សមត្ថកិច្ច​ខេត្ត​កំពត​ចាប់​បញ្ជូន​អ្នក​កាសែត​ម្នាក់​ទៅ​តុលាការ

អ្នក​កាសែត​ក្នុង​ស្រុក​មួយ​រូប ឈ្មោះ ហង្ស ម៉ៅ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​បាយ័ន ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ជុំគីរី ខែត្រ​កំពត ចាប់​ខ្លួន​ជញ្ជួន​ទៅ​តុលាការ​ទៅ​តាម​បណ្ដឹង​របស់​ម្ចាស់​ហាង​សិប្បកម្ម​អារ​ឈើ ប្ដឹង​ពី​បទ​ប៉ុនប៉ង​ចាប់​រំលោភ និង​ក្លែង​លិខិត​សាធារណៈ។

ចាងហ្វាង​កាសែត​បាយ័ន លោក សៀង ប៊ុនសុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មេសា ថា កាល​ពី​ថ្ងៃ​ទី​១៥ មេសា ដែល​ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុគ្គលិក​របស់​លោក​ឈ្មោះ ហង្ស ម៉ៅ និង​អ្នក​កាសែត​មក​ពី​កាសែត "វីរជន​ខ្មែរ" មួយ​រូប​ទៀត បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តាម​តំបន់​កម្សាន្ត​នានា​ក្នុង​ខែត្រ​កំពត។ ប៉ុន្តែ​ពេល​ទៅ​ដល់​ភូមិ​ត្រពាំងរាំង ឃុំ​ត្រពាំងរាំង ស្រុក​ជុំគីរី ស្រាប់​តែ​អ្នក​ទាំង​ពីរ​បាន​ឃើញ​ដេប៉ូ​អារ​ឈើ​ធំ​មួយ ហើយ​ពួក​គេ​ក៏​ឈប់​នៅ​ទី​នោះ ដើម្បី​សួរ​នាំ​ថា ដេប៉ូ​អារ​ឈើ​នោះ​មាន​ច្បាប់​អនុញ្ញាត​ដែរ​ទេ?

លោក សៀង ប៊ុនសុង បន្ត​ថា នៅ​ពេល​នោះ​ម្ចាស់​សិប្បកម្ម​អារ​ឈើ ឈ្មោះ ហួ ប៊ុនទូច ក៏​ហៅ​លោក ហង្ស ម៉ៅ ចូល​ក្នុង​ផ្ទះ រួច​គេ​ចាក់​សោ​របង និង​ចាក់​សោ​ផ្ទះ ហើយ​ក៏​នាំ​គ្នា​ប្រើ​អំពើ​ហិង្សា​វាយ​លោក ហង្ស ម៉ៅ ឲ្យ​រង​របួស រួច​គេ​ទូរស័ព្ទ​ហៅ​នគរបាល​ឲ្យ​មក​ចាប់​ខ្លួន​លោក ហង្ស ម៉ៅ ភ្លាមៗ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ម្ចាស់​សិប្បកម្ម​អារ​ឈើ លោក ហួ ប៊ុនទូច ដើម្បី​សុំ​បំភ្លឺ​អំពី​ការ​ចោទ​ប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១២ នេះ។

អធិការ​នគរបាល​ស្រុក​ជុំគីរី លោក គិត តារា បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​បំភ្លឺ​អំពី​ករណី​នេះ។ លោក គិត តារា គ្រាន់​តែ​បញ្ជាក់​ថា លោក​មិន​ដឹង​នោះ​ទេ សមត្ថកិច្ច​របស់​លោក​គ្រាន់​តែ​ចាប់​អ្នក​កាសែត​ឈ្មោះ ហង្ស ម៉ៅ ទៅ​តាម​ការ​ទូរស័ព្ទ​ប្ដឹង​របស់​លោក ហួ ប៊ុនទូច តែប៉ុណ្ណោះ។

មក​ទល់​ពេល​នេះ លោក ហង្ស ម៉ៅ ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ខែត្រ​កំពត នៅ​ឡើយ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​តុលាការ​នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​ករណី​លោក ហង្ស ម៉ៅ នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។