មន្រ្តីនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ថា នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនានេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា និងលោក ម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារជំនួយឥតសំណងមួយសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន ៤ នៅប្រទេសកម្ពុជា។
មន្រ្តីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងបញ្ជាក់ថា ជំនួយឥតសំណងដែលនឹងត្រូវចុះហត្ថលេខាសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន ៤នេះ គឺមានទឹកប្រាក់សរុបចំនួនជិត ២ពាន់លានយ៉េន ប្រមាណជាង ៣១លានដុល្លារសហរដ្ឋអាមេរិក។
លោក កុយ គួង បានបញ្ជាក់ថា ៖ «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួនជាង ៣១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួន ៤»។
លោកបានថ្លែងឲ្យដឹងថា គម្រោងទាំង ៤ ដែលត្រូវអនុវត្តនោះ គឺទី១ ការសាងសង់ស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គក្រោម, ទី២ គម្រោងបញ្ចូលថាមពលស្អាត ដោយបង្កើតប្រព័ន្ធបង្កើតអគ្គិសនីប្រើថាមពលព្រះអាទិត្យ, ទី៣ កម្មវិធីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពដោះស្រាយគ្រោះមហន្តរាយធម្មជាតិ បណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ និងទី៣ សម្រាប់ថែរក្សាព្រៃឈើ។
ចំពោះគម្រោងទី១ ស្តីពីការសាងសង់ស្ពានអ្នកលឿងឆ្លងកាត់ទន្លេមេគង្គក្រោមត្រូវបានលោក កុយ គួង បញ្ជាក់ដូច្នេះ ៖ «គ្រាន់តែសិក្សាប្លង់លម្អិត ថាត្រូវសាងសង់យ៉ាងម៉េច!»។
ទាក់ទងនឹងកាលបរិច្ឆេទនិងការសិក្សាអំពីប្លង់លម្អិតលើគម្រោងសង់ស្ពានអ្នកលឿងនេះ លោក កុយ គួង បានថ្លែងថា ជាការទទួលបន្ទុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំព័ត៌មានបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូនបានទេ នៅថ្ងៃល្ងាចថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០១០នេះ៕
