចម្បង​ពីរ​ទៀត ដែល​ជំរុញ​ឲ្យ​អត្តសញ្ញាណ​ជនជាតិ​ស្អូច ប្រឈម​នឹង​ការបាត់បង់​អត្តសញ្ញាណ​គឺ​យុវជន​ជនជាតិ​ស្អូច​ជំនាន់​ក្រោយ មិន​និយាយ​ភាសា​ជនជាតិ។

លោក ស្រី ធីវ ចាស់ទុំ​ជនជាតិ​ស្អូច​មួយ​រូប បញ្ជាក់​ថា មូលហេតុ​ដែល​យុវជន​ជំនាន់​ក្រោយ មិន​ចង់​និយាយ​ភាសា​ជនជាតិ ព្រោះ​យល់​ថា បើ​ខ្លួន​និយាយ​ភាសា​ជនជាតិ​ស្អូច​នាំឲ្យ​គេ​មើលងាយ​ថា​ខ្លួន​អន់ ៖ "គាត់​និយាយ​តែ​ភាសា​ខ្មែរ​ទេ។ ហើយ​ម្យ៉ាងទៀត ខ្មែរ​មួយ​ចំនួន​តូច គេ​រើសអើង​ពួកគាត់ គាត់​អត់​សូវ​ហ៊ាន​និយាយ។ ទី​មួយ​តាម​មាត់​គេ​ហៅ​ថា អា​ស្អូច​ឯង​ទៅ​ណា? ឯង​ហូប​តែ​ចាឡង់ (ម្ហូប​ម្យ៉ាង​របស់​ជនជាតិ​ស្អូច)។ បញ្ហា​មួយទៀត គឺ​យុវជន​ស្អូច​រៀបការ​ជាមួយ​កូន​ខ្មែរ​កាន់តែ​មាន​ច្រើន​ឡើង ជាក់ស្ដែង ក្នុង​ចំណោម​គ្រួសារ​ចំនួន ៣១​មាន​កូន​ស្រី​ប្រុស​ជន​ជាតិ​ស្អូច​រៀប​ការ​ជា​មួយ​កូន​ខ្មែរ​ចំនួន ៨​គ្រួសារ​ហើយ"

មិន​មាន​ឯកសារ​ណា បញ្ជាក់​ថា​ជនជាតិ​ស្អូច​មាន​វត្តមាន​នៅ​លើ​ទឹកដី​ខេត្ត​ព្រះសីហនុ តាំង​ពី​ពេលណា​មក​ទេ។

ក៏ប៉ុន្តែ ទាក់ទង​នឹង​ប្រវត្តិ​ជនជាតិ​ស្អូច​នេះ មាន​ឯកសារ​ខ្លះ​សរសេរ​ថា ជនជាតិ​ស្អូច​ជិត​ផុតពូជ​ម្ដង​រួច​មក​ហើយ​នៅ​ឆ្នាំ​១៨៤០។ គឺ​កាលនោះ​ជនជាតិ​ស្អូច​នៅសល់​តែ​ពីរ​នាក់​គត់។

តាម​សៀវភៅ​ស្រាវជ្រាវ​អំពី​ជនជាតិ​ភាគតិច​នៅ​ប្រទេស​កម្ពុជា បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៧២ និពន្ធ ដោយ លោក កែប វណ្ឌី។ នៅ​ឆ្នាំ​១៨៤០ សៀម​បាន​លើកទ័ព​វាយលុក​ចូល​ខេត្ត​ព្រះសីហនុ ដែល​កាលពី​ជំនាន់​នោះ ជា​ទឹកដី​ខេត្ត​កំពត។ ទ័ព​សៀម​បាន​ចាប់​ជនជាតិ​ស្អូច​ទាំងអស់​ជា​ឈ្លើយសឹក រួច​យក​ទៅ​ស្រុក​សៀម។ ស្ដេច​សៀម​ក៏បាន​បញ្ជូន​ឲ្យ​ជនជាតិ​ស្អូច​ទាំងនោះ ទៅ​រស់​នៅ​ភូមិ​មួយ​ក្បែរ​ក្រុង​បាងកក។ ក៏ប៉ុន្តែ​ក្រោយមក​ជនជាតិ​ស្អូច ទាំងនោះ​ក៏បាន​ស្លាប់​ជា​បន្តបន្ទាប់ ស្ទើរ​អស់ នៅ​សល់​តែ​ពីរ​នាក់ បងប្អូន​បង្កើត​ស្រី​ប្រុស។ សៀវភៅ​នោះ​សរសេរ​ថា ដោយ​ឃើញ​ដូច្នេះ ស្ដេច​សៀម​ក៏​សម្រេច​បញ្ជូន​ជនជាតិ​ស្អូច ដែល​នៅ​រស់​ពីរ​នាក់​នោះ ត្រឡប់​មក​ស្រុក​វិញ ដែល​កាលនោះ​ពួកគេ​រស់នៅ​ក្នុង​តំបន់​មាត់សមុទ្រ ក្បែរ​វាលរេញ​ដែរ។

