កំណើនវិនិយោគវៀតណាម មានការកើនឡើងគួរឲ្យកត់សម្គាល់នៅចុងក្រោយនេះ ដែលបានសម្លឹងឃើញឱកាសកាន់តែច្រើននៅក្នុងការបណ្ដាក់ទុននៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការវិនិយោគរបស់វៀតណាម ដូចជាការបង្កើតក្រុមហ៊ុនផលិតជីកសិកម្មនៅកម្ពុជា នឹងផ្ដល់ចំណេញយ៉ាងច្រើនសម្រាប់កាត់បន្ថយការហូរចេញរូបិយប័ណ្ណចេញទៅក្រៅប្រទេសលើការទិញជីមកបម្រើឲ្យវិស័យកសិកម្ម។ ទោះបីជាមានអត្ថប្រយោជន៍ក្ដី ប៉ុន្តែលោក ហ៊ុន សែន ព្រមានក្រុមហ៊ុនវៀតណាម នោះ ឲ្យអនុវត្តស្របទៅតាមសេដ្ឋកិច្ចទីផ្សារសេរី។
ទោះជាយ៉ាងណា ក្រៅពីក្រុមហ៊ុនផលិតជីវៀតណាម ទើបនឹងបង្កើតនេះ ក៏មានក្រុមហ៊ុនវៀតណាម ជាច្រើនទៀតដែលមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលអ្នកវិភាគផ្នែកកសិកម្មយល់ថា ការវិនិយោគរបស់វៀតណាម នឹងផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដល់កសិករ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។
ការអះអាងផ្ទុយគ្នានេះធ្វើឡើងរវាងអ្នកធ្វើគោលនយោបាយលើកកម្ពស់វិនិយោគ និងស្ថាប័នអន្តរជាតិនានា ថាការវិនិយោគបរទេសលើផ្នែកកសិកម្មស្ថិតនៅភាពមិនច្បាស់នៅឡើយ។ ការកើនឡើងការវិនិយោគបរទេសលើផ្នែកកសិកម្មនៅប្រទេសកម្ពុជា ជាពិសេសលើផ្នែកកសិឧស្សាហកម្ម ដូចជាកៅស៊ូ ដំឡូងមី អំពៅ និងពោតជាដើម ដែលបង្ហាញអំពីក្ដីកង្វល់ ថាការវិនិយោគបែបនោះនឹងជះឥទ្ធិពលអាក្រក់ដល់ជីវភាពសហគមន៍ បរិស្ថាន និងសន្តិសុខស្បៀង។
អ្នកវិភាគកំណែគម្រោងទម្រង់ដីធ្លី និងដីសម្បទានសេដ្ឋកិច្ច លោក អ៊ូច ឡេង មានប្រសាសន៍ថា ការអភិវឌ្ឍដោយផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេស នឹងផ្ដល់ការរីកចម្រើនដល់ប្រទេសកម្ពុជា បើការអភិវឌ្ឍនោះអនុវត្តស្របទៅតាមផែនការដែលបានស្នើសុំ ប៉ុន្តែលោកបញ្ជាក់ថា ជាក់ស្ដែងការអនុវត្តលើការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនបរទេសទាំងនោះ មិនមានប្រសិទ្ធភាពឡើយ។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍកម្ពុជា ប្រចាំឆ្នាំ២០១២ អំពីការវិនិយោគបរទេសលើផ្នែកកសិកម្មនៅប្រទេសកម្ពុជា បានបង្ហាញថា ដោយសារតែភាពខ្វះខាតឯកសារនៃការអនុវត្តគ្រប់គ្រាន់របស់គម្រោងវិនិយោគបរទេសទាំងនោះ បានបង្កការលំបាកជាច្រើនក្នុងការសិក្សាពីការបង្កើតការងារជាក់ស្ដែង ការបង្កើតចំណូល និងអត្ថប្រយោជន៍ផ្សេងៗដល់ប្រទេសកម្ពុជា។ ដូចច្នេះការវិនិយោគខ្នាតធំលើវិស័យកសិកម្មក្នុងដីសម្បទានសេដ្ឋកិច្ច ប៉ះពាល់ដល់កម្រិតនៃការបំផ្លាញព្រៃឈើ ដែលជាប្រភពគ្រួសារនៅជនបទពឹងផ្នែកសម្រាប់រកចំណូល។
