ក្រសួង​ការ​បរទេស​ប្រកាស​ឲ្យ​ទូត​ខ្មែរ​នៅ​ថៃ​គិត​ពី​បញ្ហា​សុវត្ថិភាព

លោក កុយ គួង អនុ​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ថា មន្ត្រី​បម្រើ​ការ​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ជា​មុន ចំពោះ​ព័ត៌មាន​ដែល​លេច​ឮ​មក​ថា មាន​ក្រុម​ជ្រុល​និយម​ថៃ​ពីរ​ក្រុម​គ្រោង​ធ្វើ​បាតុកម្ម​ឡោម​ព័ទ្ធ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។

0:00 / 0:00

កាសែត​រស្មីកម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​តុលា បាន​សរសេរ​ថា ពួក​ក្រុម​ជ្រុល​និយម​ថៃ​ចំនួន​ពីរ​ក្រុម គឺ​ក្រុម​ជ្រុល​និយម​អាវ​លឿង​និង​មួយ​ក្រុម​ទៀត​ដាក់​ឈ្មោះ​ថា "សាខា​ប្រជាជន​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ភាគី​តាមដាន​ស្ថានការណ៍​ប្រាសាទ​ព្រះវិហារ" បាន​អះអាង​ថា ពួក​គេ​គ្រោង​ធ្វើ​បាតុកម្ម​ឡោម​ព័ទ្ធ​ស្ថានទូត​ខ្មែរ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ប្រសិន​បើ​កង​ទ័ព​កម្ពុជា​មិន​ព្រម​ដក​ចេញ​ពី​តំបន់​ព្រះវិហារ​ទេ​នោះ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ស្វែងរក​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​ជុំវិញ​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​ជ្រុល​និយម​ថៃ​បាន​ទេ​នៅ​ថ្ងៃ​នេះ។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ មាន​ប្រសាសន៍​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ថៃ​ដែល​អូស​បន្លាយ​អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ​នេះ មិន​គួរ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៅ​បន្ត​អូស​បន្លាយ​ការ​ចរចា​ទ្វេ​ភាគី​ដែល​មិន​ទទួល​បាន​ផ្លែ​ផ្កា​នេះ​ត​ទៅ​ទៀត​ឡើយ។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​ជំរុញ​ម្ដង​ហើយ ម្ដង​ទៀត ស្នើ​ឲ្យ​អ្នក​ដឹកនាំ​កម្ពុជា​យើង​ត្រូវតែ​លើក​បញ្ហា​ហ្នឹង​ដាក់​ជូន​ប្រទេស​ម្ចាស់​ហត្ថលេខី​ស្ដីពី​បញ្ហា​កម្ពុជា​ហ្នឹង»

លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ថា ការ​ចរចា​លើ​ជម្លោះ​ព្រំដែន​ទ្វេ​ភាគី​រវាង​កម្ពុជា​ថៃ​កន្លង​មក គឺ​ខាង​ភាគី​ថៃ​មាន​ការ​ក្រឡេច​ក្រឡុច​ជា​ទី​បំផុត។

លោក ជាម យៀប បាន​ប្តេជ្ញា​ចិត្ត​ជាមួយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ក្នុង​នាម​អ្នក​តំណាង​រាស្ត្រ​ម្នាក់​ថា លោក​ហ៊ាន​បូជា​អវយវៈ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​ជាមួយ​ប្រទេស​ថៃ មិន​ឲ្យ​បាត់បង់​ប៉ុន​គ្រាប់​ខ្សាច់​ឡើយ។

លោក ជាម យៀប បាន​អះអាង​ថា ៖ «អា​ហ្នឹង​សុំ​ផ្ដាំ​ទៅ​សៀម​ឲ្យ​ដឹង​ផង​ដែល​មាន​មហិច្ឆតា​លោភ​លន់​ចង់​លេប​ទឹក​ដី​កម្ពុជា​ម្ដង​ទៀត​នោះ កម្ពុជា កុំ​ឃើញ​ថា​ទឹក​ស្ងប់ អត់​មាន​ត្រី អត់​មាន​ក្រពើ កម្ពុជា​អត់​មាន​ទៅ​ក្អេងក្អាង​ឬ​ក៏​អួតអាង កម្ពុជា​ក៏​អត់​ខ្លាច​ដែរ ដូច​ខ្ញុំ ខ្ញុំ​សូម​សច្ចា​អ៊ីចឹង​តែម្ដង បើ​ថា​មាន​ការ​អី​ក៏​ដោយ បើ​គេ​បាញ់​ដាច់​ដៃ​ដាច់​ជើង សុខ​ចិត្ត​វារ​ទៅ​ខាំ ចំពោះ​ការ​ការពារ​បូរណភាព​ទឹក​ដី​និង​មាតុភូមិ​កម្ពុជា។ សៀម​និយាយ​អី​ក៏​ដោយ មក​ហ្នឹង​ត្រូវ​រ៉ូវ​គ្នា ដោយសារ​កម្ពុជា​មាន​ច្បាប់​នឹង​ដៃ ឯកភាពៗ ចេញ​ពី​កម្ពុជា​គឺ​ថា​គំនិត​ឈ្លានពាន​មក​ដល់​ទៀត តាំង​ពី​លើ​ដល់​ក្រោម។ ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ បើ​សិន​ជា​មាន​បុគ្គល​សៀម​ណា​ដែល​គេ​ប្ដឹង​អំពី​ខ្ញុំ»

កង​ទ័ព​ឈ្លានពាន​ថៃ​បាន​ចូល​មក​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ក្រោយ​ប្រទេស​កម្ពុជា​បាន​ដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ រួច​មក៕