អ្នកកាសែត​មនសិការ​ខ្មែរ​មួយ​រូប​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ក្រុង​ភ្នំពេញ

អ្នក​កាសែត​មនសិការ​ខ្មែរ​មួយ​រូប គឺ​លោក ឃឹម សំបូរ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ។
ដោយ សាន សុវិទ្យ
2008-07-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កាសែត​មនសិការ​ខ្មែរ ។
កាសែត​មនសិការ​ខ្មែរ ។
RFA Photo

អ្នក​កាសែត​ជើង​ចាស់​មួយ​រូប លោក ឃឹម សំបូរ អាយុ​៤៧​ឆ្នាំ ដែល​គេ​ស្គាល់​ក្រោម​នាម​ប៉ាកកា​ថា​ដែន​សុរិន្ទ​និង​សេរីកា ហើយ​​តែងតែ​សរសេរ​ទិតៀន​រដ្ឋាភិបាល ជាពិសេស​លោក​ធ្លាប់​ជា​អ្នក​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ស្តីពី​រដ្ឋប្រហារ​ថ្ងៃ​៥​-​៦ កក្កដា ឆ្នាំ​១៩៩៧​នោះ ទើប​បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​តាម​បាញ់​ចំនួន​៥​គ្រាប់ ស្លាប់​នៅ​ក្បែរ​ស្តាត​អូឡាំពិក កាលពី​ល្ងាច​ម្សិលមិញ​នេះ ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក សុខ សេរី បាន​រាយការណ៍​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​ដូច្នេះ ៖ «នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ អ្នក​កាសែត​មនសិការ​ខ្មែរ​មួយ​រូប ឈ្មោះ លោក ឃឹម សំបូរ ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បាញ់​សម្លាប់ នៅ​គ្រា​ដែល​លោក​និង​កូន​ប្រុស​របស់​លោក​កំពុងតែ​បើក​ឡាន​នៅ​ក្បែរ​ស្ដាត​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ ក្រោយពី​គាត់​ធ្វើការ​ហាត់​ប្រាណ ជិះ​ឡាន​ទៅ​ហាត់​ប្រាណ​ហើយ​គាត់​ជិះ​ឡាន​ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ឃាតករ​បាន​លើក​កាំភ្លើង​បាញ់​សម្លាប់ ។ គាត់​ស្លាប់ កូន​គាត់​ត្រូវ​របួស​ធ្ងន់​ចំ​បេះដូង ដឹក​ទៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​បើ​តាម​ប្រភព​ពី​អ្នក​កាសែត​និង​អង្គការ​សិទ្ធិ​មនុស្ស គេ​ព្រួយ​បារម្ភ​ថា​មិន​រស់​ទេ ។ ឥឡូវ​នេះ​សព​របស់​លោក ឃឹម សំបូរ បាន​ដឹក​ទៅ​វត្ត​ថ្វាយ​បង្គំ នៅ​ក្រោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​បុណ្យ បូជា​សព​ស្អែក​ព្រឹក ។ ហើយ​ពុំ​មាន​ការអះអាង​ពី​អាជ្ញាធរ​ទាក់ទង​ទៅ​នឹង​ជន​សង្ស័យ​ថា​ជា​នរណា​ទេ»

សូម​ជម្រាប​ថា​យោង​តាម​ដំណឹង​ចុងក្រោយ​ពី​អ្នក​យក​ព័ត៌មាន​នៅ​ភ្នំពេញ កូន​ប្រុស​របស់​លោក ឃឹម សំបូរ ដែល​ជា​និស្សិត​សាកល​វិទ្យាល័យ​មួយ​រូប បាន​ទទួល​មរណភាព​ទៅ​ហើយ​ដោយ​គ្រូពេទ្យ​ពុំ​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ទាន់​ពេល​វេលា​ពី​មុខ​របួស​ដែល​ត្រូវ​បាញ់​ចំ​បេះដូង​នោះ ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ប្រតិកម្ម​ជុំវិញ​ការបាញ់សម្លាប់​អ្នក​កាសែត​មនសិការ​ខ្មែរ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​មិញ​ថា លោក​នឹង​ប្រញាប់​ត្រឡប់​ពី​ការឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ខេត្ត​កំពង់ចាម ដើម្បី​សាកសួរ​ពី​ដំណើរ​ដើមទង​នៃ​ការធ្វើ​ឃាត​ទៅ​លើ​រូប​លោក ឃឹម សំបូរ នេះ ហើយ​រាយការណ៍​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ឥឡូវ​ខ្ញុំ​ត្រូវ​ចុះ​ទៅ​ស្ទឹងត្រង់​ទៅ​ឃោសនា ឥឡូវ​ខ្ញុំ​ចេញ​ដើម្បី​ព្រឹក​នេះ​ប្រញាប់​ទៅ​វិញ ទៅ​សួរ​ដើម្បី​ឲ្យ​នគរបាល​គេ​រាយកាណ៍ ដើម្បី​ខ្ញុំ​ជម្រាប​ជូន​ទៅ​នាយក​រដ្ឋមន្ត្រី ដើម្បី​ថា​រឿង​អី ? ហើយ​ទី​២ ខ្ញុំ​និយាយ​អ៊ីចឹង អ្នក​កាសែត​វា​អត់​និយាយ​ទេ រឿង​អ្នក​ណា​និយាយ​ម៉េច វា​ប្រាប់​អ៊ីចឹង ប៉ុន្តែ​មិន​មែន​វា​ខុស​ទេ ។ អ៊ីចឹង​ឥឡូវ​ខ្ញុំ​ត្រឡប់​មក​វិញ កម្មវិធី​ឃោសនា​ព្រឹក​ហ្នឹង​ខ្ញុំ​លុប​ចោល ។ ខ្ញុំ​ទៅ​ហើយ នឹង​ជម្រាប​ជូន​នាយករដ្ឋមន្ត្រី​ទៀត​ដើម្បី​តាម​រក​រឿងអី ?»

ប្រតិកម្ម​របស់​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ

ស្តីពី​អំពើ​មនុស្ស​ឃាត​ទៅ​លើ​អ្នក​កាសែត​របស់​សារព័ត៌មាន​លោក​នេះ លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ និង​ជា​បេក្ខជន​តំណាង​រាស្រ្ត​របស់​គណបក្ស​សមរង្ស៊ី​មណ្ឌល​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​លោក​នៅ​មិន​ទាន់​ជ្រាប​ពិស្តារ​ពី​ស្ថានការណ៍​បាញ់​ប្រហារ​ទៅ​លើ​អ្នក​វិភាគ​នយោបាយ​នៃ​កាសែត​របស់​លោក​រូប​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​ពុំ​អាច​បញ្ជាក់​បាន​ថា​មូលហេតុ​នៃ​ការបាញ់​សម្លាប់​នេះ​បណ្តាល​មក​ពី​រឿង​អ្វី​ផងដែរ ។

លោក ដាំ សិទ្ធិ បាន​ត្រូវ​តុលាការ​ក្រុង​ចាប់​ដាក់​គុក​ព្រៃ​ស​កាលពី​ថ្ងៃ​ទី​៨ មិថុនា​មុន​នេះ​ពី​បទ​ថា​បាន​បរិហារកេរ្តិ៍​និង​ផ្សាយ​ដំណឹង​មិន​ពិត​ក្នុង​ការបោះពុម្ព​ផ្សាយ​ថា លោក​ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង ធ្លាប់​ជា​មេ​គុក​បឹង​ត្របែក​នៃ​របប​ខ្មែរ​ក្រហម ។ លោក​បាន​ទទួល​សេរីភាព​មក​វិញ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អន្តរាគមន៍​នៅ​ថ្ងៃ​ទី​១៥ មិថុនា ។

ស្តីពី​ឃាតកម្ម​លើ​រូប​លោក ឃឹម សំបូរ លោក ដាំ សិទ្ធិ មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ ៖ «ស្ថានភាព​ស្អីៗ​ខ្ញុំ​អត់​បាន​ដឹង​ទាំងអស់​ពីព្រោះ​ខ្ញុំ​ជាប់​នៅ​ផ្ទះ​ដែរ ។ តាំងពី​ខ្ញុំ​ចេញ​ពី​ការឃុំឃាំង​មក ខ្ញុំ​មិន​ដែល​បាន​ដើរ​ទៅ​ណា​ទេ ខ្ញុំ​នៅ​តែ​ផ្ទះ... ។ ម៉ោង​៧​ជាង​ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​ហ្នឹង​ថា អ្នក​កាសែត​ខ្ញុំ​ម្នាក់ ឈ្មោះ ឃឹម សំបូរ ត្រូវ​គេ​បាញ់​ស្លាប់ តែ​ខ្ញុំ​ស្មាន​ថា​គេ​ច្រឡំ​ឈ្មោះ​មនុស្ស  ខ្ញុំ​ក៏ Call ទៅ ឃឹម សំបូរ ៤​ដង ៤​ដង​អត់​លើក អត់​លើក​ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​គាត់... បាន​ខ្ញុំ​ដឹង​ថា លោក ឃឹម សំបូរ ត្រូវ​បាន​គេ​បាញ់​ស្លាប់​ហើយ»

ប្រធាន​គណបក្ស​សមរង្ស៊ី​ប្រតិកម្ម​ជុំវិញ​ការបាញ់​សម្លាប់​អ្នក​កាសែត​មនសិការ​ខ្មែរ

ស្តីពី​ការបាញ់​សម្លាប់​អ្នក​កាសែត​មនសិការ​ខ្មែរ​នេះ​ដែរ ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា​ពួក​មាន​អំណាច​ផ្តាច់ការ​ដែល​ប្រព្រឹត្ត​អំពើ​មិន​ល្អ តែងតែ​សម្លាប់​បិទ​មាត់​អ្នក​កាសែត​ដែល​ផ្សព្វផ្សាយ​ការពិត ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​មាន​ការឈឺចាប់ ខ្ញុំ​មាន​ក្ដី​បារម្ភ​ទៀត ដោយសារ​ថា​អំពើ​ហិង្សា​កើតឡើង​ទៀត​ហើយ កើតឡើង​មក​លើ​អ្នក​កាសែត អ្នក​សារព័ត៌មាន ដែល​គ្នា​គ្រាន់តែ​យក​ព័ត៌មាន​យក​មក​ផ្សព្វផ្សាយ តែ​ព័ត៌មាន​នោះ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​តាម​របៀប​ផ្ដាច់ការ​មាន​ការភ័យ​ខ្លាច ពីព្រោះ​គេ​ខ្លាច​ការពិត ។ អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​គឺ​ខ្លាច​ការពិត ហើយ​បើ​គេ​ធ្វើ​អំពើ​អាក្រក់ គេ​មិន​ចង់​ឲ្យ​មាន​ការពិត​ត្រូវ​បាន​លាត​ត្រដាង គេ​សម្លាប់​អ្នក​កាសែត ។ ខ្ញុំ​សូម​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​លោក​វិនិច្ឆ័យ ពីព្រោះ​តុលាការ​ដ៏​ធំ​បំផុត​គឺ​តុលាការ​ប្រជារាស្ត្រ​ខ្មែរ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ឲ្យ​ខ្ញុំ​មាន​ជំនឿ​ជឿជាក់​ថា ប្រជារាស្ត្រ​ខ្មែរ​នឹង​វិនិច្ឆ័យ​ផ្តន្ទាទោស​អ្នក​កាន់​អំណាច​សព្វថ្ងៃ​ដែល​ប្រើ​អំណាច​តាម​របៀប​ផ្ដាច់ការ សម្លាប់​អ្នក​កាសែត សម្លាប់​អ្នក​ស្លូត​ត្រង់»

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

LASO

ពី KOHKONG

ខ្ញុំសូមថ្កោលទោសចំពោះអសន្តិសុខ ទៅលើអ្នកសារពត៍មាន
ដោយសារតែរដ្ឋាភីបាលខ្វះការទទួលខុសត្រូវលើសន្តិសុខសុវត្ថភាពប្រជាពលរដ្ឋរបស់ខ្លួន។

Sep 13, 2012 02:01 AM

គេហទំព័រ​ទាំងមូល