ដើម្បីលើកកម្ពស់ការវិនិយោគជប៉ុន នៅកម្ពុជា ឲ្យបានគ្រប់ជ្រុងជ្រោយ អ្នកវិភាគសេដ្ឋកិច្ចអះអាងថា ប្រទេសកម្ពុជា កសាងបរិយាកាស និងបទដ្ឋានច្បាប់អំណោយផលសមស្របដែរ ទៅតាមការចង់បានរបស់អ្នកវិនិយោគជប៉ុន ដែលភាគច្រើនមានទិសដៅវិនិយោគយូរអង្វែង។
ប្រទេសជប៉ុន បានផ្ដល់ជំនួយដល់កម្ពុជា ច្រើនសន្ធឹកសន្ធាប់ ដើម្បីស្ដារ និងអភិវឌ្ឍកម្ពុជា ឡើងវិញ ហើយជំនួយទាំងអស់នោះ គឺជាជំនួយឥតសំណង ប៉ុន្តែការវិនិយោគជប៉ុន វិញ មានតិចតួចបំផុត បានមកបណ្ដាក់ទុននៅកម្ពុជា។ ការអះអាងរបស់អ្នកវិភាគសេដ្ឋកិច្ច យល់ឃើញថា ការវិនិយោគរបស់ប្រទេសជប៉ុន ជាការវិនិយោគ និងទទួលផលត្រឡប់យូរអង្វែង ដែលប្រទេសនេះទាមទារឲ្យមានស្ថិរភាពនយោបាយ បរិយាកាសវិនិយោគល្អ និងកំណើនសេដ្ឋកិច្ច។
សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក ភីធឺ ប្រីមបូល (Peter Brimble) មានប្រសាសន៍បន្ថែមថា អ្នកវិនិយោគជប៉ុន គិតថាប្រទេសកម្ពុជា បច្ចុប្បន្នជាទីកន្លែងមួយសមស្របសម្រាប់ការវិនិយោគ ដូចជាអ្នកវិនិយោគជប៉ុន បានផ្លាស់ប្ដូរទីតាំងពីប្រទេសវៀតណាម មកកម្ពុជា ដោយសារតែកត្តាសក្ដានុពលពីរ គឺកត្តាទាក់ទាញ (Pull Factor) មានន័យថា ប្រទេសកម្ពុជា មានសមត្ថភាពកាន់តែប្រសើរជាងមុន ហើយកត្តាទីពីរ គឺកត្តារុញច្រាន (Push Factor) ដោយសារតែការថ្លៃផលិតកាន់តែខ្ពស់នៅប្រទេសថៃ វៀតណាម និងប្រទេសចិន រួមទាំងគ្រោះទឹកជំនន់នៅប្រទេសថៃ ជាដើម ដែលរុញឲ្យអ្នកវិនិយោគជប៉ុន មកប្រទេសកម្ពុជា។
លោក ភីធឺ ប្រីមបូល៖ «កត្តាទាក់ទាញមួយចំនួន មានន័យប្រទេសកម្ពុជា មានសមត្ថភាពល្អ មានការប្ដេជ្ញាចិត្តខ្ពស់ ហើយកម្ពុជា មានកត្តារុញផ្សេងទៀត គឺថ្លៃពលកម្មនៅប្រទេសវៀតណាម ថៃ និងប្រទេសចិន មានកម្រិតខ្ពស់ រួមទាំងគ្រោះទឹកជំនន់នៅប្រទេសថៃ ជាដើម»។
លោក ភីធឺ ប្រីមបូល មានប្រសាសន៍បន្តទៀតថា ទោះបីជាប្រទេសកម្ពុជា មានកត្តាទាក់ទាញទាំងនោះក្ដី ប៉ុន្តែបញ្ហាប្រឈមនៅតែមានចំពោះអ្នកវិនិយោគជប៉ុន នៅឡើយ គឺបញ្ហាដឹកជញ្ជូនគ្រប់មធ្យោបាយ និងការលើកដាក់ទំនិញដើម្បីនាំចេញ។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំឆ្នាំ២០១២ បានបង្ហាញថា តម្លៃដឹកជញ្ជូននៅប្រទេសកម្ពុជា គឺខ្ពស់ជាងប្រមាណពីរដង ធៀបទៅនឹងប្រទេសជិតខាង ហើយបញ្ហាទាក់ទងនឹងបែបបទរដ្ឋបាលនាំចេញ រយៈពេលនាំចេញ គឺនៅមានភាពស្មុគស្មាញ និងចំណាយពេលច្រើននៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចលោក ហេង ឌីណា មានប្រសាសន៍ថា នៅទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា មានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាកត្តាទាក់ទាញអ្នកវិនិយោគបរទេស បើទោះជាប្រទេសកម្ពុជា មានបញ្ហាប្រឈមទាក់ទងនឹងផ្នែកដឹកជញ្ជួន ហេដ្ឋារចនាសម្ព័ន្ធក៏ដោយ។
លោក ហេង ឌីណា ក៏អះអាងស្របទៅនឹងការលើកឡើងរបស់លោក ភីធឺ ប្រីមបូល ថា ការទាក់ទាញអ្នកវិនិយោគជប៉ុន មកកម្ពុជា គឺទាក់ទងនឹងកត្តារុញពីខាងក្រៅ ដូចជាការថយចុះទំនាក់ទំនងនយោបាយរវាងជប៉ុន និងចិន ដែលធ្វើឲ្យអ្នកវិនិយោគជប៉ុន ងាកមកប្រទេសនៅអាស៊ី ដូចជាវៀតណាម ភូមា កម្ពុជា ឬប្រទេសថៃ ជាដើម។ លោកបន្តថា វិបត្តិទឹកជំនន់នៅប្រទេសថៃ តម្លៃពលកម្មខ្ពស់នៅប្រទេសជិតខាង ជាចំណុចវិជ្ជមានបន្ថែមទៀតសម្រាប់ទាក់ទាញអ្នកវិនិយោគជប៉ុន មកកម្ពុជា។
