បញ្ហា​ទំនិញ​ឡើង​ថ្លៃ​និង​ផល​ប៉ះពាល់

2008-05-26

អ្នក​តំណាងរាស្ត្រ​មួយចំនួន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០០៨​នេះ​ថា បញ្ហា​ទំនិញ​ឡើង​ថ្លៃ​រហូត​មក​ដល់​ពេល​នេះ គឺ​នៅតែ​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដ៏​ធំ​សម្រាប់​សង្គម​កម្ពុជា ពីព្រោះ​គេ​មិន​ទាន់​ឃើញ​មាន​វិធានការ​ដោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ណាមួយ​ពី​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​នៅ​ឡើយ​ទេ ។

AFP Photo

សាច់​ជ្រូក​ដែល​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ។

បញ្ហា​នេះ​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ ក៏​ដូច​ជា​កម្មករ​និង​មន្ត្រី​រាជការ ទាហាន ស៊ីវិល ដែល​មាន​ប្រាក់​បៀវត្សរ៍​កម្រិត​ទាប ។

អ្នក​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​មួយ​រូប​គឺ​លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា តាម​ពិត​ទៅ​គេ​អាច​ធ្វើការ​ដោះស្រាយ​ចំពោះ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នេះ ប្រសិន​បើ​រដ្ឋាភិបាល​លោក​មាន​ឆន្ទៈ​ដោយ​ពិនិត្យ​មើល​អំពី​ឫស​គល់​នៃ​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ដំឡើង​ថ្លៃ​ទំនិញ​នោះ ។

លោក​បន្ត​ទៀត​ថា ទំនិញ​គ្រប់​មុខ​ដែល​ត្រូវ​បាន​គេ​ដំឡើង​ថ្លៃ គឺ​បណ្ដាល​មក​ពី​ហេតុ​ជា​ចម្បង​គឺ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ហេតុ​នាំ​ឲ្យ​បាត់បង់​នូវ​ប្រាក់​ចំណូល​ជាតិ នាំ​ឲ្យ​រដ្ឋ​ខ្វះ​ថវិកា​សម្រាប់​ទប់ទល់​នឹង​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ដូច​សព្វថ្ងៃ​នេះ ។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ៖ «មើល​របាយការណ៍​របស់​អង្គការ USAID ហើយ​និង​របាយការណ៍​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជាតិ ក្នុង​មួយ​ឆ្នាំៗ​ប្រទេស​កម្ពុជា​យើង​បាត់​បង់​លុយ​ដោយសារ​អំពើ​ពុករលួយ​យ៉ាង​តិច ៥០០​លាន​ដុល្លារ ដោយសារ​ទង្វើ​ខុស​ច្បាប់​ផ្សេងៗ ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដោយសារ​តែ​ការ​រត់​ពន្ធ ។ ហើយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​ជាតិ ក៏​បាន​លើក​ឡើង​ដែរ​ថា នៅ​ក្នុង​វិស័យ​ឯកជន មួយ​ឆ្នាំៗ​យ៉ាង​តិច ៣៣០​លាន​ដុល្លារ បាត់​បង់​លុយ ហើយ​លុយ​ទាំង​អស់​ហូរ​ចូល​ទៅ​ក្នុង​ហោប៉ៅ​មន្រ្តី​ពុករលួយ ។ ដូច្នេះ​អំពើ​ពុករលួយ​នេះ​ធ្ងន់ធ្ងរ​ណាស់ បើ​យើង​រៀបចំ​ប្រទេស​ឲ្យ​បាន​ត្រឹម​ត្រូវ កាត់​បន្ថយ​អំពើ​ពុករលួយ ខ្ញុំ​ជឿជាក់​ថា រដ្ឋ​មិន​ខ្វះ​លុយ​សម្រាប់​កសាង​ប្រទេស​ទេ»

អ្នក​តំណាងរាស្ដ្រ​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ដែរ​ថា ភាព​ខ្សោយ​នៃ​ការ​មិន​មាន​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​ដែល​បាន​ជំរុញ​ឲ្យ​ខ្សត់​ថវិកា​ជាតិ​បែប​នេះ រាជ​រដ្ឋាភិបាល​ត្រូវ​បង្ខំ​ចិត្ដ​ធ្វើការ​ដំឡើង​តម្លៃ​ពន្ធ​ក្នុង​ការ​នាំ​ចូល​នូវ​ទំនិញ​នានា ជា​ពិសេស​គឺ​ពន្ធ​ប្រេង​សាំង​ដែល​មាន​កម្រិត​ខ្ពស់​ជាង​គេ​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់ ។

