ក្រុមយុវជនបានចូលទៅស្វែងរកការងារនៅក្នុងពិព័រណ៍ក្រុមហ៊ុនជប៉ុន ដែលផ្ដល់ឱកាសការងារស្ទើរគ្រប់វិស័យដល់យុវជន ត្រូវបានគេដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស៊ីជេស៊ីស៊ី (CJCC)។
ក្រុមហ៊ុនជប៉ុនចំនួន ៣៣ កំពុងទាញការចាប់អារម្មណ៍ពីយុវជនដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ហើយមានបំណងស្វែងរកការងារធ្វើដើម្បីអនាគតរបស់ពួកគេ។
យុវជនប្រមាណ ៥០០នាក់ បានចូលរួមនៅក្នុងពិព័រណ៍ក្រុមហ៊ុនជប៉ុន នៅថ្ងៃទី១៨ កក្កដា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស៊ីជេស៊ីស៊ី (CJCC)។
នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន លោក កឹម អឿន មានប្រសាសន៍ថា ពិព័រណ៍នេះគឺមានការចូលរួមពីសមាគមអាជីវកម្មជប៉ុន នៅកម្ពុជា ដេប៉ាតឺម៉ង់ភាសាជប៉ុន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលមានក្រុមហ៊ុនជប៉ុន ចំនួន ៣៣ ចូលរួម។
លោកថា នេះជាឱកាសដែលយុវជនអាចទទួលបានការងារល្អពីក្រុមហ៊ុនទាំងនេះ៖ «តាមពិតទៅយើងលើកទឹកចិត្តអ្នកដែលចេះជប៉ុន នៅក្នុងតួនាទីមួយចំនួន ប៉ុន្តែតួនាទីមួយចំនួនទៀតគឺអត់ចាំបាច់ទេ។ យើងឃើញហើយ ដូចជាការបើកផ្សារទំនើបធំមួយ គឺថា វាមានគ្រប់ទាំងអស់មានមួយចំនួន គឺវាទាក់ទងក្រុមហ៊ុនជប៉ុន ដោយផ្ទាល់។ អ៊ីចឹងយើងត្រូវការអ្នកចេះជប៉ុន តែមួយចំនួនទៀតគឺថា អត់ទេយើងចេះភាសាអង់គ្លេស»។
យុវតី ខឿន ស្រីខេង អាយុ ២២ឆ្នាំ រៀននៅសាកលវិទ្យាល័យមេគង្គកម្ពុជា ដែលបានចូលរួមមើលពិព័រណ៍នេះដែរ ថ្លែងថា នាងចាប់អារម្មណ៍នៅពេលដែលបានលឺថា មានពិព័រណ៍ក្រុមហ៊ុនជប៉ុន ដោយសារបច្ចុប្បន្ននាងកំពុងរៀនភាសាជប៉ុន ហើយនាងបានដាក់ប្រវត្តិរូបការងារចំនួន ២កន្លែង សង្ឃឹមថា បានការងារពីពិព័រណ៍នេះ។
យុវតី ខឿន ស្រីខេង៖ «ខ្ញុំគិតថា ពិព័រណ៍នេះមានប្រយោជន៍សម្រាប់ពួកខ្ញុំណាស់ ព្រោះអីពួកខ្ញុំទើបចាប់យកភាសាជប៉ុន។ អ៊ីចឹងហើយខ្ញុំចង់ស្វែងយល់ពីការងាររបស់ជប៉ុន គេត្រូវការកម្មករខ្មែរជាច្រើន។ គេនឹងយកស៊ីវីយើង គេនឹងហៅយើងទៅសម្ភាសន៍ ប៉ុន្តែមិនដឹងថា យើងអាចធ្វើឲ្យគេបាន ឬក៏អត់ទេ»។
យុវជនម្នាក់ទៀត ឈ្មោះ ឈុន ប៉ុនរ៉ា អាយុ ២៤ឆ្នាំ បានថ្លែងថា ភាសាជប៉ុន គឺជាឧបសគ្គមួយ ប្រសិនជាអ្នកមានបំណងដាក់ការងារទាំងនេះ មិនចេះភាសាជប៉ុន ក្រៅពីភាសាជប៉ុនទេនោះ៖ «គិតថា មានការពិបាកដែរ បើយើងអត់ចេះភាសាជប៉ុន។ ព្រោះអីក្រុមហ៊ុនជប៉ុន គេមកវិនិយោគក្រុមហ៊ុនធំៗ គេប្រើភាសាអង់គ្លេស ជាគោលហើយ ប៉ុន្តែក្រុមហ៊ុនវាត្រូវប្រើភាសាជប៉ុន»។
អ្នកចាត់ការទូទៅផ្នែកបញ្ជាទិញការិយាល័យតំណាងនៅកម្ពុជា នៃក្រុមហ៊ុន អ៊ីអន (AEON) លោក ហ៊ីរ៉ូស៊ិ ហាសិហ្គាវ៉ា (Hiroshi Hasegawa) មានប្រសាសន៍ថា ក្រុមហ៊ុននេះនឹងបើកដំណើរការផ្សារទំនើបធំជាងគេនៅកម្ពុជា នៅដើមឆ្នាំ២០១៤ ខាងមុខ ដែលមានលក់សំលៀកបំពាក់ អាហារហូបចុកប្រចាំថ្ងៃ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវការកម្លាំងពលកម្មចំនួន ១៥០០នាក់។
លោក ហ៊ីរ៉ូស៊ិ ហាសិហ្គាវ៉ា៖ «ដោយសារក្រុមហ៊ុនពួកខ្ញុំជាក្រុមហ៊ុនជប៉ុន អ្វីដែលយើងត្រូវការហ្នឹង គឺយើងត្រូវការបុគ្គលិកដែលធ្វើការ Part time ឬ ក៏ Full time ហ្នឹង អ្វីដែលល្អបំផុតគឺពួកគាត់អាចនិយាយភាសាជប៉ុនបាន»។
នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានឲ្យដឹងថា នេះជាពិព័រណ៍ដែលមានលក្ខណៈទ្រង់ទ្រាយធំលើកទី១ ដែលបើកឲ្យនិស្សិតមកពីគ្រប់ទិសទីចូលរួម និងមានឱកាសទទួលបានការងារពីក្រុមហ៊ុនជប៉ុននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។