កាសែតរស្មីកម្ពុជាចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៥ ខែតុលា បានសរសេរថា ពួកក្រុមជ្រុលនិយមថៃចំនួនពីរក្រុម គឺក្រុមជ្រុលនិយមអាវលឿងនិងមួយក្រុមទៀតដាក់ឈ្មោះថា "សាខាប្រជាជនប្រឆាំងអំពើពុករលួយនិងភាគីតាមដានស្ថានការណ៍ប្រាសាទព្រះវិហារ" បានអះអាងថា ពួកគេគ្រោងធ្វើបាតុកម្មឡោមព័ទ្ធស្ថានទូតខ្មែរនៅថ្ងៃទី២ ខែវិច្ឆិកាខាងមុខនេះ ប្រសិនបើកងទ័ពកម្ពុជាមិនព្រមដកចេញពីតំបន់ព្រះវិហារទេនោះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចស្វែងរកការធ្វើអត្ថាធិប្បាយពីមន្ត្រីស្ថានទូតថៃប្រចាំប្រទេសកម្ពុជាជុំវិញគម្រោងធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមថៃបានទេនៅថ្ងៃនេះ។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ មានប្រសាសន៍ថា ជម្លោះព្រំដែនរវាងកម្ពុជាថៃដែលអូសបន្លាយអស់រយៈពេលរាប់ឆ្នាំមកហើយនេះ មិនគួរថ្នាក់ដឹកនាំរដ្ឋាភិបាលនៅបន្តអូសបន្លាយការចរចាទ្វេភាគីដែលមិនទទួលបានផ្លែផ្កានេះតទៅទៀតឡើយ។
លោក រ៉ុង ឈុន បានបញ្ជាក់ថា ៖ «អ៊ីចឹងហើយបានជាយើងជំរុញម្ដងហើយ ម្ដងទៀត ស្នើឲ្យអ្នកដឹកនាំកម្ពុជាយើងត្រូវតែលើកបញ្ហាហ្នឹងដាក់ជូនប្រទេសម្ចាស់ហត្ថលេខីស្ដីពីបញ្ហាកម្ពុជាហ្នឹង»។
លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច មានប្រសាសន៍ក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី២១ ខែតុលា ថា ការចរចាលើជម្លោះព្រំដែនទ្វេភាគីរវាងកម្ពុជាថៃកន្លងមក គឺខាងភាគីថៃមានការក្រឡេចក្រឡុចជាទីបំផុត។
លោក ជាម យៀប បានប្តេជ្ញាចិត្តជាមួយការទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងនាមអ្នកតំណាងរាស្ត្រម្នាក់ថា លោកហ៊ានបូជាអវយវៈដើម្បីការពារបូរណភាពទឹកដីជាមួយប្រទេសថៃ មិនឲ្យបាត់បង់ប៉ុនគ្រាប់ខ្សាច់ឡើយ។
លោក ជាម យៀប បានអះអាងថា ៖ «អាហ្នឹងសុំផ្ដាំទៅសៀមឲ្យដឹងផងដែលមានមហិច្ឆតាលោភលន់ចង់លេបទឹកដីកម្ពុជាម្ដងទៀតនោះ កម្ពុជា កុំឃើញថាទឹកស្ងប់ អត់មានត្រី អត់មានក្រពើ កម្ពុជាអត់មានទៅក្អេងក្អាងឬក៏អួតអាង កម្ពុជាក៏អត់ខ្លាចដែរ ដូចខ្ញុំ ខ្ញុំសូមសច្ចាអ៊ីចឹងតែម្ដង បើថាមានការអីក៏ដោយ បើគេបាញ់ដាច់ដៃដាច់ជើង សុខចិត្តវារទៅខាំ ចំពោះការការពារបូរណភាពទឹកដីនិងមាតុភូមិកម្ពុជា។ សៀមនិយាយអីក៏ដោយ មកហ្នឹងត្រូវរ៉ូវគ្នា ដោយសារកម្ពុជាមានច្បាប់នឹងដៃ ឯកភាពៗ ចេញពីកម្ពុជាគឺថាគំនិតឈ្លានពានមកដល់ទៀត តាំងពីលើដល់ក្រោម។ ខ្ញុំសូមទទួលខុសត្រូវ បើសិនជាមានបុគ្គលសៀមណាដែលគេប្ដឹងអំពីខ្ញុំ»។
កងទ័ពឈ្លានពានថៃបានចូលមកក្នុងទឹកដីប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ នៅក្រោយប្រទេសកម្ពុជាបានដាក់បញ្ជូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ រួចមក៕
