លោក មឿង សាម៉េន ជាសមាជិកក្រុមប្រឹក្សាម្នាក់ក្នុងចំណោមក្រុមប្រឹក្សាស្រុកផ្សេងទៀត បានថ្លែងថា បើរដ្ឋាភិបាលមិនមានថវិកា ឬចាត់ទុកស្ថាប័នថ្នាក់ក្រោមជាតិមួយនេះ មិនសំខាន់នោះ រដ្ឋាភិបាលអាចរំលាយចោលវិញក៏បាន។ លោកថ្លែងបន្តថា ចាប់តាំងពីរដ្ឋាភិបាលបង្កើតឲ្យមានក្រុមប្រឹក្សាស្រុកកើតឡើងប្រាក់បៀវត្សរបស់មន្ត្រីបម្រើការនៅស្ថាប័ននេះ ពុំដែលទទួលបានទៀងទាត់តាមខែនោះទេ។ ដូច្នេះលោកទាមទារឲ្យរដ្ឋាភិបាលមានវិធានការចំពោះបញ្ហានេះជាថ្មី។
ចំណែកលោក ក្រូច សំអុល ជាសមាជិកក្រុមប្រឹក្សាស្រុកម្នាក់ដែរ នៅខេត្តកំពង់ចាម ក៏បានរអ៊ូរទាំពីភាពយឺតយ៉ាវនៃការបើកប្រាក់បៀវត្សប្រចាំខែនេះដែរ។ លោកថា មានខែខ្លះប្រាក់ខែរបស់មន្ត្រីក្រុមប្រឹក្សាបានអូសបន្លាយរយៈពេល ២ខែ ទើបបើកជូនពួកគេក៏មាន។
ទាក់ទងបញ្ហានេះមន្ត្រីទទួលបន្ទុកបើកប្រាក់បៀវត្សជូនសមាជិកក្រុមប្រឹក្សាស្រុកខេត្តកំពង់ចាម បានទទួលស្គាល់ថា ប្រាក់បៀវត្សក្រុមប្រឹក្សាស្រុកសម្រាប់ខែមីនា ពិតជាមិនទាន់បើកជូនពួកគេពិតមែន។
ប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក រៀល សារិន បានឲ្យដឹងថា ការអូសបន្លាយនៃការបើកប្រាក់បៀវត្សខែមីនា ជូនសមាជិកក្រុមប្រឹក្សាស្រុក ក្នុងខេត្តកំពង់ចាម ក៏ព្រោះតែរតនាគារជាតិមិនបានផ្ដល់ប្រាក់ឲ្យបានគ្រប់ចំនួនជូនតាមស្រុកនិមួយៗ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីរតនាគារជាតិដើម្បីបំភ្លឺជុំវិញកង្វះថវិកាសំរាប់ផ្តល់ជូន ឬបើកជូនសមាជិកក្រុមប្រឹក្សាស្រុកមួយចំនួននៅខេត្តកំពង់ចាមបានទេ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២។
ប្រាក់បៀវត្សប្រចាំខែរបស់សមាជិកក្រុមប្រឹក្សាស្រុកព្រៃឈរ ក្នុងម្នាក់ទទួលបានប្រមាណ ៥០ម៉ឺនរៀល។ ក្រុមប្រឹក្សាស្រុកព្រៃឈរមានសមាជិកសរុបចំនួនជិត ២០នាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
