សង្គម​ស៊ីវិល​ព្រមាន​ពី​អស្ថិរភាព​សង្គម​ដោយសារ​តុលាការ​អយុត្តិធម៌

ការ​កាត់​ទោស​សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ គឺ​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​ព្រមាន​រដ្ឋាភិបាល​ឲ្យ​គិតគូរ​ពី​អស្ថិរភាព​សង្គម ព្រោះ​តែ​តុលាការ​អយុត្តិធម៌។
ដោយ វណ្ណ វិចារ
2012-12-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា ៣០៥
ស្ត្រី​បឹងកក់​ម្នាក់​នេះ កំពុង​អង្គុយ​យំ​ក្បែរ​ជើង​របស់​សមត្ថកិច្ច​ដែល​ឈរ​ការពារ​មិន​ឲ្យ​ក្រុម​អ្នក​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា សម្រុក​ចូល​ទៅ​ខាង​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Morm Moniroth

ស្រប​ពេល​នេះ​ដែរ អ្នក​ច្បាប់​ជំរុញ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល​បន្ថែម​ពី​ក្រមសីលធម៌​ដល់​ចៅក្រម ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​សេចក្ដី​ប្រកប​ដោយ​យុត្តិធម៌។

សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន​សំដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​ដឹង​ដំណឹង​ថា សាលក្រម​ស្ថាពរ​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ទោស​សកម្មជន​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី ឲ្យ​ជាប់​គុក​ម្នាក់ៗ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ចំនួន ៦០​លាន​រៀល​ទៅ​ឲ្យ​ភាគី​ដើម​បណ្ដឹង។ ការ​សម្រេច​សេចក្ដី​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ស្នេហា​សិទ្ធិ​មនុស្ស ហៅ​ថា​ជា​ការ​សម្រេច​សេចក្ដី​ដ៏​ប្រថុយប្រថាន និង​មាន​ករណី​គួរ​ឲ្យ​សង្ស័យ​ជាច្រើន។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២៨ ធ្នូ មាន​ប្រសាសន៍​ថា តាម​រយៈ​សវនាការ គេ​សង្កេត​ឃើញ​ថា មាន​ចំណុច​អវិជ្ជមាន ៣ សំខាន់ៗ ដែល​ចៅក្រម​ហាក់​មិន​បាន​ធ្វើ​ការ​ពិចារណា ដូចជា​ជន​រងគ្រោះ ​យាយ​ពី​ពេល​វេលា​កើត​ហេតុ ការ​ចង្អុល​បង្ហាញ​ពី​តួនាទី​អ្នកស្រី យ៉ោម បុប្ផា ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស និង​ការ​សម្រេច​ពិន័យ​ជា​ប្រាក់​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ត្រូវ​ចោទ។

លោក​បន្ត​ថា ចំណុច​ដែល​សង្ស័យ​មួយ​ទៀត​នោះ គឺ​ស្ត្រី​ជាប់​ទោស​មាន​តួនាទី​សំខាន់ និង​ចេញ​មុខ​ខ្លាំង​ជាង​គេ​ក្នុង​ការ​តវ៉ា​ឲ្យ​ដោះលែង​ស្ត្រី​បឹងកក់​ទាំង ១៣​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ដាក់​គុក​នៅ​ពេល​កន្លង​ទៅ។

លោក អ៊ូ វីរៈ បញ្ជាក់​ថា ការ​សម្រេច​សេចក្ដី​មាន​ភាព​អយុត្តិធម៌ នឹង​ក្លាយ​ជា​កត្តា​ចម្បង​បំផុត​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​សង្គម​ទៅ​ថ្ងៃ​មុខ៖ «ក្នុង​សវនាការ ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​កណ្ដាល... កណ្ដាល​វាល​មែន​ទែន។ ខ្ញុំ​ចេះ​តែ​រំលឹកៗ​ថា ប្រព័ន្ធ​តុលាការ​ត្រូវ​ទាក់ទាញ​ការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ បើ​សិន​ជា​អត់​ទេ នឹង​នាំ​សង្គម​មួយ​ប្រេះឆា។ ខ្ញុំ​រំលឹក​ហ្នឹង មិន​ចង់​ឲ្យ​សង្គម​ប្រេះឆា សង្គម​មួយ​មាន​ជម្លោះ​គេ​មាន​តុលាការ​មួយ​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​ជម្លោះ​មួយ​ក្លាយ​ទៅ​ជា​ហិង្សា សង្គម​ដែល​តុលាការ​មិន​គួរ​ជា​ទី​ទុក​ចិត្ត​នឹង​នាំ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង អស្ថិរភាព​ក៏​កើត​ឡើង​ដែរ»

