អ្នក​ជំនាញ៖ យុវជន​ខ្មែរ​បច្ចុប្បន្ន​ខ្សោយ​មុខវិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ

អ្នក​ជំនាញ​ធ្វើ​ការងារ​ជាមួយ​យុវជន​ឲ្យ​ដឹង​ថា មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យុវជន​ខ្មែរ​មាន​កម្រិត​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ជាតិ​កាន់​តែ​ខ្សោយ​ទៅៗ។

0:00 / 0:00

អ្នក​ជំនាញ​រិះគន់​ថា ចំណុច​ដែល​សំខាន់​បំផុត​បណ្ដាល​ឲ្យ​យុវជន​រៀន​ខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ជាតិ គឺ​គោល​នយោបាយ​របស់​ក្រសួង​អប់រំ និង​វិធីសាស្ត្រ​បង្រៀន​របស់​គ្រូ​នៅ​តាម​សាលារៀន។

ប្រធាន​សមាគម​យុវជន​ខ្មែរ លោក ម៉ាក ចំរើន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យុវជន​ខ្មែរ​ជា​ច្រើន​រៀន​ខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ជាតិ។ លោក​បន្ត​ថា ការ​រៀន​ខ្សោយ​ជំនាញ​នេះ​មក​ពី​ក្រសួង​អប់រំ​មិន​មាន​យុទ្ធសាស្ត្រ​ខ្លាំងក្លា ដើម្បី​ជំរុញ​ការ​អាន ការ​សិក្សា​ស្រាវជ្រាវ​ភាសា​ខ្មែរ និង​មិន​បាន​បង្ហាញ​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​រៀន​ភាសា​ខ្មែរ។

លោក ម៉ាក ចំរើន បញ្ជាក់​ថា មាន​វិធីសាស្ត្រ​ជា​ច្រើន​សម្រាប់​លើក​ស្ទួយ​ការ​សិក្សា​ផ្នែក​អក្សរ​សាស្ត្រ​ជាតិ​ដែល​ក្រសួង​អប់រំ​មើល​រំលង៖ «យើង​អាច​នៅ​តាម​សាលា​មួយៗ​ពង្រឹង​គុណភាព​បណ្ណាល័យ ទី​២ គឺ​យន្តការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​សិស្ស​ចូល​ចិត្ត​អាន ប្រកួត​ប្រជែង​ផ្នែក​ភាសា​ខ្មែរ។ ការ​ប្រកួត​ប្រជែង​ទាំង​នេះ​មាន​កម្រិត​ទាប»

ទន្ទឹម​នឹង​នេះ និស្សិត​សកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ លោក សេង សុធី ប្រាប់​ថា សព្វ​ថ្ងៃ​លោក​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ភាសា​បរទេស ទាំង​ការងារ​ទាំង​ការ​សិក្សា។ លោក​បន្ត​ថា ចំពោះ​អក្សរ​សាស្ត្រ​ខ្មែរ​វិញ​លោក​មិន​សូវ​សរសេរ​ត្រូវ​ប៉ុន្មាន​ទេ​លើ​ពាក្យ​ពិបាកៗ។

ចំណែក​ឯ​និស្សិត​សកល​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​បាត់ដំបង យុវជន ជើត រស្មី មាន​ប្រសាសន៍​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ។

រស្មី បន្ត​ថា នៅ​សហគមន៍​លោក​រស់​នៅ​មាន​យុវជន​ជា​ច្រើន​ដែល​មិន​អាច​ចេះ​សរសេរ និង​អាន​អក្សរ​ខ្មែរ៖ «មាន​គគោក គាត់​ចូល​ថ្នាក់​ទី​៨​ហើយ អាន​អក្សរ​អត់​ទាន់​ដាច់។ ជី​ដូន​មួយ​ខ្ញុំ​មួយ​អាន​អក្សរ​អត់​ដាច់ រួច​ហើយ​ឈប់​រៀន។ បើ​សិន​គាត់​រៀន​នៅ​តែ​ជាប់​ដោយ​សារ​គាត់​ប្រើប្រាស់​ថវិកា​អ៊ីចឹង...»

