ស្ថានទូត​ខ្មែរ​នៅ​បាងកក​ទទួល​បាន​ការ​ធានា​សុវត្ថិភាព​ពី​រដ្ឋាភិបាល​ថៃ

លោក​ឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក​បាន​ទទួល​ការ​ធានា​សុវត្ថិភាព​ពី​រដ្ឋាភិបាល​ថៃ ក្រោយ​ពី​មាន​ការ​លេច​ឮ​ថា ក្រុម​បាតុករ​ថៃ​មាន​ផែនការ​ហ៊ុម​ព័ទ្ធ​អគារ​របស់​ស្ថានទូត​ខ្មែរ។

0:00 / 0:00

ប្រមុខ​ការទូត​នៃ​ប្រទេស​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​បាន​ទទួល​ការ​ធានា​សុវត្ថិភាព​ពី​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ការពារ​សុវត្ថិភាព​និង​សន្តិសុខ​នៅ​ជុំវិញ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក ក្រោយ​ពី​មាន​ការ​លេច​ឮ​នូវ​ការ​គំរាម​ថា បាតុករ​ថៃ​អាវ​លឿង​មាន​ផែនការ​ទ្បោម​ព័ទ្ធ​អគារ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក បើ​សិន​ណា​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ដក​កង​ទ័ព​ទាំង​អស់​ចេញ​ពី​តំបន់​មួយ​ដែល​មាន​ទំហំ​ប្រមាណ​៤,៦​គីឡូម៉ែត្រ​ការ៉េ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ទេ​នោះ។

លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ទើប​វិល​ត្រទ្បប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ហួហិន ប្រទេស​ថៃ កាល​ពី​ល្ងាច​ថៃ្ង​អាទិត្យ ទី​២៥ ខែ​តុលា​ថ្មីៗ​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថា កម្ពុជា​គ្មាន​ការ​ព្រួយ​បារម្ភ​ទេ​អំពី​សុវត្ថិភាព​នោះ។

លោក ហោ ណាំហុង បាន​បញ្ជាក់​ថា ៖ «ចំពោះ​បញ្ហា​ជាក់ស្ដែង​នេះ ខ្ញុំ​សូម​បញ្ជាក់​ទៀត គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់​ចំពោះ​ការ​គំរាម​កំហែង​ហ៊ុមព័ទ្ធ​ស្ថានទូត​យើង​នោះ យើង​មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​របស់​ថៃ​ថា គេ​ចាត់​វិធានការ​ការពារ​ស្ថានទូត​យើង​ឲ្យ​បាន...»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​លោក​វិល​ត្រទ្បប់​មក​ពី​ប្រទេស​ថៃ​នោះ បាន​បដិសេធ​មិន​ព្រម​ផ្តល់​អត្ថាធិប្បាយ​អ្វី​ទេ​ជុំវិញ​រឿង​វិវាទ​នានា​នៃ​បញ្ហា​ព្រំដែន​និង​ទំនាក់​ទំនង​រវាង​ថៃ​និង​កម្ពុជា​នោះ។

មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Ahisit Vejjajiva) មិន​បាន​ជួប​ចរចា​ទ្វេ​ភាគី​ទេ​ទាំង​ក្នុង​ផ្លូវការ​និង​ក្រៅ​ផ្លូវការ​នៅ​ក្នុង​អំទ្បុង​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៥ រយៈពេល​២​ថៃ្ង ពី​ថៃ្ង​ទី​២៣ ដល់​ថៃ្ង​ទី​២៥ ខែ​តុលា ថ្មីៗ​នេះ នៅ​ក្នុង​ទីក្រុង​ហួហិន ប្រទេស​ថៃ​នោះ។

កាល​ពី​ថៃ្ង​ទី​២៤ ខែ​តុលា​ថ្មីៗ​នេះ មាន​សេចក្តី​រាយការណ៍​នានា​មក​ថា ក្រុម​សម្ព័ន្ធភាព​អាវ​លឿង​របស់​ថៃ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ពួក​គេ​មាន​ផែនការ​ទ្បោមព័ទ្ធ​ស្ថានទូត​នៃ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ទីក្រុង​បាងកក នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បើ​សិន​ណា​ប្រទេស​កម្ពុជា​មិន​ព្រម​ដក​កង​ទ័ព​ទាំង​អស់​ចេញ​ពី​តំបន់​មួយ​ដែល​មាន​ទំហំ​៤,៦​គីឡូម៉ែត្រ​ការ៉េ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ទេ​នោះ។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា តំបន់​នោះ​គឺ​ជា​ទឹក​ដី​របស់​កម្ពុជា​សុទ្ធសាធ៕