អ្នកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ អ្នកស្រីចង់ឃើញជនប្រព្រឹត្តិអំពើពុករលួយ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យបានធ្ងន់ ដើម្បីឲ្យអ្នកប្រព្រឹត្តិរាងចាល។ អ្នកស្រីបានរិះគន់ចំពោះការអនុវត្តច្បាប់របស់តុលាការខេត្តកណ្ដាល ដែលបានផ្ដន្ទាទោស កាលពីថ្ងៃទី២៦ ខែកញ្ញា ទៅលើអតីតចៅក្រម ហួត ហ៊ាង ក្នុងរឿងស៊ីសំណូក ៥ពាន់ដុល្លារ ឲ្យមានទោស ២ឆ្នាំ តែអនុវត្តទោសត្រឹម ១ឆ្នាំប៉ុណ្ណោះ។
អ្នកស្រី ម៉ម ស៊ីថា មិនបានដឹងថា តើតុលាការខេត្តកណ្ដាល ផ្នែកទៅលើមូលដ្ឋានច្បាប់រឹងមាំយ៉ាងណាលើផ្លូវច្បាប់ ទើបសម្រេចផ្ដន្ទាទោសបែបនេះចំពោះជនប្រព្រឹត្តិអំពើពុករលួយជាចៅក្រមនោះទេ។
តែអ្នកស្រីបន្តថា ប្រសិនបើការផ្ដន្ទាទោសជនប្រព្រឹត្តិអំពើពុករលួយក្នុងកម្រិតស្រាល ដើម្បីតែបង្គ្រប់កិច្ច ឬធ្វើឲ្យតែបានៗនោះ វាគ្មានប្រយោជន៍ ឬឥទ្ធិពលអ្វីទាល់តែសោះ ចំពោះការប្រឆាំងអំពើពុករលួយ ព្រោះជនប្រព្រឹត្តិមិនបានខ្លបខ្លាចច្បាប់ និងរាងចាលលែងប្រព្រឹត្តអំពើពុករលួយនោះទេ៖ «អំពើពុករលួយ វាពាក់ព័ន្ធទៅនឹងភាពក្តៅគគុក គួរតែចាត់ការឲ្យមានភាពខ្លាំងក្លាមុតស្រួច ដើម្បីឲ្យអ្នកប្រព្រឹត្តិរាងចាលម្តង ហើយធ្វើឲ្យគ្រាន់តែបានតែធ្វើ គឺថាវាមិនទទួលយកបានទេ»។
ការឃាត់ខ្លួនមន្ត្រីតុលាការខេត្តកណ្ដាល ហួត ហ៊ាង ដោយអង្គភាពប្រឆាំងអំពើពុករលួយ គឺជាលើកទី២ ហើយ បន្ទាប់ពីមានការឃាត់ខ្លួនលោក តុប ចាន់សិរីវុធ អតីតព្រះរាជអាជ្ញាតុលាការខេត្តពោធិ៍សាត់ កាលពីខែវិច្ឆិកា ឆ្នាំ២០១០ ពីបទស៊ីសំណូកពុករលួយ។ អតីតព្រះរាជអាជ្ញា តុប ចាន់សិរីវុធ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១៩ឆ្នាំ។ រីឯអតីតមន្ត្រីជាន់ខ្ពស់នគរបាលម្នាក់ទៀត គឺលោក ម៉ឹក ដារ៉ា និងគូកន ព្រមទាំងស្នងការ និងស្នងការរងខេត្តបន្ទាយមានជ័យ ក៏ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន និងបញ្ជូនទៅកាត់ទោសក្នុងរឿងស៊ីសំណូក តាមរយៈការបង្ក្រាបគ្រឿងញៀន។ លោក ម៉ឹក ដារ៉ា អតីតអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ចំពោះការសម្រេចរបស់តុលាការខេត្តកណ្ដាល លើករណីលោក ហួត ហ៊ាង ជាអតីតចៅក្រម ធ្វើឲ្យអង្គការសង្គមស៊ីវិលខកចិត្តចំពោះចំណាត់ការរបស់តុលាការ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ក៏សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការខេត្តកណ្ដាល នេះដែរ។ លោក ឱម យ៉ិនទៀង បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការប្រៀបដូចជាប្ដីប្រពន្ធ ដើរទៅមុខដើម្បីប្រឆាំងអំពើពុករលួយ។ តែបើអង្គភាពប្រឆាំងអំពើពុករលួយទៅមុខតែឯងនោះ វាមិនទទួលបានផលប្រយោជន៍អ្វីទេ។ ការបញ្ជាក់របស់លោក ឱម យ៉ិនទៀង គឺឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថា តើអង្គភាពនេះនឹងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ លើការសម្រេចសាលក្រមឲ្យលោក ហួត ហ៊ាង អនុវត្តទោស ១ឆ្នាំ ឬយ៉ាងណា?
