អ្នកកាសែតម្នាក់នៅខេត្តស្ទឹងត្រែងត្រូវមន្ត្រីយោធាប្រើប្រាស់អំណាចដកយកកាមេរ៉ាថតរូបនិងគំរាមបាញ់សម្លាប់នៅគ្រាដែលអ្នកកាសែតរូបនោះប៉ុនប៉ងថតរូបស្តីពីសកម្មភាពដឹកជញ្ជូនឈើប្រណីត។
អ្នកយកព័ត៌មានកាសែតថ្ងៃនេះប្រចាំខេត្តស្ទឹងត្រែងឲ្យដឹងថា លោកបានទទួលរងនូវការគំរាមបាញ់សម្លាប់ ហើយនិងគំរាមបង្ខំដកហូតយកកាមេរ៉ាថតរូបពីសំណាក់មន្ត្រីយោធាដែលមានគ្នា៣នាក់ប្រើកម្លាំងបាយបង្ខំដកយក នៅគ្រាដែលលោកកំពុងថតរូបរថយន្តមួយគ្រឿងដែលកំពុងដឹកជញ្ជូនឈើប្រណីតចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ខេត្តក្រចេះ។
នៅថ្ងៃអង្គារ ទី១៥ កញ្ញា ឆ្នាំ២០០៩ លោកបានដាក់ពាក្យបណ្ដឹងមកសមាគមអាដហុក ខេត្តស្ទឹងត្រែង ឲ្យជួយអន្តរាគមន៍បន្ទាប់ពីលោកបានប្តឹងករណីនេះទៅស្នងការដ្ឋានប៉ូលិសតាំងពីថ្ងៃទី១២ កញ្ញា ជាថ្ងៃកើតហេតុ ក៏ប៉ុន្តែពុំឃើញមានដំណោះស្រាយ ៖ «គ្នាបីនាក់ ស្រីម្នាក់ ប្រុសពីរនាក់ គាត់ស្លៀកពាក់ខោអាវឈុតខ្មៅ អង្គរក្ស បក្សពួកគាត់ម្នាក់ទៀត ស្លៀកពាក់ស៊ីវិលធម្មតា គំរាមរកបាញ់ខ្ញុំចោល។ គេថា អ្ហែងប្រយ័ត្នអញបុកសម្លាប់ចោល»។
មន្ត្រីយោធាដែលរងការចោទប្រកាន់មានឈ្មោះ ថៃ គា ធ្វើការនៅអង្គភាពយោធាខេត្តក្រចេះ និងពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណ។ ចំណែកអ្នកកាសែតមានឈ្មោះ ទុន សុផាន់ បញ្ជាក់ថា លោកត្រូវលោក ថៃ គា និងបក្ខពួកដែលមានអាវុធខ្លីមួយដើមគំរាមបាញ់សម្លាប់ខណៈពេលលោកកំពុងថតរូបរថយន្តប្រភេទគ្រឿងយន្តកែច្នៃ ដែលគេនិយមហៅថាគោយន្ត ដឹកជញ្ជូនឈើប្រណីតនៅតាមដងផ្លូវជាតិលេខ៧ចម្ងាយបីគីឡូម៉ែត្រពីទីរួមខេត្ត។
លោក ថៃ គា បដិសេធសេចក្តីចោទប្រកាន់ពីការគំរាមបាញ់សម្លាប់នោះ ក៏ប៉ុន្តែទទួលស្គាល់ថាបានដកហូតកាមេរ៉ាថតរូបអ្នកកាសែតមែន ដោយសារអ្នកកាសែតថតរថយន្តដឹកជញ្ជូនគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ក្នុងអង្គភាពរបស់លោក។ លោកថាបានសុំទោសនិងយល់ព្រមសងកាមេរ៉ាថតរូបវិញជាមួយសំណងការខូចខាត ក៏ប៉ុន្តែអ្នកកាសែតមិនយល់ព្រម។
លោក ឡុង វិចិត្រ ស្នងការប៉ូលិសខេត្តស្ទឹងត្រែង មានប្រសាសន៍ថា លោកមិនទាន់ទទួលបានរបាយការណ៍នេះនៅឡើយ។
ចំណែកលោក ហូ សំអុល មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា លោកនឹងអន្តរាគមន៍ទៅស្ថាប័នអយ្យការតុលាការខេត្តដើម្បីស៊ើបអង្កេតករណីនេះ។
លោក ហូ សំអុល បានមានប្រសាសន៍ថា ៖ «តាមការអង្កេតរបស់ខ្ញុំ ជាអំពើរំលោភសិទ្ធិសារព័ត៌មានរបស់អ្នកកាសែតហើយ។ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមកខ្ញុំ ខ្ញុំនឹងអន្តរាគមន៍ទៅខាងព្រះរាជអាជ្ញាដើម្បីឲ្យព្រះរាជអាជ្ញាគេចាត់ការ»។
នេះជាលើកទីពីរហើយដែលមានសេចក្តីរាយការណ៍ពីការគំរាមកំហែងសេរីភាពអ្នកយកព័ត៌មាននៅខេត្តស្ទឹងត្រែង។ កាលពីឆ្នាំ២០០៨កន្លងទៅ អ្នកយកព័ត៌មានកាសែតរស្មីកម្ពុជាម្នាក់ក៏រងការគំរាមកំហែងនិងដកហូតកាម៉េរ៉ាថតរូបពីសំណាក់មន្ត្រីនគរបាលខណៈពេលអ្នកកាសែតកំពុងបំពេញភារកិច្ចថតរូបយកព័ត៌មាន៕
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
មន្រ្តីជាន់ខ្ពស់ខ្មែរខ្វែងគំនិតគ្នាក្នុងការលើកលែងទោស ហង្ស ចក្រា
ព្រះមហាក្សត្រស្នើសុំឲ្យពិនិត្យមើលលទ្ធភាពក្នុងការដោះលែង ហង្ស ចក្រា
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
កាសែតសេរីភាពថ្មីផ្អាកការបោះពុម្ពផ្សាយព្រោះបញ្ហាថវិកា
សង្គមស៊ីវិលអំពាវនាវឲ្យអ្នកកាសែតប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត
ក្រុមអ្នកកាសែតជួបពិភាក្សាអំពីក្រមសីលធម៌អ្នកសារព័ត៌មាន