តម្លៃទំនិញ​មិនថយចុះ ទោះបីជាមាន​បាតុកម្ម

2008-04-10

គ្មានការ​ឆ្លើយ​តប​ទាល់តែសោះ​មក​ដល់​ថ្ងៃ​នេះ​ពី​រដ្ឋាភិបាល ទៅ​លើ​ការ​ទាមទារ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​បាន​ដឹកនាំ​បាតុកម្ម កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​កន្លង​ទៅ ដើម្បី​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​កម្ពុជា ដែល​កំពុងតែ​ឡើង​ថ្លៃ​ខ្ពស់​ក់បពពក ។

RFA Photo

សាច់​ជ្រូក​ដែល​គេ​ដាក់​លក់​ក្នុងផ្សារ ។

មេដឹកនាំ​បក្ស​ប្រឆាំង និង​ជា​អតីត​រដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី រិះគន់​ថា រដ្ឋាភិបាល​ខ្លាច​ប៉ះពាល់​ទៅ​ដល់​ផលប្រយោជន៍​របស់​ខ្លួន ដែល​ជា​មូលហេតុ នៃ​ការ​បណ្តែតបណ្តោយ​ឱ្យ​ទំនិញ​ឡើង​ថ្លៃលើស ប្រទេស​នានា​នៅ​ជុំវិញ​ខ្លួន ។

លោក សម រង្ស៊ី បាន​ឱ្យ​ដឹង​ថា ៖ š«ដូច្នេះ​គេ​មិន​ចង់​បន្ថយ បញ្ចុះ​ពន្ធ​ទេ ដូច​យើង​ទាមទារ​ឱ្យ​គេ​ឈប់​យក គេ​អត់​ចង់​ឈប់​យក ​គេ​យក​ទៀត​វា​ចំណេញ​គេ​ផ្ទាល់ ។ ហើយ​សិទ្ធិ​ផ្តាច់មុខ​សុទ្ធតែ​គ្នា​គេ បក្ស​ពួក​គេ ។ អ្វី​ដែល​ជា​ខ្លឹមសារ ជា​សារសំខាន់ គេ​អត់​ធ្វើ​ទេ​គេ​ធ្វើ​សើ​ៗ›»

កាលពី​ថ្ងៃ​ឤទិត្យ​កន្លង​ទៅ លោក សម រង្ស៊ី បាន​ដឹកនាំ​មនុស្ស​ប្រហែល ៣០០​នាក់ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ក្នុង​ក្រុង​ភ្នំពេញ ប្រឆាំង​ចំពោះ​ការ​ឡើង​ថ្លៃ​ទំនិញ​សព្វ​សារពើ នៅ​លើ​ទីផ្សារ ជាពិសេស​តម្លៃ​ប្រេងសាំង ។

នៅ​ក្នុង​បាតុកម្ម​នោះ​ លោក​បាន​ផ្តល់​លទ្ធភាព​ចំនួន ៥​ចំណុច ដែល​រដ្ឋាភិបាល​ឤច​ទប់ទល់​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​បាន ដូច​ជា​បញ្ចុះ​ពន្ធ​លើ​ប្រេងសាំង និង​បញ្ចុះប្រាក់​ចំណេញ​​លើ​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ធនៈ ។ ទី២ បញ្ចប់​សិទ្ធផ្តាច់​មុខ​របស់​ជន​ខិលខូច ដែល​ចេះតែ​ឡើង​ថ្លៃ​ទំនិញ​តាម​អំពើចិត្ត ។ ទី៣ គ្រប់គ្រង​សេដ្ឋកិច្ច​ជាតិឱ្យ​បាន​ត្រឹមត្រូវ ដោយ​រក្សា​លំ​នឹង​រូបិយវត្ថុ ។ ទី៤ គ្រប់គ្រង​ការ​បោះពុម្ព​ក្រដាស​ប្រាក់ និង​ទី​៥ ត្រូវ​ធ្វើ​កំណែទម្រង់​ភូមិបាល គឺ​ត្រូវ​ចែកចាយ​ដីធ្លី​ដល់​ពលរដ្ឋដែល​ខ្វះ​ដី​ធ្វើ​កសិកម្ម ។

ការ​លើក​ឡើង​ទាំងអស់ ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រានចោល​ដោយ​​ចោទ​​ថា លោក សម រង្ស៊ី កំពុង​ធ្វើ​ការ​ឃោសនា​ដើម្បី​សន្លឹក​ឆ្នោត​នាពេល​ខាងមុខ​ប៉ុណ្ណោះ ។

