ប៉ូលិស​វាយ​អ្នក​កាសែត​នៅ​រតនគិរី​ម្នាក់​បែក​ក្បាល

អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​រតនគិរី ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស វាយ​ក្បាល​នឹង​កាំភ្លើង​ខ្លី​ធ្វើ​ឲ្យ​មាន​ស្នាម​របួស​ពីរ​ថ្នេរ។
ដោយ វិជ័យ អានន្ទ
2012-09-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ឯក សុគុន្ធី អាយុ ៤០​ឆ្នាំ ជា​អ្នក​កាសែត​ឈ្មោះ "តាព្រហ្ម" ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ថា មាន​មន្ត្រី​នគរបាល​ចំនួន ៣​នាក់ ចូល​ក្នុង​ផ្ទះ​របស់​លោក ហើយ​បាន​យក​កាំភ្លើង​ខ្លី​មួយ​ដើម​វាយ​ក្បាល​របស់​លោក​នឹង​កាំភ្លើង​នោះ ខណៈ​លោក​កំពុង​អង្គុយ​យោល​អង្រឹង​កូន​ឲ្យ​គេង។ លោក​ថ្លែង​បន្ត​ថា កន្លង​មក លោក​មិន​ធ្លាប់​សរសេរ​ព័ត៌មាន ឬ​មាន​ជំលោះ​ជាមួយ​នឹង​មន្ត្រី​នគរបាល​រូប​នេះ​ឡើយ។ ប៉ុន្តែ​លោក​មិន​ដឹង​ថា ហេតុអ្វី​មន្ត្រី​រូប​នេះ​វាយ​លោក​នោះ​ទេ។

លោក ឯក សុគុន្ធី ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​នគរបាល​ដែល​បាន​យក​កាំភ្លើង​ខ្លី​វាយ​លោក​នោះ មាន​ឈ្មោះ ង៉ែត សេងហ៊ាន់ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តាឡាវ។

ទាក់ទង​នឹង​ករណី​នេះ អធិការ​ស្រុក​អណ្ដូងមាស លោក សូ វ៉ាន់ធិន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​ធ្វើ​ការ​ស៊ើប​អង្កេត និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការ​វាយ​អ្នក​កាសែត​នេះ​បាន​ទេ នៅ​យប់​ថ្ងៃ​ទី​២៥ កញ្ញា។ លោក​បន្ថែម​ថា មន្ត្រី​នគរបាល​ដែល​បាន​វាយ​លោក ឯក សុគុន្ធី នេះ ជា​មន្ត្រី​នគរបាល​រត់​ចោល​ជួរ ព្រោះ​គេ​បាន​អវត្តមាន​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​អង្គភាព​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ ហើយ​លោក​មិន​ដឹង​ថា លោក ង៉ែត សេងហ៊ាន់ បាន​កាំភ្លើង​ខ្លី​មក​ពី​ណា​យក​ទៅ​វាយ​លោក ឯក សុគុន្ធី នោះ​ដែរ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​កំលាំង​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​ដាក់​អ្នក​កាសែត​នេះ នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១២ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​កំលាំង​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ហិង្សា​ដាក់​អ្នក​កាសែត បន្ទាប់​ពី​មាន​អ្នក​កាសែត​វរជន​ខ្មែរ​ម្នាក់ ឈ្មោះ ហង្ស សិរីឧត្តម ត្រូវ​ជន​សង្ស័យ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​បាន​វាយ​សម្លាប់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

រាល់មន្រ្តីនគរបាលដែលបានប្រើបទល្នើសឡាយ ពួកថ្នាក់លើបានបដិេសធនិងមិនទទួលខុសត្រូវដោយចោទថាមិនមែនជាមន្រី្តដែលពាក់ពន្ធ័ទៀតឡើយ។

Sep 26, 2012 11:12 PM