មន្ត្រី​សុរិយោដី​ខេត្ត​កំពង់ចាម​ជិត​១០០​នាក់​មិន​ទាន់​បាន​ប្រាក់​ឧបត្ថម្ភ

មន្ត្រី​សុរិយោ​ដី​នៅ​ខែត្រ​កំពង់ចាម បាន​អះអាង​ថា ពួកគាត់​កំពុង​ខ្វះខាត​ថវិកា ដោយសារ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល និង​ប្រាក់​គម្រោង​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ហៅ​ថា​គម្រោង អិលម៉ែប (Lmap) នោះ គេ​មិន​ទាន់​បើក​ជូន​ទេ តាំង​ពី​ឆ្នាំ​២០១០ មក។

0:00 / 0:00

ក្រុម​មន្ត្រី​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខែត្រ​កំពង់ចាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ តុលា ថា ពួក​គាត់​ជិត ១០០​នាក់ មិន​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នៃ​គម្រោង​គ្រប់គ្រង​រដ្ឋបាល​ដីធ្លី ហៅ​ថា (Land Management Administration Project=Lmap) គ្រប់​ចំនួន​នៅ​ឡើយ គិត​តាំង​ពី​ឆ្នាំ​២០១០​មក។

មន្ត្រី​នៃ​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ថា ប្រាក់​ឧបត្ថម្ភ​អំពី​ការ​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៃ​គម្រោង អិលម៉ែប គេ​បើក​ឲ្យ​ពួកគាត់​ចំនួន ៦០% នៅ​ពេល​ពួក​គាត់​ចុះ​វាស់វែង អ្នក​ខ្លះ​ទទួល​បាន ១៥០​ដុល្លារ អ្នក​ខ្លះ​ទៀត​បាន ២៥០​ដុល្លារ​ក្នុង​មួយ​ខែ អាស្រ័យ​លើ​ការ​វាស់​បាន​ចំនួន​ដី​ច្រើន ឬ​តិច។

ដោយ​ឡែក​នៅ​សល់​ថវិកា​ប្រមាណ ៤០% ទៀត រដ្ឋាភិបាល​ថា នឹង​ផ្ដល់​ជូន​នៅ​ក្រោយ​ពេល​វាស់វែង និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រួចរាល់។ ប៉ុន្តែ​ពួក​គាត់​បាន​វាស់វែង​បញ្ចប់ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ពីរ​ស្រុក​រួច​រាល់​ហើយ គិត​តាំង​ពី​ឆ្នាំ​២០១០ មក រដ្ឋាភិបាល​មិន​ផ្ដល់​ប្រាក់​ចំនួន ៤០% គិត​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ចន្លោះ​ពី ២​ពាន់ ទៅ ៣​ពាន់​ដុល្លារ៖ «មន្ត្រី​មាន​ការ​ខ្វះខាត យើង​ពឹង​លើ​ប្រាក់​ខែ​សុទ្ធ។ ក្រ​បើក​អ៊ីចឹង​យើង​មាន​អី​ដោះស្រាយ​ប្រចាំថ្ងៃ ពី​មុន​គេ​ចុះ​កាសែត​សន្យា​ថា បើក​ឲ្យ​តាំង​ពី​កន្លះ​ខែ​មុន​ម្ល៉េះ តែ​គេ​សន្យា​តែ​មាត់ ឥឡូវ​អត់​ឃើញ​បើក​សោះ»

គម្រោង​គ្រប់គ្រង​រដ្ឋបាល​ដីធ្លី អិលម៉ែប ជា​គម្រោង​មួយ​ដែល​ធនាគារ​ពិភពលោក (World Bank) ជា​អ្នក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ពី​លើ​ប្រាក់​ខែ​ប្រចាំ​ខែ​របស់​មន្ត្រី​សុរិយោដី​ខែត្រ នៅ​ពេល​ពួក​គេ​ចុះ​បេសកកម្ម​វាស់​វែង​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ តាំង​ពី​ឆ្នាំ​២០០៣ មក។ ប៉ុន្តែ​ធនាគារ​ពិភពលោក​ផ្ដល់​ជូន​ប្រាក់​ឧបត្ថម្ភ​នេះ​បាន​គ្រប់​ចំនួន​ដល់​ឆ្នាំ​២០០៩។ គិត​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២ នេះ ក្រោយ​ពេល​ធនាគារ​ពិភពលោក​ឈប់​ជួយ រដ្ឋាភិបាល​ជា​អ្នក​រ៉ាប់រង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​មន្ត្រី​សុរិយោ​ដី​នៃ​គម្រោង អិលម៉ែប ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្ដូរ​ឈ្មោះ​គម្រោង​នេះ​ថា ជា​គម្រោង កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី តែ​រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​មិន​ទាន់​ទទួល​ប្រាក់​ឧបត្ថម្ភ​នោះ​ពី​រដ្ឋាភិបាល​នៅ​ឡើយ។

