ថ្លែងក្នុងសន្និសីទថ្នាក់ជាតិលើកទី២ ស្តីពីក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃអង្គារ ទី២៧ ខែតុលា លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលជាអ្នកផ្តួចផ្តើមសន្និសីទ មានប្រសាសន៍ថា ការគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានចំពោះអាជីពជាអ្នកកាសែត គឺអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ ក៏ដូចជាទទួលបាននូវការគោរពពីគ្រប់មជ្ឈដ្ឋានទូទៅ។
លោក ប៉ា ងួនទៀង មានប្រសាសន៍ដូច្នេះ ៖ «អ្នកកាសែតយើងនឹងផ្ដល់តម្លៃដល់ក្រមសីលធម៌ ដើម្បីយើងធ្វើជាមូលដ្ឋានក្នុងការបង្កើននូវជំនឿទុកចិត្តពីសាធារណជន ពេលណាដែលយើងទទួលបានជំនឿទុកចិត្ត ពេលនោះយើងនឹងទទួលបានអំណាចមួយដែលអ្នកកាសែតមានឥទ្ធិពល ហើយពេលនោះហើយដែលជីវភាពអ្នកកាសែតនឹងមានការប្រែប្រួល»។
ចាងហ្វាងកាសែតសហស្សវត្សរ៍ថ្មីមានប្រសាសន៍ថា ៖ «ជាទូទៅសូមឲ្យសមីខ្លួនរបស់កាសែតនីមួយៗ និពន្ធនាយក ឬនាយកគ្រប់គ្រង ពង្រឹងខ្លួនឯងតែម្ដង ហ្នឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈប្រហែលជាអាចបានលឿនជាង»។
លោក ហែន វិភាគ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព បានឲ្យដឹងដូច្នេះ ៖ «កន្លងមកដោយសារអ្នកកាសែតពុំមានក្រមសីលធម៌ច្បាស់លាស់ ទើបបានជាមជ្ឈដ្ឋានផ្សេងៗ តែងតែយកច្បាប់ដែលមិនស្របទៅនឹងវិជ្ជាជីវៈអ្នកកាសែតមកគំរាមកំហែងសេរីភាពអ្នកសារព័ត៌មាន»។
លោក សេត វណ្ណដន អ្នកផ្តល់ប្រឹក្សាផ្នែកនយោបាយនៃគណៈកម្មការអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ឲ្យដឹងតាមសំឡេងអ្នកបកប្រែភាសាថា នៅក្នុងមួយទសវត្សរ៍ចុងក្រោយនេះ អ្នកសារព័ត៌មាននៅកម្ពុជាមានការវិវឌ្ឍឈានទៅមុខគួរឲ្យកត់សម្គាល់។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកកាសែតមួយចំនួនបានទទួលរងនូវការគំរាមកំហែងដល់អាយុជីវិត រាង្គកាយ និងផ្លូវចិត្តផងដែរ។ លោកបញ្ជាក់ថា ការគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គឺកាត់បន្ថយគ្រោះថ្នាក់ដល់អ្នកកាសែត។
គួររំឭកថា ចាប់តាំងពីប្រទេសកម្ពុជា បានបង្កើតឲ្យមានការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០០៩នេះ គឺមានអ្នកកាសែតមិនតិចជាង១០នាក់ទេ ត្រូវបានសម្លាប់ពីជនអនាមិក។ ជាង១០នាក់ជាប់ក្នុងពន្ធនាគារ និងជាច្រើននាក់ទៀតកំពុងប្រឈមរឿងក្តីក្នុងតុលាការ និងការគំរាមកំហែងដោយសារតែមូលហេតុនយោបាយ ខ្វះវិជ្ជាជីវៈនិងគំនុំ។
ការកាប់សម្លាប់អ្នកកាសែតនិងការផ្តន្ទាទោសអ្នកកាសែត ត្រូវបានមន្ត្រីផ្នែកសិទ្ធិមនុស្សបានលើកមកនិយាយថា មិនមែនដោយសារតែបញ្ហាមិនគោរពក្រមសីលធម៌មួយមុខនោះទេ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានរកឃើញថា វាមានបញ្ហាផ្សេងៗទៀត។
ដោយឡែកលោក ចន ចនសុន (John Johnson) មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ក្រមសីលធម៌វាមានសារសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មានគ្រប់ៗរូប មិនថាតែអ្នកសារព័ត៌មានកម្ពុជានោះទេ សូម្បីតែអ្នកកាសែតអាមេរិកក៏ដូចគ្នាដែរ នៅពេលពួកគេធ្វើរបាយកាណ៍ ឬសេចក្តីរាយការណ៍ព័ត៌មានរបស់គេ គឺតែងតែគោរពនូវក្រមសីលធម៌វិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួន៕
