ការស្ទង់មតិនោះបានចោទសំណួរជាច្រើនទៅប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ ចំនួន ២.០០០នាក់។
នៅថ្ងៃទី១០ ខែឧសភា អ្នកទទួលខុសត្រូវរបស់ អាយ.អា.អាយ បានធ្វើសន្និសីទកាសែតផ្សព្វផ្សាយលទ្ធផលស្ទង់មតិ ដែល អាយ.អា.អាយ បានធ្វើ។
លទ្ធផលការស្ទង់មតិរបស់អង្គការ អាយ.អា.អាយ លើការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ បានបង្ហាញថា មានប្រជាពលរដ្ឋចំនួន ៨៤% ក្នុងចំណោមអ្នកឆ្លើយសំណួរ ២.០០០នាក់ មានគម្រោងចូលរួមបោះឆ្នោត។ ចំណែកអ្នកឆ្លើយចំនួន ៣% បានឆ្លើយឲ្យដឹងថា ពួកគេប្រហែលជាមិនបានទៅចូលរួមបោះឆ្នោតនោះទេ ហើយ ១% បានឆ្លើយថា ពួកគេមិនចូលរួមការបោះឆ្នោតនោះទេ។
លោក ម៉ាត ឡាឃីន (Matt Lakin) មន្ត្រីកម្មវិធីរបស់ អាយ.អា.អាយ បានថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី១០ ខែឧសភា នៅសណ្ឋាគារសាន់វ៉េ នារាជធានីភ្នំពេញ ថា មនុស្សដែលបុគ្គលិកសម្ភាសន៍បានជួប ដោយសួរសំណួរថា តើអ្នកទំនងជាបានទៅបោះឆ្នោតកម្រិតណាដែរនៅពេលនោះ? ចំពោះចម្លើយទទួលបានមានដូចតទៅ គឺ ៨៤% ឆ្លើយថា ទំនងជាបានទៅច្រើន ១១% ឆ្លើយថា ទំនងជាបានទៅដែរ ៣% ឆ្លើយថា ទំនងជាមិនបានទៅទេ ១% ឆ្លើយថា ទំនងជាមិនបានទៅសោះ និង ១% ផ្សេងទៀតឆ្លើយថា មិនដឹង និងមិនឆ្លើយ។
ចំពោះសំណួរតើអ្នកទៅបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខដែរ ឬទេ? លទ្ធផលទទួលបានមានការបែងចែកទៅតាមអាយុផងដែរ។ អាយុអ្នកឆ្លើយទាំងនោះមានការបែងចែកជាក្រុមមនុស្ស មានក្រុមទី១ អាយុចាប់ពី ១៨ ទៅ ២៤ឆ្នាំ ក្រុមទី២ អាយុចាប់ពី ២៥ ទៅ ២៩ឆ្នាំ ក្រុមទី៣ អាយុចាប់ពី ៣០ ដល់ ៣៩ឆ្នាំ ក្រុមទី៤ អាយុចាប់ពី ៤០ ដល់ ៤៩ឆ្នាំ ក្រុមទី៥ អាយុចាប់ពី ៥០ ដល់ ៥៩ឆ្នាំ និងក្រុមទី៦ ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។
ទាក់ទងជាមួយការបោះឆ្នោត និងគណបក្សនយោបាយនេះ មានសំណួរមួយបានសួរថា ប្រសិនបើគណបក្សនយោបាយមួយបើកការប្រជុំនៅក្នុងភូមិ ឬ ឃុំរបស់អ្នក តើអ្នកគិតថា វាជាការគំរាមកំហែងទៅដល់សុវត្ថិភាពសាធារណៈដែរ ឬទេ?
អ្នកទទួលខុសត្រូវអង្គការ អាយ.អា.អាយ បានឲ្យដឹងថា ចម្លើយទទួលបានគឺអ្នកឆ្លើយ ៨៩% និយាយថា មិនមានការគំរាមកំហែងទេ ហើយ ១០% ឆ្លើយថា មានការគំរាមកំហែង និង ១% ឆ្លើយថា មិនដឹងទេ។
មានសំណួរផ្សេងទៀតទាក់ទងជាមួយការបោះឆ្នោតដែរ គឺការចុះឈ្មោះបោះឆ្នោត។ សំណួរបានចោទសួរថា តើអ្នកមានទំនុកចិត្តខ្លួនឯងប៉ុណ្ណាថាមានការយល់ដឹងចំពោះបែបបទនៃការចុះឈ្មោះបោះឆ្នោត?
