រដ្ឋាភិបាល​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ការងារ​ដល់​ពលរដ្ឋ

អង្គការ​សង្គម​ស៊ីវិល​ថា សន្ទុះ​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​របស់​មនុស្ស​ពេញ​កម្លាំង​នៅ​កម្ពុជា កំពុង​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ ខណៈ​ដែល​ពួក​គេ​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ក្នុង​ប្រទេស ដែល​ពួក​គេ​កំពុង​ធ្វើការ។
ដោយ ទេព សុរ៉ាវី
2012-07-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ចំណាក​ស្រុក រដ្ឋាភិបាល​បាន​បង្កើត​គោលការណ៍​ថ្មី​មួយ ដោយ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​រក​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​តាម​រយៈ​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៅ​តាម​មូលដ្ឋាន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ស្វាគមន៍​គោលការណ៍​ថ្មី​នេះ ហើយ​ថា​វា​ជា​ជំហាន​ដ៏​ល្អ​សម្រាប់​កម្ពុជា ដើម្បី​ត្រៀម​ខ្លួន​ចូល​សមាហរណកម្ម​អាស៊ាន ឆ្នាំ​២០១៥។

ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះ​បណ្ដាល ស្នើ​សុំ​ឲ្យ​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់ ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជ្រើស​រើស​កម្លាំង​ពលកម្ម តាម​ភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ក្នុង​ដំណើរ​ការ​ជ្រើស​រើស​កម្លាំង​ពលកម្ម​របស់​បណ្ដា​ក្រុមហ៊ុន សហគ្រាស និង​វិនិយោគ​នៅ​មូលដ្ឋាន​តាំង​ពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់​រាជធានី-ខេត្ត​នីមួយៗ។ ជាពិសេស ធ្វើ​ការ​ប្រមូល​ចងក្រង​ស្ថិតិ​ប្រជាពលរដ្ឋ​អាយុ​ពី ១៨​ដល់​៦៤ឆ្នាំ ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ។

ក្នុង​លិខិត​ស្នើ​សុំ​របស់​លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះ​បណ្ដាល ចេញ​កាល​ពី​ខែ​មីនា ដែល​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា បាន​បង្គាប់​ទៅ​អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខេត្ត​ទាំង​អស់ ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ភូមិ នូវ​ព័ត៌មាន​ជ្រើស​រើស​កម្លាំង​ពលកម្ម ដែល​ផ្តល់​ជូន​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ក្នុង​ដំណើរការ​ជ្រើស​រើស​កម្លាំង​ពលកម្ម​របស់​បណ្ដា​ក្រុមហ៊ុន សហគ្រាស និង​វិនិយោគ​នានា នៅ​តាម​ភូមិ សង្កាត់ ឃុំ ខណ្ឌ និង​ស្រុក នៃ​រាជធានី-ខេត្ត​នីមួយៗ។

ជាពិសេស ធ្វើ​ការ​ប្រមូល​ចងក្រង​ស្ថិតិ​ស្ដីពី​ប្រជាពលរដ្ឋ​អាយុ ១៨​ដល់​៦៤​ឆ្នាំ ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ​ទៅ​តាម​ទម្រង់​ស្ថិតិ​ដែល​មាន​ភ្ជាប់​ជាមួយ​នឹង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ។

ក្នុង​លិខិត​ដដែល​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា​ការ​ប្រគល់​ភារកិច្ច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន និង​ការ​ជ្រើស​រើស​កម្លាំង​ពលកម្ម និង​ប្រមូល​ស្ថិតិ​ពី​ចំនួន​ប្រជាពលរដ្ឋ​ចង់​រក​ការងារ​ធ្វើ នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​រក​ការងារ​ធ្វើ​ក្នុង​ស្រុក ជៀសវាង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ជិត​ខាង។

វិធានការ​ថ្មី​របស់​រដ្ឋាភិបាល ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន​ពី​ចំនួន​កើន​ឡើង​នៃ​ក្រុម​មនុស្ស​ពេញ​កម្លាំង ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយ​ប្រថាន ដោយ​សារ​តែ​កង្វះ​ព័ត៌មាន​ការងារ​តាម​តំបន់​នៅ​មាន​កម្រិត។

លោក ឈុន ឈន់ អភិបាល​ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា លោក​បាន​ចាប់​ផ្ដើម​អនុវត្ត​គោលការណ៍​ថ្មី​របស់​រដ្ឋាភិបាល ក្នុង​ការ​ជួយ​ស្វែងរក​ការងារ​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន និង​ជ្រើស​រើស​កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន និង​សហគ្រាស​ក្នុង​មូលដ្ឋាន។ តែ​ជា​លទ្ធផល កិច្ចការ​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​សិក្សា​ពី​បញ្ហា​នេះ។

