ក្រុម​អ្នក​កាសែត​ជួប​ពិភាក្សា​​អំពី​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន

ក្រុម​អ្នក​កាសែត​កម្ពុជា​ជួប​ប្រជុំ​គ្នា​ពិភាក្សា​ពី​ក្រមសីលធម៌​សម្រាប់​អ្នក​សារ​ព័ត៌មាន ប្រយោជន៍​ដើម្បី​ទទួល​បាន​ការ​ផ្តល់​ទំនុក​ចិត្ត និង​មាន​ភាព​ថ្លៃថ្នូរ​ក្នុង​ការ​ប្រកប​អាជីព​ជា​អ្នក​កាសែត។

0:00 / 0:00

ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី​២ ស្តីពី​ក្រមសីលធម៌​សម្រាប់​អ្នក​សារ​ព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​តុលា លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​អ្នក​ផ្តួចផ្តើម​សន្និសីទ មាន​ប្រសាសន៍​ថា ការ​គោរព​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ចំពោះ​អាជីព​ជា​អ្នក​កាសែត គឺ​អាច​កាត់​បន្ថយ​បាន​នូវ​គ្រោះ​ថ្នាក់ ក៏​ដូចជា​ទទួល​បាន​នូវ​ការ​គោរព​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទៅ។

លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ដូច្នេះ ៖ «អ្នក​កាសែត​យើង​នឹង​ផ្ដល់​តម្លៃ​ដល់​ក្រម​សីលធម៌ ដើម្បី​យើង​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​បង្កើន​នូវ​ជំនឿ​ទុក​ចិត្ត​ពី​សាធារណជន ពេល​ណា​ដែល​យើង​ទទួល​បាន​ជំនឿ​ទុក​ចិត្ត ពេល​នោះ​យើង​នឹង​ទទួល​បាន​អំណាច​មួយ​ដែល​អ្នក​កាសែត​មាន​ឥទ្ធិពល ហើយ​ពេល​នោះ​ហើយ​ដែល​ជីវភាព​អ្នក​កាសែត​នឹង​មាន​ការ​ប្រែប្រួល»

ចាងហ្វាង​កាសែត​សហស្សវត្សរ៍​ថ្មី​មាន​ប្រសាសន៍​ថា ៖ «ជា​ទូទៅ​សូម​ឲ្យ​សមី​ខ្លួន​របស់​កាសែត​នីមួយៗ និពន្ធ​នាយក ឬ​នាយក​គ្រប់គ្រង ពង្រឹង​ខ្លួន​ឯង​តែម្ដង ហ្នឹង​ការ​អនុវត្ត​ក្រម​សីលធម៌​វិជ្ជាជីវៈ​ប្រហែល​ជា​អាច​បាន​លឿន​ជាង»

លោក ហែន វិភាគ ប្រធាន​សមាគម​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ដើម្បី​សេរីភាព បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «កន្លង​មក​ដោយសារ​អ្នក​កាសែត​ពុំ​មាន​ក្រម​សីលធម៌​ច្បាស់​លាស់ ទើប​បាន​ជា​មជ្ឈដ្ឋាន​ផ្សេងៗ តែង​តែ​យក​ច្បាប់​ដែល​មិន​ស្រប​ទៅ​នឹង​វិជ្ជាជីវៈ​អ្នក​កាសែត​មក​គំរាម​កំហែង​សេរីភាព​អ្នក​សារ​ព័ត៌មាន»

លោក សេត វណ្ណដន អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​នៃ​គណៈកម្មការ​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​សំឡេង​អ្នក​បក​ប្រែ​ភាសា​ថា នៅ​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ការ​វិវឌ្ឍ​ឈាន​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នក​កាសែត​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត រាង្គកាយ និង​ផ្លូវ​ចិត្ត​ផង​ដែរ។ លោក​បញ្ជាក់​ថា ការ​គោរព​បាន​នូវ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន គឺ​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​អ្នក​កាសែត។

គួរ​រំឭក​ថា ចាប់​តាំង​ពី​ប្រទេស​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០០៩​នេះ គឺ​មាន​អ្នក​កាសែត​មិន​តិច​ជាង​១០​នាក់​ទេ ត្រូវ​បាន​សម្លាប់​ពី​ជន​អនាមិក។ ជាង​១០​នាក់​ជាប់​ក្នុង​ពន្ធនាគារ និង​ជាច្រើន​នាក់​ទៀត​កំពុង​ប្រឈម​រឿង​ក្តី​ក្នុង​តុលាការ និង​ការ​គំរាម​កំហែង​ដោយសារ​តែ​មូលហេតុ​នយោបាយ ខ្វះ​វិជ្ជាជីវៈ​និង​គំនុំ។

ការ​កាប់​សម្លាប់​អ្នក​កាសែត​និង​ការ​ផ្តន្ទាទោស​អ្នក​កាសែត ត្រូវ​បាន​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​បាន​លើក​មក​និយាយ​ថា មិន​មែន​ដោយសារ​តែ​បញ្ហា​មិន​គោរព​ក្រម​សីលធម៌​មួយ​មុខ​នោះ​ទេ។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​រក​ឃើញ​ថា វា​មាន​បញ្ហា​ផ្សេងៗ​ទៀត។

ដោយ​ឡែក​លោក ចន ចនសុន (John Johnson) មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រម​សីលធម៌​វា​មាន​សារសំខាន់​បំផុត​សម្រាប់​អ្នក​សារ​ព័ត៌មាន​គ្រប់ៗ​រូប មិន​ថា​តែ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​នោះ​ទេ សូម្បី​តែ​អ្នក​កាសែត​អាមេរិក​ក៏​ដូច​គ្នា​ដែរ នៅ​ពេល​ពួកគេ​ធ្វើ​របាយកាណ៍ ឬ​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​គេ គឺ​តែង​តែ​គោរព​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​យ៉ាង​ខ្ជាប់ខ្ជួន៕