អ្នកវិភាគសេដ្ឋកិច្ចផ្សេងទៀតបានអះអាងថា កត្តាទាក់ទាញអ្នកវិនិយោគ គឺទាក់ទងហេដ្ឋារចនាសម្ព័ន្ធ ថ្លៃពលកម្ម ពលកម្មជំនាញ តម្លាភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាដើម ប៉ុន្តែកត្តានេះក៏មិនទាន់ឆ្លើយតបទៅនឹងការចង់បានរបស់អ្នកវិនិយោគជប៉ុន នៅឡើយទេ។
ក្នុងចំណោមប្រទេសដែលមកវិនិយោគនៅកម្ពុជា អ្នកវិនិយោគជប៉ុន ទាមទារឲ្យប្រទេសកម្ពុជា បង្ហាញអំពីបញ្ជីវិនិយោគវិជ្ជមាន (Positive List) លើប្រភេទអ្វីខ្លះសម្រាប់ការវិនិយោគនៅកម្ពុជា ប៉ុន្តែនៅកម្ពុជា វិញ មានតែបញ្ជីវិនិយោគអវិជ្ជមាន (Negative List) ដែលបង្ហាញអំពីប្រភេទនៃការវិនិយោគ ត្រូវបានហាមឃាត់នៅប្រទេសកម្ពុជា។
ទោះបីជាការវិនិយោគជប៉ុន កើនឡើងនៅកម្ពុជា ប៉ុន្តែលោក ភីធឺ ប្រីមបូល មានប្រសាសន៍ថា អ្នកវិនិយោគជប៉ុន កំពុងបង្កើនការវិនិយោគនៅប្រទេសកម្ពុជា ប៉ុន្តែការវិនិយោគភាគច្រើន គឺនៅលើតែតំបន់សេដ្ឋកិច្ចពិសេសតែប៉ុណ្ណោះ។ ប៉ុន្តែកត្តានេះ លោក ហេង ឌីណា បញ្ជាក់ថា ការកើនឡើងអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនេះ គឺដោយសារតែការបន្ថយពន្ធ មានន័យថាកម្រិតជាប់ពន្ធនៅស្រាលជាងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និងមានក្រុមហ៊ុនទ្រទ្រង់ជាដើម។
តំបន់សេដ្ឋកិច្ចពិសេស ដែលស្ថិតនៅជាយទីក្រុងភ្នំពេញ មានទំហំជិត ៤០០ហិកតារ ដែលនៅទំនេរ ប៉ុន្តែក្នុងតំបន់នេះក៏មានក្រុមហ៊ុនជប៉ុន មួយចំនួន វិនិយោគនៅទីនោះដែរ ដូចជាក្រុមហ៊ុនយ៉ាម៉ាហា ម៉ូតូ (Yamaha Motor) ក្រុមហ៊ុនអាជីណូមូតូ (Ajinomoto) និងក្រុមហ៊ុនអេឡិចត្រូនិកមីនីប៊ែ (Minebear) ជាដើម។
របាយការណ៍របស់ក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញថា ការវិនិយោគបរទេសជប៉ុន សរុបនៅប្រទេសអាស៊ានទាំង១០ បានកើនឡើងច្រើនជាង ២ដង ធៀបនឹងឆ្នាំមុន និងវិនិយោគជប៉ុន ផ្ទាល់នៅប្រទេសចិន បានកើនឡើង ៦០% នៅឆ្នាំ២០១១។ យោងតាមរបាយការណ៍ការកើនឡើងវិនិយោគទុននៅអាស៊ី បានបង្ហាញថា ក្រុមហ៊ុនជប៉ុន កំពុងតែប្រើប្រាស់តំបន់អាស៊ី ជាទីកន្លែងផលិតរបស់ជប៉ុន ដើម្បីជៀសវាងភាពរង្គោះរង្គើណាមួយដែលកើតឡើងនៅប្រទេសចិន។
ម៉្យាងវិញទៀត ការកើតមានគ្រោះធម្មជាតិជាញឹកញាប់នៅក្នុងប្រទេសដែលអ្នកវិនិយោគជប៉ុន ដូចជាគ្រោះធម្មជាតិស៊ូណាមិ (tsunami) នៅប្រទេសជប៉ុន គ្រោះទឹកជំនន់នៅប្រទេសថៃ ជាកត្តាក្រើនរំលឹកដល់ប្រទេសជប៉ុន ត្រូវតែបង្កើន និងពង្រីកការវិនិយោគនៅតំបន់ផ្សេង ជាពិសេសនៅអាស៊ី ដើម្បីជៀសវាងការថយចុះសង្វាក់ការផ្គត់ផ្គង់របស់ទំនិញជប៉ុន នៅពិភពលោក។
ទោះជាយ៉ាងនេះក្ដី ការអះអាងរបស់អ្នកវិនិយោគជប៉ុន នៅក្នុងគេហទំព័រ (Reuters) បានបង្ហាញថា ប្រទេសថៃ នៅតែជាទីកន្លែងសំខាន់របស់អ្នកវិនិយោគជប៉ុន ដោយហេតុផលថាប្រទេសថៃ បានបង្ហាញអំពីភាពជឿជាក់ខ្លាំងដល់ការទាក់ទាញវិនិយោគជប៉ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។