ន្រ្តី​មួយ​រូប​ទៀត​បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​ប្រាក់​ឧបត្ថម្ភ​នៃ​គម្រោង អិលម៉ែប ដែល​ពួក​គាត់​មិន​ទាន់​បើក​បាន​នៅ​សល់​ប្រមាណ ៤០% ទៀត​នោះ គឺ​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ស្នាក់នៅ​ដែល​រដ្ឋាភិបាល​ផ្ដល់​ជូន​នៅ​អំឡុង​ពេល​ពួកគាត់​សហការ​ជាមួយ​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​តំាង​ពី​ខែ​កក្កដា មក​នោះ គឺ​ពួក​គាត់​ទទួល​បាន​តែ​ខែ​ដំបូង​ទេ គឺ​ចំនួន ៧៥​ដុល្លារ នៅ​សល់​ខែ​សីហា និង​ខែ​កញ្ញា មិន​ទាន់​ទទួល​បាន​នៅ​ឡើយ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ដែនដី​នគររូបនីយកម្ម និង​សំណង់ ខែត្រ​កំពង់ចាម លោក ឌី កាលីនី បាន​ឲ្យ​ដឹង​ថា លោក​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់​លើ​រួច​ហើយ អំពី​ការ​បើក​ប្រាក់​ឧបត្ថម្ភ​បន្ថែម ៤០% ទៀត នៃ​គម្រោង អិលម៉ែប នោះ។ រី​ឯ​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ស្នាក់នៅ​ចំនួន ៧៥​ដុល្លារ​ក្នុង​មួយ​ខែ ពេល​ចុះ​វាស់វែង​ដី​ជាមួយ​ក្រុម​និស្សិត​នោះ ការ​យឺតយ៉ាវ​ដោយសារ​តែ​បញ្ហា​បច្ចេកទេស។

ទោះ​យ៉ាង​ណា លោក​បញ្ជា​​ក់​ថា គេ​នឹង​បើក​ជូន​ក្នុង​ពេល​ឆាប់ៗ​នេះ៖ «អាទិត្យ​មុន​ខ្ញុំ​បាន​តេ​សួរ​នៅ​ភ្នំពេញ តែ​ភ្នំពេញ គេ​ប្រាប់​ថា ប្រាក់​ខែ ឬ​ប្រាក់​ឧបត្ថម្ភ​ហ្នឹង គេ​ថា យ៉ាង​ហោច​ណាស់​ក៏​បើក​បាន​មុន​ប្រជុំ​ដែរ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​លេខាធិការដ្ឋាន​ពិសេស​នៃ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល​ថា ដើម្បី​ឲ្យ​គម្រោង​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មន្ត្រី​សុរិយោដី​ដែល​មាន​ស្រាប់ ពិសេស​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​ពួក​គាត់៖ «បើ​សិន​ជា​យើង​ទុក​ឲ្យ​គាត់​មាន​ប្រាក់​ខែ​តិចតួច​អ៊ីចឹង ទោះ​បី​ជា​ខំ​ប្រឹង​អូស​គាត់​យ៉ាង​ម៉េច​ក៏​អត់​រួច​ទេ បើ​គាត់​គ្មាន​លទ្ធភាព»

ខែត្រ​កំពង់ចាម មាន​ចំនួន ១៧​ស្រុក ប៉ុន្តែ​គម្រោង​វាស់វែង​ដីធ្លី អិលម៉ែប បាន​ចាប់​ផ្ដើម​វាស់វែង​ដីធ្លី​ចំនួន ៥​ស្រុក​មុន ក្នុង​ចំណោម ១៧​ស្រុក។ គិត​ពី​ឆ្នាំ​២០០៣ មក​ដល់​ពេល​នេះ មន្ត្រី​សុរិយោដី​ខែត្រ​ចុះ​វាស់​ដីធ្លី និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ពីរ​ស្រុក គឺ​ស្រុក​បាធាយ និង​ស្រុក​ព្រៃឈរ មាន​សរុប ៣​សែន ៥​ម៉ឺន​ក្បាល​ដី។ បច្ចុប្បន្ន​គម្រោង​នេះ​នៅ​បន្ត​វាស់​វែង​ដីធ្លី​ជួន​ប្រជាពលរដ្ឋ​ចំនួន​បី​ស្រុក​ទៀត នៅ​ស្រុក​ជើងព្រៃ អូររាំងឪ និង​ស្រុក​កំពង់សៀម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។