ចម្លើយទទួលបានមានដូចតទៅ គឺ ៤២% ឆ្លើយថា មានការទុកចិត្ត និងយល់ដឹង ៤០% ឆ្លើយថា យល់ដឹងខ្លះដែរ ១៥% ឆ្លើយថា មិនសូវទុកចិត្ត និងមិនសូវយល់ដឹង ៣% ឆ្លើយថា មិនទុកចិត្ត និងមិនយល់ដឹង និង ០,៣% ឆ្លើយថា មិនដឹង។
ចំពោះសំណួរទាក់ទងមូលហេតុមិនទៅចុះឈ្មោះដើម្បីបោះឆ្នោត បានទទួលចម្លើយដូចតទៅ គឺមនុស្ស ៣១% ក្នុងចំណោមអ្នកឆ្លើយ បាននិយាយថា ពួកគេមិនបានដឹងព័ត៌មានអំពីការចុះឈ្មោះ ២៨% ឆ្លើយថា ពួកគេរស់នៅឆ្ងាយពីកន្លែងចុះឈ្មោះ ១៤% ឆ្លើយថា ពួកគេមិនចាប់អារម្មណ៍ការចុះឈ្មោះបោះឆ្នោត ៥% ឆ្លើយថា មិនមានកាតសម្គាល់ខ្លួន ៤% ឆ្លើយថា រវល់ពេក ៤% ឆ្លើយថា ចាស់ពេក ៤% ឆ្លើយថា មកពីឈឺ ៥% មិនឆ្លើយ និង៥% ផ្សេងទៀត ឆ្លើយថា បណ្ដាលមកពីមូលហេតុផ្សេងៗ។
ក្នុងការសួរឆ្លើយនោះ មានសំណួរមួយសួរថា តើធ្វើយ៉ាងណាដើម្បីឲ្យប្រព័ន្ធចុះឈ្មោះបោះឆ្នោតមានលក្ខណៈប្រសើរឡើង? ចម្លើយដែលទទួលបាន គឺ ៣៣% ឆ្លើយថា អនុញ្ញាតឲ្យកម្មករចំណាកស្រុកចុះឈ្មោះនៅកន្លែងគេកំពុងធ្វើការជាជាងឲ្យគេធ្វើដំណើរទៅផ្ទះនៅឯស្រុក ៣១% ឆ្លើយថា ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាជនគ្រប់រូបដោយមិនគិតថ្លៃ និងដោយមិនរើសអើងនយោបាយ ១៥% ឆ្លើយថា អនុញ្ញាតឲ្យប្រជាពលរដ្ឋចុះឈ្មោះនៅពេលណាក៏បាន ក្នុង ១ឆ្នាំ ដោយមិនចាំបាច់តែខែតុលា និង ៦% ឆ្លើយថា ធ្វើការចុះឈ្មោះសាជាថ្មីទាំងអស់ ដើម្បីអោយមានតម្លាភាព។
នៅក្នុងសំណួរថា តើអ្នកមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែរ ឬទេ? ចម្លើយទទួលបាន គឺ ៨៨% ឆ្លើយថា មានកាត និង ១២% ឆ្លើយថា មិនមានកាតទេ។
ក្រៅពីសំណួរទាក់ទងការបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០១២ នេះ ការស្ទាបស្ទង់មតិរបស់ អាយ.អា.អាយ នោះ មានចោទសំណួរទាក់ទងបរិយាកាសទូទៅថា តើប្រទេស កម្ពុជាកំពុងឆ្ពោះទៅមុខក្នុងទិសដៅត្រូវ ឬខុស? សំណួរទាក់ទងបញ្ហាពុករលួយ ការខ្វះម្ហូបអាហារ ការកាត់ក្តីនៅសាលាក្ដីខ្មែរក្រហម បទល្មើសក្នុងភូមិឃុំ-សង្កាត់ ការដោះស្រាយបទល្មើស និងការចាយវាយថវិកាឃុំជាដើម។
កាលពីថ្ងៃទី៥ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានធ្វើស្ពាននៅខេត្តស្ទឹងត្រែង ថា មានការស្ទាបស្ទង់មតិមួយដោយមិននិយាយចេញថា ជារបស់ អាយ.អា.អាយ។ លោកបានមានប្រសាសន៍ថា លទ្ធផលការស្ទង់មតិនោះរកឃើញថា មានមនុស្ស ៦៧% គាំទ្រគណបក្សប្រជាជនកម្ពុជា មានមនុស្ស ៨៧% គាំទ្រការដឹកនាំរបស់លោកក្នុងតំណែងជានាយករដ្ឋមន្ត្រី និងមនុស្ស ៨១% យល់ថា រដ្ឋាភិបាលកំពុងដើរលើផ្លូវត្រូវ។
នៅក្នុងសន្និសីទកាសែត ថ្ងៃទី១០ ខែឧសភា លោក ម៉ាត ឡាឃីន មន្ត្រីកម្មវិធីរបស់ អាយ.អា.អាយ បានទទួលស្គាល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ គឺជាលទ្ធផលការស្ទាបស្ទង់មតិរបស់ អាយ.អា.អាយ។ ប៉ុន្តែ អាយ.អា.អាយ មិនអាចចែករំលែកគ្រប់លទ្ធផលសំណួរដែល អាយ.អា.អាយ ធ្វើការស្ទាបស្ទង់មតិទាំងអស់ឲ្យអ្នកកាសែតឡើយ។
ការស្ទង់មតិរបស់ អាយ.អា.អាយ បានចាប់ផ្ដើមធ្វើចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១១។ ការស្ទង់មតិនេះបានផ្ដល់ទស្សនៈអំពីទិសដៅរបស់ប្រទេសជាតិ គុណភាពជីវិត និងយោបល់របស់អ្នកបោះឆ្នោតចំពោះសេវាកម្មរបស់រដ្ឋាភិបាល និងព័ត៌មានអំពីការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាដើម។ អាយ.អា.អាយ បានប្រកាសថា កម្រិតលំអៀងចំពោះការស្ទង់មតិនេះ គឺមានប្រហែល ២.២% ដោយមានអត្រាអ្នកចូលរួមឆ្លើយ ៩៥%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
