តុលាការ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​ដាក់​ពន្ធនាគារ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់

តុលាការ​ខេត្ត​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី៨ វិច្ឆិកា បាន​សម្រេច​ដាក់​ពន្ធនាគារ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ គឺ​លោក ជា ឈឿន តាម​បណ្ដឹង​របស់​លោក សុខ ប៊ុន ជា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​ឆបោក និង​ក្លែង​បន្លំ​លិខិត​សាធារណៈ។
ដោយ មណ្ឌល កែវ
2012-11-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តំណាង​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​ប្រើប្រាស់​សំឡេង លោក​ថា​ក្នុង​នាម​ជា​តំណាង​ឲ្យ​ស្ថាប័ន​អយ្យការ លោក​បាន​សម្រេច​ចោទ​ប្រកាន់​លោក ជា ឈឿង ពី​បទ​ឆបោក និង​ក្លែង​បន្លំ​លិខិត​សាធារណៈ។ តំណាង​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង រូប​នេះ​បន្ត​ថា ដើម​បណ្ដឹង គឺ​លោក សុខ ប៊ុន មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់ ដែល​បង្ហាញ​ថា លោក​បាន​ប្រគល់​ប្រាក់​ចំនួន ២៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ​ឲ្យ​ចុង​ចោទ គឺ​លោក ជា ឈឿង ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១២។ ឯ​លោក ជា ឈឿង ត្រូវ​ប្រគល់​ដី​ចំនួន ១.៣០០​ហិកតារ​មក​ឲ្យ​លោក សុខ ប៊ុន។ តែ​លោក ជា ឈឿង ពុំ​មាន​ដី​ប្រគល់​ឲ្យ​លោក សុខ ប៊ុន តាម​ការ​សន្យា​នោះ​ទេ។

យ៉ាង​នេះ​ក្ដី មេ​ឃុំ​ស្វាយជ្រំ គឺ​លោក យី ភួន មាន​ប្រសាសន៍​ថា លោក ជា ឈឿង ពុំ​មាន​បំណង​ឆបោក​តាម​ពាក្យ​បណ្ដឹង​របស់​ដើម​ចោទ​នោះ​ទេ។ តាម​ពិត គឺ​លោក​គ្រាន់​តែ​រក​ដី​ពុំ​ទាន់​គ្រប់​ចំនួន​តាម​កិច្ច​សន្យា​ប៉ុណ្ណោះ៖ «តាម​ដែល​ខ្ញុំ​ក្ដាប់​បាន​នោះ គឺ​ដី​មិន​ថា​អត់​នោះ​ទេ។ ប៉ុន្តែ ដោយ​ការ​ទិញ​ដូរ​របស់​គាត់​មាន​ការ​ឆក់​ល្វែង។ ទិញ​អត់​ទាន់​ឲ្យ​គេ ដល់​តែ​លើស​កិច្ច​សន្យា​ទៅ។ គាត់​ទិញ​បាន​ជិត ៣០០​ហិកតារ​ដែរ តែ​ដល់​ទឹក​ឡើង​ទៅ គាត់​ធ្វើ​ការ​វាស់​វែង​អត់​ទាន់។ មួយ​ផ្នែក គឺ​លើស​កិច្ច​សន្យា ហើយ​មួយ​ផ្នែក​ទៀត គឺ​មិន​ទាន់​គ្រប់​ចំនួន​ឲ្យ​គេៗ​ក៏​ប្ដឹង​គាត់​ទៅ»

ប្រភព​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ បច្ចុប្បន្ន​ជា​ជន​ជាប់​សង្ស័យ​ឈ្មោះ ជា ឈឿង ទិញ​បាន​ដី​ចំនួន ៣៥០​ហិកតារ​ដែរ នៅ​ក្នុង​ឃុំ​ស្វាយជ្រំ តែ​ចំនួន​នេះ​មិន​គ្រប់​តាម​ការ​សន្យា។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ដី​មួយ​ភាគ​ធំ​ដែល​លោក ជា ឈឿង អះអាង​ថា បាន​ទិញ​នោះ​មាន​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ និង​មួយ​ចំនួន​ទៀត ជា​ដី​ស្ថិត​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ ស្ថិត​ក្នុង​ភូមិ​ចំនួន ៥ គឺ ភូមិ​ទួលទ្រា ភូមិ​ឆ្នង់កំបុត ភូមិ​ស្វាយជ្រំ ភូមិ​សីឡាង និង​ភូមិ​ឧទុម្ពរ។

ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ គឺ​លោក ពេជ្រ សម្បត្តិ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ពី​បញ្ហា​ការ​ចាប់​លោក ជា ឈឿង ដាក់​ពន្ធនាគារ​នោះ​ទេ។ លោក​ថា បញ្ហា​នេះ​ជា​រឿង​ឯកជន​ពុំ​មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ការងារ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​របស់​លោក ជា ឈឿង នោះ​ទេ៖ «ខ្ញុំ​អត់​បាន​ដឹង​ទេ កិច្ច​ការ​នេះ ហេតុ​នេះ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជូន​នោះ​ទេ ស្រេច​តែ​លើ​នីតិវិធី​របស់​តុលាការ​ទេ។ បាទ! អត់​មាន​ទេ នេះ​ជា​ការងារ​ឯកជន​របស់​គាត់ ហេតុ​នេះ​ស្រេច​តែ​លើ​នីតិវិធី​របស់​តុលាការ»

ដូច​គ្នា​នេះ​ដែរ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​បុគ្គល ពុំ​មាន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សំ ច័ន្ទគា សាទរ​ចំពោះ​ចំណាត់​ការ​របស់​ស្ថាប័ន​តុលាការ។ យ៉ាង​នេះ​ក្ដី លោក​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​រឹត​បន្តឹង​ក្រម​សីលធម៌​នៃ​មន្ត្រី​រាជការ និង​ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​រាជការ​ក្លាយ​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទើប​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

He must go to jail for what he did. He cannot buy public land for his own benefit. That is illegal. The government must investigate thoese who sold all the public land to this guy. He deserves to be jailed.

Nov 09, 2012 01:55 PM