ព្រះ​មហាក្សត្រ​ខ្មែរ​យាង​ទស្សនកិច្ច​សាធារណរដ្ឋ​ឆេកូ

ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ដល់​សាធារណ​រដ្ឋ​ឆេកូ​ហើយ កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​កន្លង​មក​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ឯកជន ដែល​ព្រះអង្គ​បាន​ចាត់ទុក​ថា ប្រទេស​នេះ​ជា​ប្រទេស​ទី​២​របស់​ព្រះអង្គ​បន្ទាប់​ពី​កម្ពុជា។

ប្រភព​ព័ត៌មាន អាអេហ្វប៉េ (AFP) បាន​ឲ្យ​ដឹង​ថា ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​គង់​នៅ​ក្នុង​ប្រទេស​ឆេកូ ជាង​១៣​ឆ្នាំ ពេល​ព្រះអង្គ​មាន​ព្រះ​ជន្ម​ទើប​បាន ៩​ព្រះ​វស្សា នឹង​យាង​ទស្សនា​នៅ​សាលា​បឋម​សិក្សា​មួយ សាលា​បង្ហាត់​បង្រៀន​របាំ​សិល្បៈ​បាឡេ និង​យាង​ចូលរួម​ក្នុង​ពិធី​ប្រគំ​តន្រ្តី ការ​សម្ដែង​រាំបាំ​បាឡេ និង​ការ​តាំង​ពិព័រណ៍​រូប​គំនូរ​សិល្បៈ​នានា។

ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ចេះ​ភាសា​ឆេកូ​ស្ទាត់​ជំនាញ​នោះ ព្រះអង្គ​នឹង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​អតីត​សាកល​វិទ្យាល័យ​ដែល​ព្រះអង្គ​ធ្លាប់​បាន​រៀន​ពី​មុន និង​ជួប​ជាមួយ​ប្រធានាធិបតី​ឆេកូ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មីនា​ខាង​មុខ​នេះ៕