របាយការណ៍ដដែលបានបញ្ជាក់ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចចាប់ពីឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន មានផ្ទៃដីចំនួនជាង ១លានហិកតារ ដែលកំពុងដំណើរការ ប៉ុន្តែផ្ទៃដីប្រមាណ ១សែនហិកតារត្រូវបានផ្អាក និងលុបចោលវិញ នៅក្នុងរយៈពេលដូចគ្នា ហើយប្រទេសដែលមានគម្រោងដីសម្បទានសេដ្ឋកិច្ចច្រើនជាងគេ គឺប្រទេសចិន និងប្រទេសវៀតណាម សរុបមានចំនួន ២៤គម្រោង ក្នុងនោះមានគម្រោងចំនួន ៩ មិនបានរាយការណ៍។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូច ឡេង មានប្រសាសន៍ថា ដីសម្បទានសេដ្ឋកិច្ចគួរតែចាប់ផ្ដល់ដល់ប្រជាជនមូលដ្ឋានជាអ្នកអភិវឌ្ឍវិញទើបជាការប្រសើរ មានន័យថា ការអភិវឌ្ឍនោះអាចនឹងទទួលចំណូល ៥ដង ជាងក្រុមហ៊ុនយកទៅអភិវឌ្ឍដែលមានកម្រិតប្រឈមខ្ពស់។
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត ហង្ស ជួនណារ៉ុន បានអះអាងថា ការអភិវឌ្ឍត្រូវចាប់ផ្ដើមទាំងពីរ គឺចាប់ផ្ដើមលើការលើកកម្ពស់ប្រជាពលរដ្ឋ និងការលើកទឹកចិត្តដោយក្រុមហ៊ុនធំៗក្នុងការអភិវឌ្ឍលើវិស័យនានា នៅប្រទេសកម្ពុជា។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបង្ហាញថា គិតត្រឹមឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១២ គម្រោងវិនិយោគរបស់វៀតណាម ដែលបានចុះបញ្ជីសរុបមានចំនួនជិត ៤០០លានដុល្លារអាមេរិក ភាគច្រើនផ្ដោតលើវិស័យកសិកម្ម។ របាយការណ៍ដដែលបង្ហាញថា ការវិនិយោគបរទេសដែលផ្ដោតសំខាន់លើវិស័យកសិកម្ម គឺមានប្រទេសវៀតណាម និងប្រទេសចិន ដែលមានទឹកប្រាក់ជិត ៦០០លានដុល្លារអាមេរិក នៅរយៈពេល ១០ឆ្នាំចុងក្រោយ។
ទោះជាយ៉ាងណា បើទោះជាមានការអភិវឌ្ឍដោយទឹកប្រាក់ច្រើនលើការវិនិយោគលើដីសម្បទានសេដ្ឋកិច្ច និងវិស័យកសិកម្មក៏ដោយ ប៉ុន្តែអ្នកវិភាគដីធ្លីនៅកម្ពុជា លោក អ៊ូច ឡេង នៅតែអះអាងថា ក្រុមហ៊ុនទាំងនោះតែងតែសម្លឹងឃើញផលប្រយោជន៍ធម្មជាតិ ដូចជាការទន្ទ្រានព្រៃឈើ ជាជាងការអនុវត្តស្របទៅតាមផែនការជាក់ស្ដែងរបស់ខ្លួន។
ការស្រាវជ្រាវដោយទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានរបស់ប្រទេសអង់គ្លេស បានបង្ហាញថា ប្រទេសកម្ពុជា ជាប្រទេសមួយនៅអាស៊ីដែលនាំចេញឈើខុសច្បាប់ទៅបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។