លោក ខៀវ កាញារីទ្ធ អះឤង​ថា រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ធន​លើ​ផ្នែក​ប្រេង ដោយ​អត់​ដំឡើង​ពន្ធដារ​ បាន​ទប់​ស្កាត់​ការ​នាំ​អង្ករ​ចេញ និង​បាន​ដោះស្រាយ​នយោបាយ​ដីធ្លី ដែល​គេ​កំពុង​ធ្វើ​ស្រាប់ ។

លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​ថា ៖ «šរដ្ឋាភិបាល​នៅ​តែ​ខាត​ពន្ធ​ដដែល​តាំង​ពី​យូរណាស់​ហើយ អត់​ទាំង​ហ៊ាន​ដំឡើង​ផង គិត​ពន្ធ​តាម​តោន​តើ !យើង​​មាន​​គិត​​ពន្ធ​​តាម​​ចំនួន​​ចូល​ឯណា ? ។ ​នៅ​លើ​មេឃ​យ៉ាងម៉េច​គាត់​ដឹង​តើ ពិភពលោក​អង្ករ​ឡើង​ថ្លៃអ៊ីចឹង កសិករ​គេ​អរ​ហើយ ។ អ៊ីចឹង​រដ្ឋាភិបាល​ធ្វើ​ម៉េច​ដំឡើង​ប្រាក់​ខែ​ ជួយ​បញ្ហា​ដំឡើង​ប្រាក់​បៀវត្សរ៍​កម្មករ នាំ​សាច់​ចូល ទប់​អង្ករ​កុំ​ឤល​ឱ្យ​ចេញ​ពីរ​ខែ ដើម្បី​ទម្លាក់​តម្លៃ​អង្ករ​ហ្នឹង›» ។

គួរ​ជម្រាប​ជូន​ថា របាយការណ៍​របស់​ធនាគារ​ពិភពលោក កាល​ពី​ចុង​ឆ្នាំ ២០០៧ បាន​បញ្ជាក់​ថា អត្រា​ចំណី​ឤហារ​មាន​ការ​កើនឡើង​ដល់​ទៅ ២០% នៅកម្ពុជា រីឯ​ ប្រេងសាំង​វិញ​មាន​អត្រា​កើន​ឡើង​ដល់​ទៅ ១២% ។

មកដល់ថ្ងៃនេះ តម្លៃ​អង្ករ​នៅ​រក្សា​តម្លៃ​ថេរ គឺ​ស្រក​ចុះ​បន្តិច​ក្រោយពី​វិធានការ​បណ្តោះឤសន្ន របស់​រដ្ឋាភិបាល ប៉ុន្តែ​តម្លៃ​ប្រេងសាំង​វិញ​មួយលីត្រ​ប្រហែល ៥០០០​រៀល នៅ​ដដែល​មិន​មាន​ការ​ធ្លាក់​ថ្លៃ​ឡើយ ៕

អត្ថបទ​ដែល​ទាក់ទង

សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​ក្រោយ​ពេល​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

អង្គការ ILO៖ លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ

ទំនប់​វារី​អគ្គិសនី​ដែល​ឧបត្ថម្ភ​ដោយ​ចិន​នាំ​មក​នូវ​ទាំង​ក្ដី​សង្ឃឹម​និង​ទាំង​ការបារម្ភ

ហោ ណាំហុង ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រធាន​បក្ស​សមរង្ស៊ី​ទៅ​តុលាការ​បារាំង

សមាជិក​បក្ស​ហ៊្វុនស៊ិនប៉ិច​១០០​នាក់​នៅ​កំពង់ឆ្នាំង​ចុះចូល​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស

មេ​ឃុំ​បក្ស​ប្រជាជន​នៅ​ពោធិ៍សាត់​រង​ការចោទ​ថា​មិន​ឲ្យ​បក្ស​សមរង្ស៊ី​ប្រជុំ

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉ៃលិន

ហ៊ុន សែន នឹង​ចុះ​ចេញ​ពី​តំណែង​ដោយ​សន្តិវិធី​បើ​បក្ស​ប្រជាជន​ចាញ់

ឯកអគ្គរដ្ឋទូត​ស.រ.អា.​ចង់​ឃើញ​សម្ដេចក្រុមព្រះ​យាង​ត្រឡប់​មក​វិញ

សួន សេរីរដ្ឋា ឆ្លើយតប​នឹង​ការចោទ​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង