ក្រសួងសុខាភិបាលកម្ពុជា កំពុងតែបណ្ដុះបណ្ដាលពេទ្យឆ្មបបង្គោលមួយចំនួនហើយ នៅខេត្តកំពង់ចាម ស្វាយរៀង ព្រៃវែង និងខេត្តកំពង់ធំ ជាដើម។
អគ្គនាយករងរបស់អង្គការ ចាយកា របស់ប្រទេសជប៉ុន ទទួលបន្ទុកសុខាភិបាលប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) លោក កូបាយ៉ាស៊ី ណៅយូគី (Kobayashi Naoyuki) និងរដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោក អេង ហួត នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបន្តគម្រោងសិក្សាស្រាវជ្រាវរយៈពេល២ឆ្នាំកន្លះទៀត ដើម្បីរកឲ្យឃើញនូវវិធីសាស្ត្រនានា ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ម្តាយ និងទារក នៅពេលម្តាយសម្រាលកូន។
ការសិក្សាស្រាវជ្រាវរយៈពេល២ឆ្នាំកន្លះមក ដោយអង្គការ ចាយកា តាំងពីឆ្នាំ២០១០ បានរកឃើញថា សេវានិងប្រព័ន្ធថែទាំសុខភាពសម្រាប់មាតា និងទារកនៅប្រទេសកម្ពុជា នៅទន់ខ្សោយនៅឡើយ។ ចំណែកឯអត្រាស្លាប់របស់ម្តាយ និងទារក នៅពេលម្តាយសម្រាលកូន គឺស្ថិតនៅកម្រិតខ្ពស់នៅឡើយ។
របាយការណ៍របស់មន្ត្រីជំនាញសុខាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងសុខាភិបាលបានកាត់បន្ថយអត្រាស្លាប់របស់ម្តាយ និងទារក នៅពេលម្តាយសម្រាលកូននោះ ពីចំនួនជិត ៥០០នាក់ មកនៅចំនួនជាង ២០០នាក់ នៅក្នុងចំណោមទារកកើតចំនួន ១សែននាក់ កន្លងមក។
ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៅទីក្រុងភ្នំពេញ អ្នកស្រី ទុង រដ្ឋាវី បានមានប្រសាសន៍ថា នៅមជ្ឈមណ្ឌលនេះមានពេទ្យឆ្មបចំនួនជាង ១០០នាក់ សម្រាប់បម្រើសេវាថែទាំសុខភាពដល់មាតា និងទារក នៅពេលម្តាយសម្រាលកូន៖ «កត្តាដែលជួយឲ្យអត្រាមរណភាពមាតាថយចុះនេះ គឺទី១ ដោយសារយើងបានបង្កើននូវចំនួនឆ្មប ឥឡូវនេះគ្រប់មណ្ឌលទាំងអស់ មានពេទ្យឆ្មបហើយ បន្ថែមលើចំនួនឆ្មប តែឆ្មបទាំងអស់នោះត្រូវតែបាននូវការបណ្ដុះបណ្ដាល ជាពិសេសត្រូវតែមានជំនាញច្បាស់លាស់ក្នុងការថែទាំទារក»។
ចំណែកអគ្គនាយករងរបស់អង្គការ ចាយកា របស់ប្រទេសជប៉ុន ទទួលបន្ទុកសុខាភិបាលប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោក កូបាយ៉ាស៊ី ណៅយូគី បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកម្ពុជា កំពុងតែប្រឹងប្រែងកាត់បន្ថយអត្រាស្លាប់របស់ម្តាយ និងទារកនោះយ៉ាងខ្លាំងក្លា៖ «រឿងដែលសំខាន់នោះ គឺថាយើងព្យាយាមពង្រឹងគុណភាពសេវាថែទាំសុខភាព នៅតាមថ្នាក់មូលដ្ឋាន ជាពិសេសនៅតាមទីជនបទដាច់ស្រយាល។ គម្រោងនេះតាមដានដោយមជ្ឈមណ្ឌលកណ្ដាល នៅភ្នំពេញ ដើម្បីបង្កើនសមត្ថភាពរបស់ពេទ្យឆ្មប នៅតាមជនបទ»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានមន្ទីរពេទ្យនៅខេត្តកំពង់ធំ លោក ង៉ែត បូជុំ បានមានប្រសាសន៍ថា មន្ទីរពេទ្យរបស់លោកមានសភាពតូចចង្អៀត ធ្វើឲ្យកន្លែងម្តាយសម្រាលកូន និងទារកដែលទើបកើតហើយនោះ ត្រូវដាក់ឆ្ងាយពីម្តាយ៖ «ទោះបីយ៉ាងណាក៏មានការខ្វះខាត យើងត្រូវតែធ្វើការកែលម្អជាបន្តបន្ទាប់»។
នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានពេទ្យឆ្មបចំនួនជាង ៤ពាន់នាក់ ហើយក្រសួងសុខាភិបាលមានផែនការបណ្ដុះបណ្ដាលពេទ្យឆ្មបបន្ថែមទៀត។ កម្ពុជាមានមន្ទីរពេទ្យបង្អែកចំនួនជាង ៧០កន្លែងនៅតាមខេត្ត មន្ទីរពេទ្យបង្អែកចំនួន ៨កន្លែងនៅទីក្រុងភ្នំពេញ និងមានមណ្ឌលថែទាំសុខភាពចំនួនជាង ១ពាន់កន្លែង។
ក្រសួងសុខាភិបាលកម្ពុជា កំពុងតែលើកទឹកចិត្តឲ្យស្ត្រីមានផ្ទៃពោះគ្រប់ខែ មកសម្រាលកូននៅតាមមណ្ឌលថែទាំសុខភាព ជៀសវាងការសម្រាលកូននៅតាមផ្ទះ ដែលមិនធានាដល់សុវត្ថិភាពអាយុជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។