ទោះ​យ៉ាងណា មានការ​អះអាង​ខុសៗគ្នា ចំពោះ​ព័ត៌មាន​ជនជាតិ​ស្អូច នៅ​រស់​ពីរ​នាក់​នោះ។ ខ្លះ​ថា ជនជាតិ​ស្អូច​សល់​ពីរ​នាក់​នោះ​មិន​ត្រូវ​បាន​ទាហាន​សៀម​កៀរ​យក​ទៅ​ទេ។ ក្រោយពី​ទ័ព​សៀម​ដកថយ​ទៅ ពួកគេ​បាន​រស់នៅ​ក្នុង​ភូមិ​តែ​ពីរ​នាក់​បងប្អូនបង្កើត។ បន្ទាប់មក​ក៏​មាន​ផ្ទៃពោះ​ជាមួយគ្នា បាន​កើតកូន បន្ត​ពូជ​ជនជាតិ​ស្អូច​មក​ទល់​សព្វថ្ងៃ​នេះ។

លោក​មេកន្ទ្រាញ សិម ឆែត បាន​រំលឹក​ថា ជីដូនជីតា​គាត់​កាល​នៅ​រស់​បាន​ដំណាល​រឿង​សង្គ្រាម សៀម​កៀរ​ជនជាតិ​ស្អូច​នេះ ប្រាប់​កូនចៅ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តៗគ្នា​ថា ជនជាតិ​ស្អូច​ដែល​បាន​បន្ត​ពូជ​មាន​ចំនួន​កើន​ដល់ ៣១​គ្រួសារ​នា​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ជនជាតិ​ស្អូច ជា​បងប្អូនបង្កើត ទាំងពីរ​នាក់​ដែល​សល់​ពី​ស្លាប់​នោះ បន្ត​ពូជ​មក។ លោក​បន្ត​ថា ដោយមាន​ប្រវត្តិ​ដូច្នេះ​ទើប​ជនជាតិ​ស្អូច​ទាំងអស់​យល់ថា ពួកគេ​មាន​ឪពុកម្ដាយ​តែមួយ គឺ​ដោយ​ហេតុផល​ថា ជនជាតិ​ស្អូច​ពីរ​នាក់​នោះ​យកគ្នា​ជា​ប្ដី​ប្រពន្ធ ជា​បងប្អូន​បង្កើត​នឹងគ្នា ៖ «ពួក​ខ្ញុំ​នឹង​សល់​តែ​ពីរ​នាក់​ទេ។ បងប្អូន​ខ្មែរ ជនជាតិ​ណា​ក៏ (សៀម) យក​ទៅ​អស់​ដែរ។ ដល់​ពី​រួច​ពី​នឹង​ទៅ​គេ​យក​ចុះកប៉ាល់​នឹង​មិន​ដឹង​គេ​យក​ទៅ​ទុក​ដាក់​ត្រង់ណា​ទេ។ ហើយ​សល់​តែ​ពីរ​នាក់។ សល់​នេះ​ក៏​សល់​បងប្អូន​ពោះ​មួយ។ យូរ​ទៅ​មាន​ទម្ងន់ មាន​កូន​ទើប​តពូជ​ទើស​ឥឡូវ​នឹង​នែក»

