លោក ស៊ុន ឆូត ជាឪពុកកុមារី ឈិន ស្រីរាប នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង បានអះអាងថា កូនស្រីគាត់ទើបមានអាយុ ១៤ឆ្នាំ នៅក្នុងពេលវ៉ាកង កូនស្រីបានទៅសាលារៀនសាលាឯកជននោះ។ ក្នុងសាលានោះមានវិហារគ្រិស្តមួយ និងមណ្ឌលសុខភាពឈ្មោះ វែល អាហ្គាប៉េ។
នៅពេលកូនគាត់ចូលវិហារញឹកញាប់គ្រូបង្វឹកបង្ខាំងកូនគាត់មិនឲ្យមកផ្ទះ និងឲ្យស្នាក់នៅក្នុងព្រះវិហារនោះ។ នៅថ្ងៃ២៧ ខែសីហា អាជ្ញាធរឃុំអមលាំង បានចូលទៅពិនិត្យសាលានោះតាមបណ្ដឹងឪពុកម្ដាយ។ គាត់បានឃើញកូនស្រីគាត់មានជំងឺទន់ដៃជើង និងស្លេកស្លាំង៖ «វាមកបន្លាចកូនខ្ញុំថា តែទៅផ្ទះវាមានអារក្សសាតាំងតាមរករឿងកូនៗរហូត។ ដល់អ៊ីចឹងវាមកផ្ទះចេះតែខ្លាចម៉ែឪ ខ្លាចយាយតាមាមីងអីទាំងអស់»។
អ្នកស្រី យន់ សារិន ជាបងស្រីកុមារី យន់ ឡៃ អះអាងថា ផ្ទះគាត់នៅជាប់សាលាសុខសាន្តច្រកឫស្សីនេះ។ អ្នកស្រីបានចោទថា គ្រូអប់រំគ្រិស្តសាសនាពង្វក់ក្មេងមិនឲ្យស្គាល់ឪពុកម្ដាយ និងឲ្យស្អប់ផ្ទះ ហើយបង្ខំក្មេងឲ្យស្នាក់នៅក្នុងសាលាគ្រិស្តនោះ៖ «ប្អូនខ្ញុំវាមានអាការៈប្លែកខុសពីធម្មតា។ ពីដំបូងវាបានស្គាល់បង ស្គាល់ប្អូន ស្គាល់ខ្ញុំ ស្គាល់ម៉ែហ្នឹង ហើយអាការៈដូចជាមនុស្សចាញ់កូន វាចូលចិត្តហូបម្ជូរ វាហូបបាយអត់កើត ហើយស្លេកស្លាំងទៅជាគ្រុនឈឺ»។
ក្រុមប្រឹក្សាឃុំអមលាំង លោក តឹក ធា ថ្លែងថា ការចុះស៊ើបអង្កេតនៅថ្ងៃ២៧ ខែសីហា នៅសាលាសុខសាន្តច្រកឫស្សី វែលអាហ្គាប៉េ ឃើញថា ក្មេងៗមានអាយុចាប់ពី១០ ទៅដល់ ១៦ឆ្នាំ ប្រុស ស្រី ជាង ១០នាក់ ស្នាក់នៅក្នុងបន្ទប់តូច និងនៅជាមួយគ្រូប្រុសដែលមានអាយុជាង ២០ឆ្នាំ។ កុមារទាំងនោះពេលហៅចេញពីវិហារគ្រិស្ត មានសភាពស្លេកស្លាំង និងរញីរញ័រហាក់ខ្លាចអ្វីម្យ៉ាង។ នៅពេលសួរពួកគេថា ម្ដេចមិនមកផ្ទះក្រោយការរៀនចប់ដូចសព្វដង? កុមារទាំងប្រុសស្រីនោះបានឆ្លើយស្រុះគ្នា ហាក់ដូចជាមានការបង្រៀនឲ្យនិយាយភាសាតែមួយ គឺថា ពួកគេមិនចង់មកផ្ទះទេ ពួកគេនៅជាមួយព្រះយេស៊ូ។
កុមារី យន់ ឡៃ អាយុ ១៤ឆ្នាំ ឲ្យដឹងថា គាត់ទើបចូលទៅរៀនក្នុងវិហារគ្រិស្តនោះជាង ១ខែមកទេ។ គ្រូបានអប់រំឲ្យចេះគោរពឪពុកម្ដាយ។ កុមារីបដិសេធថា ឪពុកម្ដាយគាត់មិនបានវាយដំ ឬហាមគាត់មិនឲ្យទៅគោរពព្រះនៅវិហារគ្រិស្តទេ តែគាត់មិនចង់មកផ្ទះខ្លួនឯង ហើយក៏គ្មានការប្រព្រឹត្តខុសសីលធម៌ដែរ៖ «នៅទីនោះសប្បាយលេង ប្រឡែងគ្នា។ ពេលថ្ងៃខ្ញុំរៀនចុចឃីបត ពេលយប់រៀនអង់គ្លេស ហើយខ្មែរ និងភ្លេង»។