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់ថា អង្គភាពប្រឆាំងអំពើពុករលួយ គឺច្បាប់មិនអនុញ្ញាតឲ្យអង្គភាពនេះមានសិទ្ធិប្ដឹងឧទ្ធរណ៍ទេ។ លោកបន្តថា អ្នកដែលប្ដឹងឧទ្ធរណ៍បាន គឺព្រះរាជអាជ្ញានៅខេត្តកណ្ដាល ហើយបើមានការប្ដឹងឧទ្ធរណ៍មែន លោកគាំទ្រចំពោះការប្ដឹងទាស់នោះ៖ «បើព្រះរាជអាជ្ញាគិតដូចអូន ប្ដឹងឧទ្ធរណ៍ យើងខ្ញុំគិតថាគាំទ្រដែរ។ ប៉ុន្តែ ច្បាប់មិនអនុញ្ញាតឲ្យអូនជាអ្នកសារព័ត៌មាន មិនអនុញ្ញាតឲ្យខ្ញុំជាអ្នកប្រឆាំងអំពើពុករលួយនេះ មានសិទ្ធិប្ដឹងឧទ្ធរណ៍ទេ»។
លោកបន្តថា ការប្រឆាំងអំពើពុករលួយ គឺមានអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការជាអ្នកទទួលខុសត្រូវ។ លោក ឱម យ៉ិនទៀង បានចោទជាសំណួរថា អង្គភាពប្រឆាំងអំពើពុករលួយចាប់ចៅក្រម ហើយបញ្ជូនឲ្យចៅក្រមកាត់ទោស។ ឥឡូវការសម្រេចរបស់ចៅក្រមអ៊ីចឹង តើឲ្យគេទុកចិត្តទៀត ឬក៏អត់?
ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ បានចែងច្បាស់ថា ទោសអ្នកជាចៅក្រម ត្រូវធ្ងន់ជាងទោសអ្នកដែលមិនមែនជាចៅក្រម។ ក្នុងលក្ខខណ្ឌជនប្រព្រឹត្តិអំពើពុករលួយមិនមែនជាចៅក្រម ទោសជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ។ តែបើចៅក្រម មានទោសពី ៧ឆ្នាំទៅ ១៥ឆ្នាំ។
លោក ឱម យ៉ិនទៀង បានប្រាប់ថា ការសម្រេចរបស់តុលាការខេត្តកណ្ដាល ដែលសម្រេចផ្ដន្ទាទោសអតីតចៅក្រម លោក ហួត ហ៊ាង គឺដោយផ្អែកតាមមូលដ្ឋានមួយចំនួន ទៅតាមឆន្ទានុសិទ្ធិរបស់តុលាការ៖ «គាត់ក៏មានមូលដ្ឋានដែរថា ចៅក្រមគាត់ភ្ញាក់រលឹក គាត់ទន់ភ្លន់ គាត់ស្ដាយកំហុសរបស់គាត់។ ពីមុនមិនបានអ៊ីចឹងទេ មុនទើបចាប់ភ្លាម គាត់ថា ៥ពាន់ដុល្លារច្រើនអី តិចមួយហ្នឹង! ម៉េចក៏ចាប់ដែរ។ ប៉ុន្តែ ឥឡូវគាត់ថា គាត់មានអារម្មណ៍ភ្ញាក់រលឹក មានមនសិការលើមូលដ្ឋានហ្នឹងហើយ ដែលក្រុមប្រឹក្សាជំនុំជម្រះប្រើមាត្រា៩៤ ដែលថា ទោសដែលចន្លោះពី ៥ទៅ១០ឆ្នាំ អាចបន្ថយពី ២ឆ្នាំទៅ ១០ឆ្នាំដែរ ហើយពី ២ឆ្នាំទៅ ១០ឆ្នាំ គាត់យក ២ឆ្នាំហ្នឹង»។