លោក អ៊ូ វីរៈ បន្ត​ថា លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​ត្រិះរិះ​ពិចារណា​មើល​ករណី​តូច​មួយ​ដែល​ជន​រង​គ្រោះ​និយាយ​ថា ខ្លួន​គាត់​ត្រូវ​គេ​វាយ​សន្លប់ តែ​បែរ​ជា​ប្រាប់​តុលាការ​ថា អ្នកស្រី យ៉ោម បុប្ផា ជា​អ្នក​ចង្អុល​បញ្ជា​ឲ្យ​អ្នក​ផ្សេង​វាយ​ទៅ​លើ​ក្រុម​ខ្លួន​ទៅ​វិញ។

លោក អ៊ូ វីរៈ ដាក់​សំណួរ​សួរ​ទៅ​វិញ​ថា តើ​អ្នក​សន្លប់​ពិត​ជា​បាន​ដឹង​ច្បាស់​នូវ​ហេតុការណ៍​ដែល​កើត​មាន​ជុំវិញ​ខ្លួន ឬ​យ៉ាង​ណា?

ទន្ទឹម​នឹង​នេះ ជន​ជាប់​ចោទ​ម្នាក់​ទៀត​ដែល​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ត្រូវ​ជា​ប្តី​របស់​អ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន បញ្ជាក់​ថា លោក​មិន​បាន​ជួប​ប្អូន​ថ្លៃ​ដែល​មាន​ទំនាស់​ជាមួយ​ជន​រងគ្រោះ​ចំនួន​ជាង ៣​ឆ្នាំ​មក​ហើយ ហើយ​លោក​និង​ប្រពន្ធ ក៏​មិន​បាន​បញ្ជា​ឲ្យ​ប្អូន​ថ្លៃ​ទៅ​វាយ​ដើម​បណ្ដឹង​ដែរ។

លោក លួស សាខន បន្ត​ថា ជន​រងគ្រោះ​ក៏​មិន​បាន​ប្រាប់​តុលាការ​ថា ខ្លួន​ត្រូវ​ក្រុម​គ្រួសារ យ៉ោម បុប្ផា វាយ​ឡើយ ប៉ុន្តែ​តុលាការ​បែរ​ជា​សម្រេច​ផ្ដន្ទាទោស​យ៉ាង​អយុត្តិធម៌​ទៅ​វិញ៖ «ជន​រងគ្រោះ​ដែល​បាន​ឡើង​សវនាការ​បាន​បញ្ជាក់​ថា ក្នុង​យប់​នោះ គឺ​មាន​តែ​គេ និង​ពួកម៉ាក​គេ​ទេ​ដែល​អង្គុយ​នៅ​ក្នុង​តៀមស្រា​ហ្នឹង គ្មាន​អ្នក​ណា​អង្គុយ​នៅ​ទី​នោះ​ហ្នឹង ហើយ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ ក៏​មិន​បាន​មាន​នៅ​ក្នុង​កន្លែង​កើត​ហេតុ​ហ្នឹង​ទេ គេ​បាន​បញ្ជាក់​អ៊ីចឹង​នៅ​ក្នុង​តុលាការ»

ចំណែក​ឯ​ពលរដ្ឋ​ម្នាក់​ឈ្មោះ​លោក វីរៈ រស់​នៅ​រាជធានី​ភ្នំពេញ បាន​ទូរស័ព្ទ​ចូល​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី បាន​បង្ហាញ​ទស្សនៈ​ថា តាម​ស្ដាប់​អង្គហេតុ និង​ដំណើរ​រឿង លោក​យល់​ថា អ្នកស្រី យ៉ោម បុប្ផា មិន​គួរ​ណា​ត្រូវ​តុលាការ​ផ្ដន្ទាទោស​នោះ​ទេ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ក្រីក្រ​នឹង​ត្រូវ​ជាប់​គុក​ជា​បន្ត​ទៀត​ដោយសារ​តុលាការ​មិន​យុត្តិធម៌៖ «ដរាបណា​មិន​មាន​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ហ្នឹង​ទេ ពលរដ្ឋ​ក្រីក្រ​ចាំ​តែ​ជាប់​គុក​ទៅ ហើយ​រដ្ឋាភិបាល​ហ្នឹង​ចាំ​តែ​ពង្រីក​គុក​អ៊ីចឹង​ទៅ។ អ៊ីចឹង​គិត​ឲ្យ​មែន​ទែន ព្រោះ​ជិត​បោះ​ឆ្នោត​ហើយ​នៅ​តែ​មាន​បញ្ហា​សម្រាប់​អ្នក​ក្រ»