លោក​បាន​បន្ត​ទៀត​ថា​ការ​ដំឡើង​ពន្ធ​សាំង​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ឲ្យ​បាន​ប្រាក់​ចំណូល​​សម្រាប់​ជាតិ​នោះ ក៏​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អ្នក​វិនិយោគ​ផ្នែក​នេះ​គេ​ត្រូវតែ​ដំឡើង​ថ្លៃ​ប្រេង​របស់​គេ​ដែរ ដើម្បី​ឲ្យ​បាន​ប្រាក់​ចំណេញ​សម្រាប់​ក្រុមហ៊ុន​របស់​គេ ចំណែក​ឯ​អ្នក​រង​គ្រោះ​វិញ​នោះ គឺ​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ ។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ៖ «ពី​ព្រោះ​គេច​អត់​រួច​ទេ ប្រជាពលរដ្ឋ​ប្រើសាំង​រៀង​រាល់​ថ្ងៃ រៀង​រាល់​ម៉ោង ចង់​មិន​ចង់ ប្រជាពលរដ្ឋ​ទោះ​ថ្លៃ​យ៉ាង​ណា បង្ខំ​ចិត្ត​ដើម្បី​ទិញ​សាំង​ហ្នឹង​យក​មក​ប្រើ យក​មក​ចាក់​ម៉ូតូ យក​មក​ចាក់​ម៉ាស៊ីន​បូម​ទឹក អ៊ីចឹង​គាត់​គេច​មិន​រួច ហើយ​រដ្ឋាភិបាល​អត់​មាន​សមត្ថភាព​ទៅ​ប្រមូល​លុយ​ពី​កន្លែង​ផ្សេង​ក្រៅ​តែ​ពី​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ តាម​រយៈ​សាំង​ហ្នឹង​ហើយ ។ អ៊ីចឹង​បាន​ដោយសារ​អំពើ​ពុករលួយ​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​អាច​បញ្ចុះ​តម្លៃ​សាំង​បាន»

បញ្ជាក់​ប្រាប់​ស្រដៀង​គ្នា​នេះ​ដែរ ទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល​មួយ​រូប គឺ​លោក សេរី កុសល បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​កក្តា​ទំនិញ​ឡើង​ថ្លៃ​នៅ​កម្ពុជា​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​មាន​អំពើ​ពុករលួយ ហើយ​ក្រៅពី​នេះ​ទៀត​អាច​បណ្តាល​មក​ពី​ការ​ហូរ​ចូល​នូវ​ជន​អន្តោប្រវេសន៏​ខុស​ច្បាប់​ច្រើន ហើយ​និង​ការ​ធ្វើ​វិនិយោគ​ដី​ធ្លី​ឲ្យ​នៅ​ទំនេរ​ច្រើន​មិន​បង្ករ​បង្កើន​ផល ។ល។

លោក សេរី កុសល បាន​មាន​ប្រសាសន៍​ថា ៖ «ដី​ជា​ច្រើន​ដែល​អ្នក​មាន​ធំៗ​ទិញ​ទុក​ចោល​ពេញ​ហ្នឹង អត់​ធ្វើ​អី​ទេ នៅ​កណ្ដាល​ក្រុង​ក៏​មាន​កន្លែង​ខ្លះ​ទិញ​ទុក​ចោល ហើយ​ដោយ​ឥត​បង់​ពន្ធ សុទ្ធ​តែ​ដី​ល្អៗ​មាន​តម្លៃ រួមទាំង​ដី​ស្រែ​ទៀត ដែល​ករណី​នេះ​អត់​យក​ពន្ធ​បាន​មួយ​សេន​ទេ អ្នក​ដែល​មាន​អំណាច និង​អ្នក​ដែល​មាន​ឥទ្ធិពល ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​សង្កត់​ក យក​ពន្ធ​បាន​តែ​អ្នក​ណា​ដែល​គ្នា​រក​ស៊ី​ត្រង់»

ទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល លោក សេរី កុសល បាន​មាន​ប្រសាសន៏​ប្រាប់​ផង​ដែរ​ថា ចំពោះ​ទំនិញ​ឡើង​ថ្លៃ​នៅ​ក្នុង​ប្រទេស​សព្វថ្ងៃ​នេះ តាម​ពិត​ទៅ​គឺ​មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ បញ្ហា​នេះ​បាន​និង​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​ពិភពលោក​ផងដែរ ដូច​ជា​នៅ​ប្រទេស​ជិត​ខាង​ជាដើម ក៏ប៉ុន្តែ​ខុស​គ្នា​ត្រង់ថា ប្រទេស​គេ​មិន​សូវ​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​គេ​ឡើយ ពីព្រោះ​ពលរដ្ឋ​របស់​គេ​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ខ្ពស់ ហើយ​មន្ដ្រី​រាជការ​របស់​គេ​វិញ​ក៏​មាន​ប្រាក់​បៀវត្សរ៍​ច្រើន​សមរម្យ​អាច​ទប់ទល់​ទៅ​នឹង​ទំនិញ​ឡើង​ថ្លៃ​បាន ។

លោក​បាន​បន្ថែម​ទៀត​ថា ម្យ៉ាងទៀត​ទំនិញ​នៅ​ប្រទេស​គេ​ក៏​មិន​ត្រូវ​បាន​ដំឡើង​ថ្លៃ​ខ្ពស់​ជ្រុល​ហូស​នោះ​ដែរ ដោយសារ​រដ្ឋាភិបាល​របស់​គេ​បាន​ធ្វើការ​ទប់ស្កាត់ ក្នុង​នោះ​គេ​បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​សន្សំ​សំចៃ​ក្នុង​ការ​ចំណាយ​ទិញ​វត្ថុ​ណា​ដែល​មិន​ចាំបាច់​ឬ​បន្ថយ​ការ​ដើរ​លេង​កម្សាន្ដ ។

លោក សេរី កុសល បាន​ឲ្យ​ដឹង​ថា ៖ «គេ​ណែនាំ​ទៅ​ប្រជារាស្រ្ត​គេ​ដើម្បី​សន្សំ​សំចៃ​ប្រង​ផង ថវិកា​ផ្ទាល់​ខ្លួន​ផង ក្រៅ​ពី​នេះ គេ​ក៏​ព្យាយាម​ទាក់​ទង​នឹង​ធនាគារ​ពិភពលោក​អី​ទៅ គេ​ប៉ះប៉ូវ​នូវ​ការ​ខ្ចី​​អី​ទៅ ដើម្បី​ទប់​ទល់​នឹង​សភាពការណ៍ បម្រើ​ប្រជារាស្រ្ត​គេ ។ នៅ​កម្ពុជា​យើង ទំនិញ​ហ្នឹង​វា​ឡើង​ថ្លៃ​ពេក ទោះ​បី​គណបក្ស​ណា​ក៏​ដោយ គឺ​ថា​វា​ប៉ះពាល់​ទាំង​អស់​ហើយ»

គួរ​រំឮក​ដែរ​ថា ចំពោះ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​នេះ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា​កន្លង​ទៅ ក្នុង​ឱកាស​ជួប​ជាមួយ​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​នៅ​ក្រុង​ភ្នំពេញ ក្នុង​ឱកាស​វេទិកា​រាជរ​ដ្ឋាភិបាល​និង​ឯកជន​លើក​ទី​១៣ បាន​មាន​ប្រសាសន៏​ប្រាប់​ផងដែរ អំពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​និង​ការ​ឡើង​ថ្លៃ​ទំនិញ​និង​អតិផរណា​នៅ​កម្ពុជា ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ទំនិញ​ឡើង​ថ្លៃ​និង​អតិផរណា​ខ្ពស់​នៅ​កម្ពុជា​មាន​៤​យ៉ាង​គឺ ៖ ទី​១ ដោយសារ​ការ​ឡើង​ថ្លៃ​សាំង​ជា​អន្តរជាតិ ទី​២ ការ​កើន​ឡើង​នូវ​តម្រូវការ​ស្បៀង​និង​ទំនិញ​ប្រើប្រាស់​ក្នុង​ពិភពលោក​និង​តំបន់ ជាពិសេស​ការ​យក​ធញ្ញជាតិ​ទៅ​ចម្រាញ់​ជា​ជីវឧស្ម័ន ទី៣ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក និង​ទី​៤ គឺ​ជា​កត្តា​ក្នុង​ប្រទេស គឺ​ការ​កើនឡើង​នូវ​តម្រូវការ​ទំនិញ​និង​ស្បៀង​ច្រើន​ជាង​មុន ។

លោក​នាយក​រដ្ឋមន្រ្ដី​បាន​បន្ថែម​ក្នុង​ឱកាស​នោះ​ទៀត​ថា ប្រទេស​កម្ពុជា​មាន​អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ ប្រមាណ​ពី ៥ ទៅ ៦%​ប៉ុណ្ណោះ តែ​នៅ​ដើម​ឆ្នាំ​២០០៨​នេះ អត្រា​អតិផរណា​បាន​កើន​ឡើង​ខ្ពស់​ជិត ២០% ហើយ​តម្លៃ​ទំនិញ​នានា​បាន​ឡើង​ជា​បន្ត​បន្ទាប់ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ និង​ទប់ស្កាត់​អត្រា​អតិផរណា​ឲ្យ​បាន​ទាប គឺ​កន្លងមក​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មួយចំនួន ដូច​ជា​ការ​ដំឡើង​ប្រាក់ខែ​បុគ្គលិក​រដ្ឋ និង​កម្មករ​កាត់ដេរ ការ​ឧបត្ថម្ភ​ធន​មួយចំនួន​ដើម្បី​ឲ្យ​ថ្លៃ​អគ្គិសនី​នៅ​ទាប ហើយ​និង​ការ​ប្រកាស​ឲ្យ​បញ្ចេញ​អង្ករ​ទៅ​លក់​ក្នុង​តម្លៃ​ទាប​ដល់​ប្រជាពលរដ្ឋ និង​ការ​បើក​ចំហ​ការ​នាំ​ចូល​នូវ​ម្ហូប​អាហារ​មក​ពី​ខាង​ក្រៅ​ជាដើម ។

បើ​ទោះបី​ជា​មាន​ការ​បញ្ជាក់​អះអាង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បែប​នេះ​ក៏ដោយ គេ​ឃើញ​អ្នក​តំណាងរាស្ត្រ​មួយចំនួន​នៅតែ​សម្ដែង​ការ​បារម្ភ​ពី​បញ្ហា​នេះ​ផងដែរ ពីព្រោះ​ទំនិញ​សព្វសារពើ​ជាពិសេស​ប្រេងសាំង​នៅតែ​បន្ត​ការ​ឡើង​ថ្លៃ​ឥត​ឈប់ឈរ​ដែល​ជា​ការ​គំរាម​កំហែង​មួយ​ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ ៕

អត្ថបទ​ដែល​ទាក់ទង

រ៉ុង ឈុន ស្នើ​នាយក​រដ្ឋមន្ត្រី​ជួយ​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ

ពាក់​កណ្ដាល​ឆ្នាំ​២០០៨ បន​ល្បែង​ណាហ្កា​ចំណេញ​ជាង​២៥​លាន​ដុល្លារ

ក្រុមហ៊ុន​ម៉ូតូ​យ៉ាម៉ាហា​របស់​ជប៉ុន​មក​ដំឡើង​រោងចក្រ​នៅ​ស្រុក​ខ្មែរ

កម្ពុជា​នឹង​ទទួល​ផល​ពី​ប្រេង​ក្នុង​បាត​សមុទ្ទ​នៅ​ឆ្នាំ​២០១១

ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា

អតិផរណា​កើន​ដល់​២៥%​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០០៨

រដ្ឋាភិបាល​កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​បរទេស​ទិញ​ផ្ទះ​ល្វែង​នៅ​ស្រុក​ខ្មែរ​បាន

កាសែត​ក្នុង​ស្រុក៖ ប្រ៊ូណេ​ចរចា​សុំ​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា

ពលរដ្ឋ​នៅ​កំពង់​ចាម សុំ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ជួយ​ធ្វើ​ឲ្យ​ទំនិញ​ចុះ​ថ្លៃ

ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ប៉ោយប៉ែត ត្អូញត្អែរ​អំពី​សមាគម​ទេសចរណ៍