បក្ស​ប្រឆាំង​គ្រោង​បង្កើត​គណៈកម្មាធិការ​សភា​អន្តរជាតិ

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី គ្រោង​នឹង​បង្កើត​គណៈកម្មាធិការ​សភា​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​ប្រជាធិបតេយ្យ​សេរី​នៅ​កម្ពុជា។ នេះ​ជា​ផែនការ​ទីពីរ បន្ទាប់​ពី​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ កាល​ពី​ខែ​កក្កដា នៅ​ទីក្រុង​ម៉ានីល (Manila) រួច​មក។
ដោយ វណ្ណ វិចារ
2012-09-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មន្ត្រី​គណបក្ស សម រង្ស៉ី អះអាង​ថា ការ​បង្កើត​គណៈកម្មាធិការ​សភា​អន្តរជាតិ ដោយ​សារ​កន្លង​មក ពលរដ្ឋ​ជាច្រើន​លាន​នាក់​មាន​ការ​លំបាក​ក្នុង​ការ​បោះ​ឆ្នោត ដោយ គ.ជ.ប មិន​អព្យាក្រឹត្យ។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​បែប​នេះ​របស់​គណបក្ស​ប្រឆាំង។

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី និង​សមាជិក​សភា​ជាច្រើន​ប្រទេស​ទៀត គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១២ ខាង​មុខ ដើម្បី​បង្កើត​គណៈកម្មាធិការ​សភា​អន្តរជាតិ (IPCDEC)។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៉ី ពន្យល់​ថា មូលហេតុ​ដែល​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង មក​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​ទៅ មិន​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិត​ប្រាកដ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​សភា​អន្តរជាតិ​នឹង​អំពាវនាវ​ឲ្យ​តំណាង​រាស្ត្រ​នៅ​លើ​ពិភពលោក រួម​គ្នា​ជា​សមាជិក ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​យ៉ាង​ពិត​ប្រាកដ​នៅ​កម្ពុជា។

លោក​បញ្ជាក់​ទៀត​ថា មេ​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ ឡើង​កាន់​អំណាច​ដោយ​សារ​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ នាំ​ឲ្យ​មាន​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម៖ «សព្វថ្ងៃ​នេះ ទាំង​បញ្ហា​ព្រំដែន អំពើ​ពុក​រលួយ ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​លក់​ទ្រព្យ​សម្បត្តិ​ជាតិ​ដោយ​មិន​ទទួល​ខុស​ត្រូវ ដោយ​យល់​ឃើញ​ភាព​ចាំបាច់​ហ្នឹង ទើប​គណបក្ស សម រង្ស៉ី ជំរុញ​ឲ្យ​បង្កើត​គណៈកម្មាធិការ​សភា​អន្តរជាតិ​នេះ​ឡើង»

លោក យឹម សុវណ្ណ បន្ត​ថា ការ​បង្កើត​គណៈកម្មាធិការ​សភា​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ខាង​មុខ នឹង​មាន​ការ​ចូល​រួម​ពី​សមាជិក​សភា​អាមេរិក អឺរ៉ុប និង​ប្រទេស​ជាច្រើន​ទៀត​នៅ​តំបន់​អាស៊ី។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​បង្កើត​គណៈកម្មាធិការ​សភា​អន្តរជាតិ របស់​គណបក្ស សម រង្ស៉ី ជា​សិទ្ធិ​របស់​គណបក្ស​នេះ។ ប៉ុន្តែ ការ​លើក​ឡើង​របស់​គណបក្ស សម រង្ស៉ី ដែល​ថា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌​នោះ ជា​រឿង​ខុស​ឆ្គង​មួយ​ដែល​រដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​តែង​តែ​កោត​សរសើរ​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ «សហរដ្ឋអាមេរិក សភាព​អឺរ៉ុប បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​បោះ​ឆ្នោត។ ទោះ​យ៉ាង​ណា គណបក្ស​ប្រឆាំង​តែង​តែ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត នេះ​ជា​រឿង​របស់​គាត់​ផ្ទាល់»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក ទេព នីថា មន្ត្រី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១២។ ប៉ុន្តែ​កន្លង​មក លោក ទេព នីថា ធ្លាប់​មាន​ប្រសាសន៍​ថា គ.ជ.ប ធ្វើ​ការ​ដោយ​ឯករាជ្យ និង​មិន​លំអៀង​ទៅ​គណបក្ស​ណា​មួយ​ឡើយ។

របាយការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Camfrel) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឲ្យ​ដឹង​ថា ភាព​សេរី​ក្នុង​ការ​បោះ​ឆ្នោត​នៅ​មាន​កម្រិត។ ពលរដ្ឋ​ជាច្រើន​មិន​ហ៊ាន​បញ្ចេញ​ជំហរ​គាំទ្រ​គណបក្ស​ប្រឆាំង ឬ​រិះគន់​បក្ស​កាន់​អំណាច​ឡើយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។

ករណី​គម្រាម​កំហែង​ទាំង​នោះ​មួយ​ចំនួន បាន​កើត​ឡើង​ដោយ​ប្រយោល ដូច​ជា មាន​ឃាតកម្ម​ផ្ទួនៗ​មុន​ការ​បោះ​ឆ្នោត ករណី​សម្លាប់​លោក ឈុត វុទ្ធី ជា​សកម្មជន​ការពារ​ព្រៃ​ឈើ និង​ករណី​បាញ់​សម្លាប់​កុមារី ហេង ចន្ថា នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជាដើម។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា យុត្តិធម៌​នៅ​ក្នុង​ការ​បោះ​ឆ្នោត ក៏​មិន​ត្រូវ​បាន​កែលំអ​ដែរ ដោយ គ.ជ.ប មិន​មាន​ឆន្ទៈ​នយោបាយ​ពេញលេញ​ក្នុង​ការ​កែលំអ​នីតិវិធី និង​ការ​ចាត់ចែង​ការងារ​តាម​និយាម​អន្តរជាតិ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ពាក្យចាស់លោកថា គេអាចវាស់ជម្រៅទឹកសមុទ្ទបានតែគេ
មិនអាចវាស់ជម្រៅចិត្តមនុស្សបានទេ ត្រង់នេះហើយបានជា
ខ្មុំជួនកាលគិតថាវាចឹងហើយតែជួនក៏គិតថាទេ តែបើទេម៉េច
ក៏ដាច់ចិត្តធើ្វឃាតកូនខ្មែរមិនញញើតដៃ??? ចឹងហើយហ្នឹង
គឺខ្មុំចង់និយាយថា នយោបាយរាជរដ្ឆាភិបាលប្រឹងធើ្វ
ដើម្បីអនាគតពលរដ្ឆយួនដែលកំពុងហូរចូលស្រុកខ្មែរ។
ដើម្បីរកយុទ្ធធម៍ជូនជនInnocenceលើពិភពលោកនេះតាម
ប្រទេសដែលគ្រប់គ្រងដោយជនផ្តាច់ការមានតែវិធីនេះទេ
បើគំនិតនេះអាចចេញជារូបរាង The innocence will live spontaneouly with the holy smile .

Sep 10, 2012 04:10 AM