ចំណែក​ឯ​ក្នុង​ទំព័រ​បញ្ចេញ​ទស្សនៈ​របស់​វិទ្យុ​អាស៊ីសេរី​វិញ អ្នក​អាន​ម្នាក់​មក​ពី​ខេត្ត​សៀមរាប ឈ្មោះ ភ្នំបូក បាន​ដាក់​ជា​សំណួរ​ថា តើ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ស្រុក​ខ្មែរ​អាច​ជួយ​លោក សុក សំអឿន លោក ប៊ន សំណាង លោក សម រង្ស៉ី លោក ម៉ម សូណង់ដូ អ្នកស្រី យ៉ោម បុប្ផា និង​អ្នក​ទោស​នយោបាយ​ផ្សេងៗ​ទៀត អោយ​មាន​សេរីភាព​បាន​ទេ? ព្រោះ​គ្មាន​អ្នក​ណា​ជួយ​ពួក​គាត់​បាន​ទេ។ អំពើ​អយុត្តិធម៌​នៅ​ស្រុក​ខ្មែរ​មិន​អាច​ដោះស្រាយ​បាន​ទេ មាន​តែ​អន្តរជាតិ​ទេ សូម​ជួយ​ផងៗ!។

ទោះ​យ៉ាង​ណា​ក្តី លោក វ៉ាត ថៃសេង និង​លោក ង៉ែត ចិត្ត ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នេះ និយាយ​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី យ៉ោម បុប្ផា មាន​ចេតនា​ចង់​សម្លាប់​ពួក​គាត់ ដោយ​ប្រើ​ពូថៅ និង​ទួរណឺវីស ក្រោម​បទ​ចោទ​ថា ពួក​គេ​បាន​លួច​កញ្ចប់​រថយន្ត​របស់​អ្នកស្រី យ៉ោម បុប្ផា។

ប្រធាន​សមាគម​រួម​គ្នា​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​គាំទ្រ​ការ​ផ្ដន្ទាទោស​ទៅ​លើ​អ្នកស្រី យ៉ោម បុប្ផា គឺ​លោក ឯ សុភាស់ ថ្លែង​ថា ការ​សម្រេច​សេចក្ដី​របស់​តុលាការ​ពិត​ជា​យុត្តិធម៌​សម្រាប់​ក្រុម​លោក ។

លោក​បន្ត​ថា លោក​ស្នើ​ឲ្យ​តុលាការ​តាម​ចាប់​ខ្លួន​ប្អូន​ជន​ជាប់​ចោទ​ពីរ​នាក់​ផ្សេង​ទៀត ដែល​នៅ​ក្រៅ​ឃុំ​យក​មក​ដាក់​ទោស​ឲ្យ​បាន៖ «យ៉ាង​ម៉េច​ក៏​ដោយ បើ​ភាគី​គេ​ចង់​ឧទ្ធរណ៍ ជា​សិទ្ធិ​សេរីភាព​របស់​តុលាការ ប៉ុន្តែ​ក្នុង​ពេល​នេះ​ជា​លទ្ធផល​យុត្តិធម៌ អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​នៅ​ពេល​នេះ ចង់​ប្រាប់​ថា ពួក​យើង​ខ្ញុំ​ក៏​មាន​សិទ្ធិ​ដូច​គេ​ឯង​ដែរ»

បើ​ទោះ​ជា​មាន​ការ​គាំទ្រ​ពី​សំណាក់​សមាគម​រួម​គ្នា​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្តី ក៏​សង្គម​ស៊ីវិល​ដែល​សកម្ម​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ដដែល ព្រោះ​ថា ក្នុង​អង្គ​សវនាការ​ពិត​ជា​មិន​បាន​បង្ហាញ​ភស្តុតាង​ណា​មួយ​ច្បាស់លាស់ ដើម្បី​ដាក់​បន្ទុក​ជន​សង្ស័យ​នោះ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ការ​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ណា​មួយ តុលាការ​ត្រូវ​តែ​រក​ឃើញ​នូវ​គ្រប់​ចំណុច​ទាំង​ឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី។