ទាក់ទង​រឿង​បន្ត​ពូជ របស់​ជនជាតិ​ស្អូច​នេះ​ដែរ លោក ឆេង ហ៊ាន អនុប្រធាន​មន្ទីរ​វប្បធម៌ ខេត្ត​ព្រះសីហនុ។ លោក​បាន​អះអាង​ប្រហែលគ្នា​នេះ​ដែរ គឺ​នៅ​ឆ្នាំ​១៩១០ ព្រះមហាក្សត្រ​ខ្មែរ បាន​ប្រកាស​សម្រេច​ឲ្យ​ជនជាតិ​ស្អូច រៀបការ​ជាមួយ​បងប្អូនបង្កើត ដើម្បី​កុំឲ្យ​ផុតពូជ។ លើស​ពី​នេះ ទៅ​ទៀត​នោះ ព្រះមហាក្សត្រ​ខ្មែរ​ប្រទាន​ងារ ឧកញ៉ា ឲ្យ​ជនជាតិ​កួយ​ម្នាក់ទៀត ជា​ការ​លើកទឹកចិត្ត​ស្ទួយ ជនជាតិ​ស្អូច​ទៀត​ផង​នៅ​ជំនាន់​នោះ ៖ «ដើម្បី​កុំឲ្យ​ផុត​ពូជ​កុលសម្ព័ន្ធ​ស្អូច​នឹង​ព្រះមហាក្សត្រ​លោក​អនុញ្ញាត​ឲ្យ​ស្អូច​រៀបការ​បងប្អូនបង្កើត។ ហើយ​លើស​នឹង​ទៅទៀត ព្រះរាជា​បាន​អនុញ្ញាត​ឲ្យ​ជ្រើសរើស​តំណាង​របស់​ខ្លួន តំណាង​កុលសម្ព័ន្ធ​ស្អូច​នឹង ហើយ​តែងតាំង​ទៅ​ជា​ងារ​មួយ ទៅជា ឧកញ៉ា តិរី ដែល​មាន​បុណ្យស័ក្ដិ​ស្មើ​ចៅហ្វាយ​ខេត្ត​កំពត»

ដើម្បី​អភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌ និង​ការពារ​អត្តសញ្ញាណ​ជនជាតិ​ស្អូច​កុំឲ្យ​បាត់បង់ លោក ឆេង ហ៊ាន សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​អញ្ជើញ​ពួកគាត់​ចូលរួម​ក្នុង​ជីវភាព​នយោបាយ និង​សង្គម​ឲ្យ​បាន​ដូច​ជនជាតិ​ផ្សេងទៀត​ដែរ។ ដូចជា​អញ្ជើញ​តំណាង​ជនជាតិ​ស្អូច​ចូលរួម​ពិធី​នានា ពិធី​មហោស្រព​សិល្បៈ​ជាដើម។ ម្យ៉ាងវិញទៀត លោក​បាន​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចូលរួម​ជួយ​ផ្ដល់​វគ្គសិក្សា​វិជ្ជាជីវៈ និង​ជំនាញ​សមស្រប​ផ្សេងៗ​ដល់​ពួកគាត់។ លោក​ថា​ធ្វើ​ដូច្នេះ ដើម្បី​ផ្ដល់​ការងារ​ដល់​ពួកគាត់​នៅនឹង​កន្លែង ព្រោះថា​សព្វថ្ងៃ​នេះ​ជនជាតិ​ស្អូច បាន​ចាកចោល​ស្រុក​ទៅ​រក​ការងារ​ឆ្ងាយៗ​ច្រើន​ណាស់ ហើយ​ការ​ធ្វើ​ចំណាក​ស្រុក​នេះ​ក៏​ជា​មូលហេតុ​មួយ​បណ្ដាលឲ្យ​បាត់បង់​អត្តសញ្ញាណ​ជនជាតិ​ស្អូច​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Folks-Yest Yesterday it was Khmer krom, Hmong, Today Khmer Leu (SaOch, Phnorng, etc..), Tomorrow Khmer Kandal! Please wake up and reunite!

Mar 28, 2012 08:58 AM