ក្នុងឱកាសជួបជុំគ្នានេះ ក្រុមគ្រូបង្រៀនបានស្នើឲ្យរដ្ឋាភិបាល ឲ្យគិតគូរដល់ជីវភាពរស់នៅរបស់ពួកគាត់ និងសុំឲ្យដំឡើងប្រាក់បៀវត្សរ៍ជូនពួកគាត់។
"យើងប្រកាន់ជំហរ ដើម្បីគ្រូបង្រៀន" គឺជាប្រធានបទនៃទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ។ ដើម្បីអបអរទិវានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំការជួបជុំគ្នាមានមនុស្សជាង ២០០នាក់ចូលរួម។
លោក រ៉ុង ឈុន ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកបានយកវេទិកានេះទាមទារឲ្យរដ្ឋាភិបាលជួយគិតគូរពីជីវភាពគ្រូបង្រៀន និងស្នើឲ្យដំឡើងបៀវត្សរ៍ជូនពួកគាត់ឲ្យបាន ១លានរៀលក្នុង១ខែ ចាប់ពីដើមឆ្នាំ២០១៣ តទៅ៖ «ចង់ឲ្យក្រសួងអប់រំ និងរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណា ដើម្បីដំឡើងប្រាក់ខែទាបបំផុត ១លានរៀលក្នុង១ខែ និងផ្តល់សិទ្ធិជូនគ្រូបង្រៀន។ លក្ខខណ្ឌការងារល្អប្រសើរ ជាពិសេសសិទ្ធិក្នុងការបង្កើតសហជីព និងការចរចាជាសមូហភាព»។
លោកថា សព្វថ្ងៃនេះប្រាក់បៀវត្សរ៍គ្រូបង្រៀនពីកម្រិតបឋម ដល់កម្រិតវិទ្យាល័យ ជាមធ្យមទទួលបានចន្លោះជាង ២០ម៉ឺនរៀល ទៅជាង ៤០ម៉ឺនរៀលទេ ក្នុង១ខែ។ លោកថា ចំនួននេះមិនអាចជំរុញឲ្យជីវភាពរបស់គ្រួសារគ្រូបង្រៀនរស់នៅមានកិត្តិយសទេ និងបង្ខំចិត្តបង្កើតមុខរបរបន្ថែម ដើម្បីបង្គ្រប់ការចំណាយ។
ពិធីនោះ ក៏មានតំណាងគ្រូបង្រៀនចំនួន ១៥នាក់ ដើរហែក្បួនយកញត្តិស្នើដំឡើងប្រាក់ខែដាក់ជូនរដ្ឋសភា ខុទ្ទកាល័យប្រមុខដឹកនាំ និងក្រសួងអប់រំយុវជន និងកីឡា ផងដែរ។
ខ្លឹមសារក្នុងញត្តិនោះ លើកឡើងពីកង្វល់គ្រូបង្រៀន និងបានស្នើឲ្យរដ្ឋាភិបាលដំឡើងឯកកត្តាសន្ទស្សន៍នៃបៀវត្សរ៍មូលដ្ឋានមន្ត្រីរាជការស៊ីវិល ឬគ្រូបង្រៀន ឲ្យបាន ៦.៧០០រៀល ក្នុងមួយសន្ទស្សន៍ ចាប់ពីឆ្នាំ២០១៣។ សុំឲ្យយកប្រព័ន្ធធនាគារសម្រាប់បើកប្រាក់ខែគ្រូ និងថវិកាសាលារៀន។ ស្នើបង្កើតផ្នែកស៊ើបអង្កេត នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងក្រសួងអប់រំ ដើម្បីពិនិត្យអំពើពុករលួយក្នុងស្ថាប័ននេះ។ ត្រួតពិនិត្យសេវាបង់ប្រាក់ក្រៅផ្លូវការជាដើម។
ក្រុមគ្រូបង្រៀនមកពី ១៦រាជធានី-ខេត្ត បានលើកឡើងដូចគ្នា ដោយសំណូមពរឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ជូនគ្រូបង្រៀនឲ្យបាន ១លានរៀលក្នុង១ខែ។
ទោះយ៉ាងណា មិនទាន់មានការឆ្លើយតបបែបណាពីមន្ត្រីរដ្ឋាភិបាលភ្លាមៗ ជុំវិញសំណើដំឡើងប្រាក់បៀវត្សរ៍របស់គ្រូបង្រៀននៅឡើយទេ នៅថ្ងៃទី៥ ខែតុលា។ ប៉ុន្តែ តំណាងក្រសួងអប់រំខុទ្ទកាល័យប្រមុខដឹកនាំ និងតំណាងរដ្ឋសភា បានទទួលយកញត្តិរបស់គ្រូបង្រៀនរួចហើយ។
សមាគមគ្រូបង្រៀនរំពឹងថា ស្ថាប័នរដ្ឋសភា រដ្ឋាភិបាល និងក្រសួងអប់រំ នឹងរកនូវដំណោះស្រាយ ដើម្បីលើកកម្ពស់ជីវភាពគ្រូបង្រៀន និងគុណភាពអប់រំនាថ្ងៃអនាគត។
លោក រ៉ុង ឈុន ឲ្យដឹងថា សព្វថ្ងៃនេះបញ្ហាប្រឈមចម្បងរបស់គ្រូបង្រៀន ដែលនាំឲ្យប៉ះពាល់ដល់សមត្ថភាពការងាររបស់ពួកគាត់ គឺបញ្ហាប្រាក់បៀវត្សរ៍តិចតួចចាយមិនគ្រប់៖ «ការបង្រៀនមិនបានយកចិត្តទុកដាក់ដល់សិស្សានុសិស្ស គឺគន្លឹះមកពីបញ្ហាប្រាក់បៀវត្សរ៍។ យើងត្រូវតែធ្វើយុទ្ធនាការលុបបំបាត់មុខរបរ។ ទី២ របស់គ្រូបង្រៀន ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ត្រូវយកចិត្តទុកដាក់ និងបែរមកវិនិយោគទុនលើវិស័យអប់រំ និងគ្រូបង្រៀនឲ្យបានច្រើន»។
ទាក់ទិនបញ្ហានេះ រាជរដ្ឋាភិបាលប៉ុន្មានឆ្នាំចុងក្រោយ បានដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការចំនួន ២០% ក្នុង១ឆ្នាំ បន្ថែមពីលើប្រាក់បៀវត្សរ៍។ ប៉ុន្តែ ប្រាក់បន្ថែម ២០% ត្រូវគ្រូបង្រៀនទិតៀនថា មិនអាចលើកស្ទួយស្ថានភាពគ្រួសារមន្ត្រីរាជការ និងគ្រូបង្រៀន មានជីវភាពធូរធារទេ ព្រោះថា តម្លៃទំនិញលើទីផ្សារ ពិសេសប្រេងឥន្ធនៈ បន្តកើនតម្លៃខ្ពស់ជារៀងរាល់ថ្ងៃ។
គ្រូបង្រៀនសរុបនៅទូទាំងប្រទេសកម្ពុជា មានជាង ១០ម៉ឺន ៤ពាន់នាក់។ គ្រូបឋម ទទួលបានប្រាក់បៀវត្សរ៍ជាមធ្យមក្នុង១ខែ មានជាង ២០ម៉ឺនរៀល។ គ្រូមធ្យម ទទួលបានជាង ៣០ម៉ឺនរៀល និងគ្រូកម្រិតវិទ្យាល័យ ទទួលបានជាង ៤០ម៉ឺនរៀលក្នុង១ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។