តុលាការ​ពន្យារ​ពេល​ក្នុង​ការ​សាកសួរ កឹម សុខា

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ពន្យារ​ពេល​ក្នុង​ការ​សាកសួរ​ចំពោះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ហើយ ជុំវិញ​បណ្ដឹង​ទាក់ទង​នឹង​ការ​រំលោភ​សេចក្តី​ទុក​ចិត្ត និង​ការ​ក្លែង​ឯកសារ ក្រោយ​ពី​អតីត​បុគ្គលិក​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ប្ដឹង​លោក កាល​ពី​ឆ្នាំ​២០០៦​កន្លង​មក។

ការ​សម្រេច​ពន្យារ​ពេល​ធ្វើ​ឡើង​ក្រោយ​ពី​មាន​សេចក្ដី​ស្នើសុំ​របស់​ភាគី​លោក កឹម សុខា ដែល​បាន​អះអាង​ថា លោក​មិន​អាច​ចូល​មក​បំភ្លឺ​រឿង​នេះ​ទាន់​ពេល​វេលា ដែល​តុលាការ​បាន​គ្រោង​ទុក​ថា នឹង​សាកសួរ​នៅ​ថ្ងៃ​ទី​៦ កញ្ញា​ខាង​មុខ​នេះ​ទេ ដោយ​ហេតុ​ថា លោក​កំពុង​ជាប់​រវល់​នៅ​ក្នុង​បេសកកម្ម​ការងារ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក។

ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សុខ រឿន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​៥ កញ្ញា ថា លោក​បាន​យល់​ព្រម​ហើយ​ចំពោះ​ការ​ស្នើសុំ​នោះ ហើយ​គេ​គ្រោង​ថា នឹង​ធ្វើ​ការ​កោះហៅ​លោក​មក​សាកសួរ​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​២១ តុលា​ខាង​មុខ​នេះ​វិញ។

លោក សុខ រឿន បាន​បញ្ជាក់​ថា ៖ «បើ​គាត់​សុំ​ទៅ​ហើយ គាត់​ភាគី​ក្នុង​រឿង​មួយ ហើយ​បើ​គាត់​សុំ​ហើយ យើង​មិន​ត្រូវ​ពន្យារ​ពេល​ឲ្យ​គាត់ បើ​គាត់​នៅ​ស្រុក​ក្រៅ!»

លោក ឈឹម ផលវរុណ អតីត​មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់ ក្នុង​ចំណោម​អតីត​មន្ត្រី​សិទ្ធិ​មនុស្ស ១៥​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការងារ ហើយ​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​តប​ទៅ​លោក កឹម សុខា តាំង​ពី​ឆ្នាំ​២០០៦​មក បាន​បញ្ជាក់​ថា លោក​ទើប​តែ​បាន​ដាក់​ឯកសារ​ផ្សេង​ទៀត កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ ស្ដីពី​ពុក​រលួយ​របស់​លោក កឹម សុខា និង​ព្យាយាម​សើរើ​សំណុំរឿង​នេះ​ឡើង​វិញ​បន្ត​ទៀត។

លោក​មាន​ប្រសាសន៍​ទៀត​ថា ការ​ប្ដឹងផ្ដល់​នេះ​មិន​ទាក់ទង​នឹង​នយោបាយ​ទេ វា​ជា​រឿង​យូរ​ណាស់​មក​ហើយ ហើយ​លោក​នឹង​មិន​លះបង់​ការ​ប្ដឹងផ្ដល់​ចំពោះ​លោក កឹម សុខា នោះ​ទេ នៅ​ក្នុង​ប្រយោជន៍​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក។

លោក ឈឹម ផលវរុណ បាន​អះអាង​ថា ៖ «មុន​នឹង​យើង​សម្រេច​ចិត្ត​ទៅ​តុលាការ យើង​បាន​ប្រើ​អស់​ហើយ​នូវ​សីល​វិធី​សីលធម៌ គោលដៅ​ផ្ទៃ​ក្នុង​អង្គការ ប៉ុន្តែ​យើង​បាន​បរាជ័យ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ យើង​ត្រូវ​គេ​បណ្ដេញ​ចេញ​ទៅ​ទៀត! ដូច្នេះ​តែ​ចូល​ទៅ​ដល់​បណ្ដឹង​អាជ្ញា វា​ចប់​ហើយ ទោះ​បី​យើង​មាន​ឆន្ទៈ​ដោះស្រាយ​យ៉ាង​ដូច្នេះ​ក៏​ដោយ»

រឿង​ក្ដីក្ដាំ​របស់​លោក កឹម សុខា អតីត​មេ​ដឹកនាំ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស ហើយ​បច្ចុប្បន្ន​ជា​មេ​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០០៦​មក។ អតីត​មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បាន​ចោទ​ថា លោក កឹម សុខា បាន​បន្លំ​វិក្កយបត្រ កេង​បន្លំ​ប្រាក់​ជំនួយ​អង្គការ ហើយ​និង​បាន​បន្លំ​ទៅ​លើ​ហត្ថលេខា​បុគ្គលិក​ដើម្បី​កិបកេង​ប្រាក់។ លោក កឹម សុខា ត្រូវ​គេ​ប្ដឹង​ពី​បទ​ធំ​ៗ​ចំនួន ៣ គឺ​បទ​រំលោភ​សេចក្ដី​ទុក​ចិត្ត និង​ក្លែង​ឯកសារ និង​ប្ដឹង​អំពី​បទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​លោក​បាន​មាន​ប្រសាសន៍​បកស្រាយ​នៅ​តាម​វិទ្យុ​នានា និង​តាមរយៈ​កាសែត។

ក្រោយ​ពី​ផ្ទុះ​រឿង​អាស្រូវ​នេះ​មក វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ដែល​ជា​ម្ចាស់​ជំនួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស ក៏​បាន​បើក​ការ​ស៊ើប​អង្កេត ហើយ​លទ្ធផល​បាន​រក​ឃើញ​ថា លោក កឹម សុខា មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នោះ​ទេ រួច​ហើយ​រឿងរ៉ាវ​នោះ​ក៏​ស្ងប់​បាត់​មួយ​រយៈ​កន្លង​មក។

ការ​លេច​ចេញ​នូវ​ការ​កោះហៅ​សាកសួរ​បំភ្លឺ​ករណី​នេះ​ជា​ថ្មី​ម្ដង​ទៀត ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស លោក យែម បញ្ញារិទ្ធ ចោទ​ថា វា​ហាក់​ដូច​ជា​ចេតនា​ចង់​បង្ក​លក្ខណៈ​លំបាក​ដល់​គណបក្ស​សិទ្ធ​មនុស្ស នៅ​ក្នុង​ឱកាស​ដែល​គណបក្ស​នេះ​កំពុង​តែ​ពង្រឹង​កម្លាំង​របស់​ខ្លួន ដើម្បី​ស្វែងរក​ការ​គាំទ្រ​សំឡេង​ឆ្នោត​នា​ពេល​ខាង​មុខ៕