យុវជន រស្មី បន្ត​ថា ការ​មិន​ចេះ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ នាំ​ឲ្យ​យុវជន​ជា​ច្រើន​មិន​មាន​សមត្ថភាព​ទទួល​បាន​ព័ត៌មាន នាំ​ឲ្យ​ចាញ់​បោក​គេ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​នេះ​ក្តី នាយក​វិទ្យាស្ថាន​ភាសា​ជាតិ​កម្ពុជា និង​សមាជិក​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត អ៊ីវ ច័ន្ទ មាន​ប្រសាសន៍​ថា យុវជន​បច្ចុប្បន្ន​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ​មិន​សូវ​ល្អ ដោយសារ​តែ​គុណភាព​គ្រូ​បង្រៀន។

លោក​បន្ត​ថា គ្រូ​បង្រៀន​កាល​ពី​សម័យ​មុន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​តាម​ដាន​ការ​សិក្សា​របស់​សិស្ស ដែល​នាំ​ឲ្យ​សិស្ស​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ៖ «គ្រូ​ខ្លះ​ខ្វះ​ឧត្ដមគតិ គ្រូ​ខ្លះ​ទៀត​ឆ្លៀត​ទៅ​រក​ស៊ី​ក្រៅ ហើយ​មិន​បាន​តាមដាន​ការ​សិក្សា​របស់​សិស្ស»

លោក​បន្ត​ថា ក្រសួង​អប់រំ​បាន​ធ្វើ​ការងារ​ពង្រឹង​គុណភាព​អប់រំ​ច្រើន​ដែរ​ហើយ​ក្នុង​ការ​ជំរុញ​ការ​សិក្សា​អក្សរសាស្ត្រ​ជាតិ។

កាល​ពី​សម័យ​អាណានិគម​និយម​បារាំង បារាំង​បង្ខំ​ឱ្យ​ខ្មែរ​រៀន​ភាសា​បារាំង ជា​ភាសា​យាន​ផ្លូវការ ដែល​ជា​បុព្វហេតុ​នាំ​ឱ្យ​ខូច​ប្រយោជន៍​ដល់​ភាសា​ជាតិ។ ប៉ុន្តែ​ការ​សិក្សា​ភាសា​ខ្មែរ​នៅ​តែ​មាន​ជីវិត​ក្នុង​ទីវត្ត​អារាម​នានា ដែល​ជា​សាលា​រៀន​លេខ រៀន​អក្សរ វិជ្ជាជីវៈ សីលធម៌ ហើយ​ជាពិសេស​សិក្ខាកាម​នៅ​តាម​សាលា​វត្ត​នេះ​ហើយ​ដែល​ជា​អ្នក​ផលិត​អក្សរសាស្ត្រ​បន្សល់​ទុក​សម្រាប់​កូន​ចៅ​សិក្សា​រៀន​សូត្រ​រហូត​មក​ដល់​បច្ចុប្បន្ន។

គ្រូ​បង្រៀន​មួយ​ចំនួន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​មួយ​ចំនួន​មាន​សមត្ថភាព​ទាប​ក្នុង​ការ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ បើ​ប្រៀបធៀប​ទៅ​នឹង​សិស្ស​ដែល​រៀន​នៅ​ចន្លោះ​ទសវត្ស​ទី​៨០ និង​ដើម​ទសវត្ស​ទី​៩០។ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​អះអាង​ថា មូលហេតុ​នេះ​មក​ពី​ការ​ផ្លាស់ប្ដូរ​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ។

គ្រូ​បង្រៀន​ទាំង​នោះ​ពន្យល់​ថា កាល​ពី​សម័យ​នោះ សិស្ស​ថ្នាក់​ទី​១ រៀន​អក្សរ​ខ្មែរ​ពី​ព្យញ្ជនៈ ទៅ​ស្រៈ​និស្ស័យ ស្រៈ​ពេញ​តួ ហើយ​បាន​ផ្សំ​ព្យញ្ជនៈ​ជាមួយ​ស្រៈ បង្កើត​ជា​ពាក្យ ជា​ប្រយោគ នាំ​ឲ្យ​សិស្ស​ងាយ​អាន និង​សរសេរ។ ប៉ុន្តែ​វិធីសាស្ត្រ​បច្ចុប្បន្ន គេ​បង្រៀន​សិស្ស​ថ្នាក់​ទី​១ ជា​ប្រយោគ បន្ទាប់​មក​បំបែក​ជា​ពាក្យ ជា​ព្យាង្គ និង ស្រៈ នាំ​ឲ្យ​សិស្ស​ពិបាក​រៀន ហើយ​រៀន​ក៏​មិន​ងាយ​ចេះ​ដែរ។

ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា កត្តា​បី​យ៉ាង​ដែល​នាំ​ឲ្យ​យុវជន​សម័យ​ទំនើប​ប្រើប្រាស់​ភាសា​ខ្មែរ​មិន​ស្ទាត់​ជំនាញ មាន​ដូច​ជា បច្ចេកវិទ្យា​សម័យ​នេះ​គេ​ប្រើ​ភាសា​បរទេស កត្តា​ទីផ្សារ​ការងារ និង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ។

លោក​បន្ត​ថា កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​បច្ចុប្បន្ន ច្រើន​តែ​ធ្វើ​សំណួរ​ងាយៗ (QCM) បាត់​អស់​ការ​សរសេរ​តាម​អាន និង​តែង​សេចក្ដី ដែល​ប្រការ​នេះ​យុវជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រៀន​អក្សរសាស្ត្រ​ជាតិ។

លោក សុខ ទូច បន្ថែម៖ «មាន​លក្ខណៈ​សំខាន់​ពីរ។ ទី​១ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​តាម​សាលា​បំផុស​កម្មវិធី​សិក្សា​ភាសា ទី​២ ការ​បំពេញ​បែប​បទ​នៅ​គ្រប់​ក្រុមហ៊ុន ត្រូវ​តែ​ធ្វើ​ឡើង​ជា​ពីរ​ភាសា មាន​ភាសា​ខ្មែរ និង​បរទេស ដូច​ហ្នឹង​យើង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ច្បាប់ ការ​អនុវត្ត​ច្បាប់​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​ភាសា​ខ្មែរ»

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ នឹង​ត្រូវ​ឲ្យ​មាន​ការ​សរសេរ​តាម​អាន និង​តែង​សេចក្ដី​ខ្មែរ​ឲ្យ​បាន​ច្រើន​ឡើង​វិញ ដើម្បី​ជំរុញ​ការ​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ។

កន្លង​មក​ក្រសួង​អប់រំ​បាន​រៀបចំ​ការ​ប្រលង​ជ្រើសរើស​សិស្ស​ពូកែ​ភាសា​ខ្មែរ​នៅ​ថ្នាក់​មធ្យម​សិក្សា​ទូទាំង​ប្រទេស ដែល​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូល​ចិត្ត​សិក្សា​អក្សរ​សាស្ត្រ​ជាតិ​ដែរ ប៉ុន្តែ​ការ​យល់​ដឹង​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​តែ​ខ្សោយ។

របាយការណ៍​របស់​ក្រសួង​អប់រំ​ឆ្នាំ​២០១០-២០១១ បង្ហាញ​ថា ចំនួន​សិស្ស​បោះ​បង់​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​មាន​ចំនួន​ជាង ២១​ភាគរយ ដែល​ជា​ការ​ដើរ​ផ្ទុយ​ពី​គោលដៅ​របស់​ក្រសួង​អប់រំ។

ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ការ​មិន​ចេះ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​សិស្ស​ថ្នាក់​អនុវិទ្យាល័យ​បោះ​បង់​ការ​សិក្សា។ ម៉្យាង​ទៀត គ្រូ​បង្រៀន​ភាគ​ច្រើន​​នៅ​ថ្នាក់​បឋម​សិក្សា និង​មធ្យម​សិក្សា​មិន​ដែល​បាន​បង្ហាញ​សិស្ស​ថា អ្នក​ពូកែ​អក្សរសាស្ត្រ​ជាតិ នឹង​អាច​ចាប់​យក​ឱកាស​ការងារ​ណា​មួយ​បាន​នោះ​ឡើយ។

ក្រុម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា អ្នក​ពូកែ​អក្សរសាស្ត្រ​ជាតិ អាច​ក្លាយ​ជា​អ្នក​និពន្ធ​អ្នក​សារព័ត៌មាន​អ្នក​នយោបាយ​អ្នក​គ្រប់គ្រង​សាស្ត្រាចារ្យ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។