លោក ឈុន ឈន់ សង្ឃឹម​ថា​គម្រោង​នេះ​អាច​នឹង​ដំណើរ​ការ​យ៉ាង​រលូន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ និង​អាច​ជួយ​ពលរដ្ឋ​ដែល​ចង់​ស្វែង​រក​ការងារ​ធ្វើ ឲ្យ​មាន​ការងារ​ធ្វើ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួក​គេ៖ «មាន​បញ្ហា​ជាច្រើន​ដែល​ទៅ​ជា​បញ្ហា​បោក​ប្រាស់​អី​អញ្ចឹង។ ដល់​អញ្ចឹង ខ្ញុំ​ថា​បើ​គាត់​ធ្វើ​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​គោលការណ៍​ដែល​បាន​ឯកភាព​គ្នា​នោះ វា​អត់​បញ្ហា​អី​ទេ វា​ទៅ​រលូន​ហើយ»

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ធ្វើ​ការ​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ព័ត៌មាន​ពេញ​លេញ នៃ​ស្ថានភាព​ការងារ​នោះ​ទេ។ លោក​គាំទ្រ​ចំពោះ​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល ហើយ​ថា​ចំណាត់ការ​នេះ​អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ ជាអាទិ៍ ការ​រំលោភ​សិទ្ធិ​ពលករ ឬ​កម្មករ​ជាដើម៖ «គំនិត​ផ្ដួចផ្ដើម​នេះ មាន​សារសំខាន់​មែន​ទែន ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពេញ​លេញ ហើយ​មាន​លក្ខណៈ​មួយ​ជា​ប្រព័ន្ធ ដែល​សង្គម និង​រដ្ឋាភិបាល​ទទួល​ការ​គ្រប់គ្រង​ព័ត៌មាន​ទាំង​អស់​នេះ គិត​ថា​ជា​ព័ត៌មាន​ផ្លូវ​ការ»

នាយក​ប្រតិបត្តិ​អង្គការ ខារ៉ាម កម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ ក៏​បាន​ស្វាគមន៍​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​គួរ​តែ​ផ្តល់​វគ្គ​បណ្ដុះ​បណ្ដាល​បន្ថែម សម្រាប់​ពួក​គាត់​ឲ្យ​យល់​ដឹង ចេះ​ពី​កិច្ច​ការងារ​ដែល​ត្រូវ​ធ្វើ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ស្ដីពី​ព័ត៌មាន​ជ្រើស​រើស​កម្លាំង​ពលកម្ម និង​ធ្វើ​យ៉ាង​ណា​បង្កើន​ប្រាក់​បៀវត្សរ៍​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ប្រហាក់​ប្រហែល និង​ប្រាក់​ខែ​នៅ​បណ្ដា​ប្រទេស​ជិត​ខាង ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស៖ «គោល​នយោបាយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អនុវត្ត​ទៅ​ស្មើ​ភាព​គ្នា ដើម្បី​អាច​ឲ្យ​គាត់​អាច​ចូល​មក​វគ្គ​បណ្តុះ​បណ្ដាល ទទួល​ការងារ​ហ្នឹង​បាន​ជា​រឿង​សំខាន់ ដែល​យើង​អាច​ជួយ​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន ឬ​មិន​មាន​ឯកសារ​ទៅ​កាន់​ប្រទេស​ក្រៅ ហើយ​នឹង​ទាក់​ទាញ​វិនិយោគិន និង​ធ្វើ​ឲ្យ​សិប្បកម្ម​ខ្នាត​តូច និង​ខ្នាត​ធំ​ធ្វើ​ឲ្យ​បាន​ល្អ»

យោង​តាម​របាយការណ៍​អង្គការ ខារ៉ាម បង្ហាញ​ថា មាន​ពលករ​ខ្មែរ​ទាំង​មាន​ឯកសារ​ស្រប​ច្បាប់ និង​គ្មាន​ឯកសារ​ជាង ៥ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ប្រទេស​ថៃ មាន​ជាង​២សែន​នាក់ នៅ​ប្រទេស​កូរ៉េ មាន​ជាង​១ម៉ឺន​នាក់ និង​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

SK

ពី Kampong Cham

No moneys no working, If have working always have corruptions !!!...

Jul 25, 2012 12:18 AM

ហុងណាំហោ

ពី ភព

បើអត់មានលុយសូកឫក៍បក្សពួកហ៊ុន សែនទេទោះជាមាន
ចំណេះយ៉ាងណាក៍អត់សង្ឃឹមដែរ។

Jul 24, 2012 06:19 PM