កុមារី ឈិន ស្រីរាប ឲ្យដឹងថា គាត់សុំបដិសេធថា ក្នុងអាហារគ្មានគ្រឿងញៀនដែលនាំឲ្យពួកគាត់មិនចង់ទៅផ្ទះទេ ព្រោះគាត់ជាអ្នកដាំស្លខ្លួនឯង។ គាត់មិនចង់មកផ្ទះ ព្រោះគាត់ចង់រៀន ចង់គោរពព្រះគ្រិស្ត ចង់ក្លាយជាមនុស្សល្អ៖ «ក៏ទៅព្រះវិហារស្នាក់នៅមួយយប់ ដល់ពេលព្រឹកឡើងថ្វាយបង្គំចប់ ក៏ប៉ាខ្ញុំទៅដល់។ ដឹងថ្ងៃនោះដឹងម៉េច ខ្ញុំក៏និយាយអត់ចេញទន់ដៃជើង ហើយដល់ពេលដឹងខ្លួនឡើងមកនៅផ្ទះ ខ្ញុំក៏ភ្លេចអស់រលីងម៉េចអ៊ីចឹងខ្ញុំអត់ដឹងដែរ»។
លោក យន់ យីម នាយករងសាលាឯកជនច្រកឫស្សី ថ្លែងថា សាលានេះបានកើតឡើងឆ្នាំ២០០៧។ ពីដំបូងបានបង្រៀនកុមារមត្តេយ្យមួយថ្នាក់។ ក្រោយមកអង្គការ វែល អាកាប៉េ របស់ប្រទេសកូរ៉េបានជួយឧបត្ថម្ភអាគារកើតជាសាលាចំណេះទូទៅពីថ្នាក់ទី១ ដល់ទី៦ ដោយអង្គការនោះបានសុំសង់អាគារគ្រិស្តសាសនាមួយ និងមណ្ឌលសុខភាពមួយក្នុងទីធ្លាសាលានេះ។ បច្ចុប្បន្នមានសិស្សចំនួន ២៨០នាក់។ ក្នុងសិស្ស ២៨០នាក់នោះ មិនមានអ្នកចូលគ្រិស្តសាសនាទាំងអស់ទេ។ លោកថា នៅពេលមានគ្រូគង្វាលថ្មី ឈ្មោះ រ៉ា ឈុន ចូលមកអប់រំក្មេងក្នុងវិហារគ្រិស្ត ទើបកើតមានរឿងចោទប្រកាន់ថា បង្ខាំងក្មេងមិនឲ្យទៅផ្ទះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងគ្រូបង្វឹក លោក រ៉ា ឈុន ដើម្បីឆ្លើយតបការចោទនោះបានទេ។ ប៉ុន្តែប្រធានសាសនាគ្រិស្តជនជាតិកូរ៉េ និងជាប្រធានអង្គការ វែល អាកាប៉េ លោក អូ ថេហ្គិន ថ្លែងថា ឪពុកម្ដាយវាយដំកូន ទើបក្មេងគេចពីផ្ទះមកស្នាក់សុំនៅក្នុងវិហារគ្រិស្តសុខសាន្តច្រកឫស្សីនេះ។
លោកថា គ្មានការបង្ខាំងក្មេងនៅក្នុងវិហារឡើយ៖ «គេមកវិហារហើយហ្នឹង វ៉ៃកូនក្មេងផង ហើយនិងមានឈ្លោះគ្នាផងដែរ វ៉ៃលោកគ្រូផង ខ្ញុំសួរគេ ខ្ញុំបានឮពីលោកគ្រូ រ៉ា ឈុន ហើយ»។
មេឃុំអមលាំង អ្នកស្រី តឹក នីម ថ្លែងថា ក្រោយពីមានពាក្យបណ្តឹងរបស់អាណាព្យាបាលកុមារចំនួន ១៣គ្រួសារ គាត់បាននាំប៉ូលិស និងអាជ្ញាធរភូមិចុះស៊ើបអង្កេត។ អាជ្ញាធរនឹងបន្តតាមដានសកម្មភាពសាលានោះ ខ្លាចមានការប្រើគ្រឿងញៀនដាក់ក្នុងអាហារឲ្យកុមារហូប ព្រោះថា រាងកាយកុមារមើលទៅស្លេកស្លាំង និងមានខ្លះទន់ដៃជើង។ ជាងនេះគេសង្ស័យថា ក្នុងសាលានេះមានប្រព្រឹត្តអំពើអសីលធម៌ បង្កការប៉ះពាល់ដល់សិស្សស្រីប្រុស ឬអាចមានការជួញដូរភេទជាដើម ក្រោមស្លាកគ្រិស្តសាសនានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