តែទោះជាយ៉ាងណា លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ការប្រឆាំងអំពើពុករលួយនៅកម្ពុជា ពិបាកនឹងធ្វើឲ្យបានជោគជ័យ។ លោកយល់ឃើញថា ករណីលោក ហួត ហ៊ាង នេះ អាចពាក់ព័ន្ធនឹងខ្សែស្រឡាយអ្នកមានអំណាចណាមួយ ស្ថិតនៅពីក្រោយរឿងនេះ ហើយប្រសិនបើគ្មានការរត់ការអន្តរាគមន៍ពីខ្នងទាំងនោះទេ តុលាការប្រហែលជាផ្ដន្ទាទោសធ្ងន់ជាងនេះ។
លោក អ៊ូ វីរៈ ពន្យល់ថា ការប្រឆាំងអំពើពុករលួយ អាចធ្វើទៅរួច វាលែងតែគណបក្សកាន់អំណាចបំបាត់នូវវប្បធម៌ប្រើប្រាស់ខ្សែ ឬខ្នងបក្ខពួក។ លោកថា បច្ចុប្បន្នការប្រើប្រាស់ខ្សែស្រឡាយជំពាក់វាក់វិន ឬអាងលោកនេះ អាងអ្នកនោះ ក្នុងជួរមន្ត្រីរដ្ឋាភិបាល និងស្ថាប័នផ្សេងៗកាន់តែមានច្រើន។ លោកខ្លាចអាចមានថ្ងៃណាមួយ ខ្សែចំណងនៃបក្ខពួកនិយម នឹងស្រាយលែងចេញ៖ «ករណីនេះបង្ហាញថា ការប្រឆាំងអំពើពុករលួយ ជារឿងមួយពិបាកបំផុតនៅពេលណាដែលរដ្ឋាភិបាលពឹងផ្អែកទៅលើការគ្រប់គ្រងរដ្ឋអាស្រ័យលើបក្ខពួកនិយម ខ្សែនិយមដូច្នេះ»។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន យល់ឃើញថា ការផ្ដន្ទាទោសវែង ឬខ្លី ក្នុងសំណុំរឿងពុករលួយ មិនមែនជារឿងសំខាន់ទេ។ តែអ្វីដែលសំខាន់ ហើយយើងចង់បាននោះ គឺការស៊ើបអង្កេតលើករណីពុករលួយ និងផ្ដន្ទាទោសទៅលើជនប្រព្រឹត្តិអំពើពុករលួយ៖ «ការស៊ើបអង្កេតមានការដាក់ទោសប៉ុណ្ណឹង យើងចង់បានប៉ុណ្ណឹងបានហើយ។ អាហ្នឹងវាធ្វើឲ្យមនុស្សរាងចាលដែរ បន្ទាប់ពីគាត់មានទោស ហើយគាត់ត្រូវអស់អាជីពធ្វើជាចៅក្រមអស់មួយជីវិត ដូច្នេះអាចជាការព្រមាន ជាឧទាហរណ៍សម្រាប់ចៅក្រមផ្សេងៗ គាត់អត់ហ៊ានធ្វើអីអ៊ីចឹងទេ»។
អតីតចៅក្រមតុលាការខេត្តកណ្តាល លោក ហួត ហ៊ាង ទំនងជាត្រូវរួចពីទោសនៅអំឡុងខែមករា ឆ្នាំ២០១៣ ក្រោយពីលោកត្រូវបានឃុំខ្លួនជិត ១ឆ្នាំ ដើម្បីធ្វើការស៊ើបអង្កេត។ លោកត្រូវផុតទោស បន្ទាប់ពីតុលាការផ្ដន្ទាទោសឲ្យអនុវត្តទោសត្រឹមតែ ១ឆ្នាំ រាប់គិតពីការចាប់ខ្លួន ដែលធ្វើឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។