លោក​បន្ត​ថា បើ​សិន​ជា​មាន​ចំណុច​សង្ស័យ​ណា​មួយ តុលាការ​មិន​អាច​ដាក់​ទោស​ជន​ជាប់​ចោទ​បាន​ទេ ព្រោះ​ច្បាប់​កម្ពុជា ចែង​ថា វិមតិ​សង្ស័យ​ត្រូវ​បាន​ទៅ​លើ​ជន​សង្ស័យ ប៉ុន្តែ​ពេល​ខ្លះ​តុលាការ​កម្ពុជា បែរ​ជា​យក​វិមតិ​សង្ស័យ​ទៅ​ដាក់​ទោស​ជន​សង្ស័យ​ទៅ​វិញ ដែល​មិន​ត្រឹមត្រូវ​តាម​ស្មារតី​ច្បាប់​នោះ​ឡើយ។

លោក សុក សំអឿន៖ «វិមតិ​សង្ស័យ​ត្រូវ​បាន​ទៅ​លើ​ជន​ជាប់​ចោទ និង​ត្រូវ​បាន​ទៅ​លើ​ជន​សង្ស័យ អ៊ីចឹង​យើង​អត់​យល់​ទេ ហេតុ​ដូច​នេះ​ទាមទារ​ឲ្យ​មាន​ការ​អប់រំ​ចៅក្រម ដូច​យើង​សម័យ ប៉ុល ពត ហ្នឹង ជាប់​អី​តិច​វៃ​ចោល​ហើយ»

យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​តែ​សង្ស័យ​ថា ការ​សម្រេច​សេចក្ដី​ទៅ​លើ​ស្ត្រី​បឹងកក់ ជា​ករណី​រៀបចំ​ទុក​ជា​មុន និង​សំដៅ​ដាក់​ទោសទណ្ឌ​អ្នក​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី។ លោក​បន្ត​ថា ប្រព័ន្ធ​គ្រប់គ្រង​តុលាការ​សព្វថ្ងៃ ពិត​ជា​នាំ​មក​នូវ​ភាព​អយុត្តិធម៌​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ទាក់ទិន​នឹង​ការ​សម្រេច​សេចក្ដី​លើ​ករណី​ស្ត្រី​បឹងកក់​នេះ អង្គការ និង​សមាគម​ចំនួន ១៧ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ភ្លាមៗ ជំរុញ​ឲ្យ​បញ្ចប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​ដីធ្លី និង​គួរ​តែ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ជា​បន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ។

សេចក្ដី​ថ្លែងការណ៍​បាន​កត់​សម្គាល់​នូវ​ចំណុច​គួរ​ឲ្យ​សង្ស័យ ពិសេស​គឺ​ភស្តុតាង និង​សាក្សី​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Justice or or injustice depends on the Cambodian court which under the HUN SEN and his offspring in their ruling party. They can make up everything every time, every case if they think that they have to do so. Therefore, there is no justice for the poor and the weak.

The Cambodian court is created to crack down any individual or group who dare to say or express ideas under HUN SEN leadership, even though, those individuals have not done any thing wrong. But they do something that HUN SEN and his subordinates think it is against them, they will soon arrest and send to jail and then they make up the story to support it.

Jan 02, 2013 10:16 AM

Pheak

ពី Nagoya

You still can laugh because it does not happen to you or you are so powerful that such a thing will never happen to you or family members. If she were your family member, your wife or daughter, how would you feel? The country reputation in the global arena is deteriorating because of the current leadership.

Dec 30, 2012 09:15 PM

Khmer Farmer

Sopha is right. I support him.

Dec 30, 2012 06:08 PM

polong

When Hun Hen still Prime minister NO fair Justic in Cambodia.don't be fool

Dec 30, 2012 01:54 PM

Vichet

ពី Kg Cham

នេះជាល្បិចដែលគេរៀបចំសំរាប់ទំលាក់កំហុសលើអ្នកស្រី យ៉ោម បុប្ផា្ ដែលយាយផាន បានគិតទុក និងជួលមនុស្សអោយធ្វើ រឿងនេះ វាយមួយគំរាមទាំងអស់អ្នកតវ៉ានៅបឹងកក់។ ខ្មែរយើងក្រប្រាំយ៉ាង ក្រកិច្ច ក្រកល ក្រយល់ ក្រដឹង ក្រវ័យ ឆ្នៃទាស់។

Dec 30, 2012 08:13 AM

មើល​មតិ​ទាំង​អស់.