អ្នក​ជំនាញ៖ យុវជន​ខ្មែរ​បច្ចុប្បន្ន​ខ្សោយ​មុខវិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ

អ្នក​ជំនាញ​ធ្វើ​ការងារ​ជាមួយ​យុវជន​ឲ្យ​ដឹង​ថា មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យុវជន​ខ្មែរ​មាន​កម្រិត​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ជាតិ​កាន់​តែ​ខ្សោយ​ទៅៗ។
ដោយ វណ្ណ វិចារ
2012-06-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កុមារ រៀន ៣០៥
១០-តុលា-២០១២៖ កុមារ​នៅ​ក្នុង​សាលារៀន​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ។
RFA/Mom Sophon

អ្នក​ជំនាញ​រិះគន់​ថា ចំណុច​ដែល​សំខាន់​បំផុត​បណ្ដាល​ឲ្យ​យុវជន​រៀន​ខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ជាតិ គឺ​គោល​នយោបាយ​របស់​ក្រសួង​អប់រំ និង​វិធីសាស្ត្រ​បង្រៀន​របស់​គ្រូ​នៅ​តាម​សាលារៀន។

ប្រធាន​សមាគម​យុវជន​ខ្មែរ លោក ម៉ាក ចំរើន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យុវជន​ខ្មែរ​ជា​ច្រើន​រៀន​ខ្សោយ​ផ្នែក​អក្សរសាស្ត្រ​ជាតិ។ លោក​បន្ត​ថា ការ​រៀន​ខ្សោយ​ជំនាញ​នេះ​មក​ពី​ក្រសួង​អប់រំ​មិន​មាន​យុទ្ធសាស្ត្រ​ខ្លាំងក្លា ដើម្បី​ជំរុញ​ការ​អាន ការ​សិក្សា​ស្រាវជ្រាវ​ភាសា​ខ្មែរ និង​មិន​បាន​បង្ហាញ​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​រៀន​ភាសា​ខ្មែរ។

លោក ម៉ាក ចំរើន បញ្ជាក់​ថា មាន​វិធីសាស្ត្រ​ជា​ច្រើន​សម្រាប់​លើក​ស្ទួយ​ការ​សិក្សា​ផ្នែក​អក្សរ​សាស្ត្រ​ជាតិ​ដែល​ក្រសួង​អប់រំ​មើល​រំលង៖ «យើង​អាច​នៅ​តាម​សាលា​មួយៗ​ពង្រឹង​គុណភាព​បណ្ណាល័យ ទី​២ គឺ​យន្តការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​សិស្ស​ចូល​ចិត្ត​អាន ប្រកួត​ប្រជែង​ផ្នែក​ភាសា​ខ្មែរ។ ការ​ប្រកួត​ប្រជែង​ទាំង​នេះ​មាន​កម្រិត​ទាប»

ទន្ទឹម​នឹង​នេះ និស្សិត​សកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ លោក សេង សុធី ប្រាប់​ថា សព្វ​ថ្ងៃ​លោក​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ភាសា​បរទេស ទាំង​ការងារ​ទាំង​ការ​សិក្សា។ លោក​បន្ត​ថា ចំពោះ​អក្សរ​សាស្ត្រ​ខ្មែរ​វិញ​លោក​មិន​សូវ​សរសេរ​ត្រូវ​ប៉ុន្មាន​ទេ​លើ​ពាក្យ​ពិបាកៗ។

ចំណែក​ឯ​និស្សិត​សកល​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​បាត់ដំបង យុវជន ជើត រស្មី មាន​ប្រសាសន៍​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ។

រស្មី បន្ត​ថា នៅ​សហគមន៍​លោក​រស់​នៅ​មាន​យុវជន​ជា​ច្រើន​ដែល​មិន​អាច​ចេះ​សរសេរ និង​អាន​អក្សរ​ខ្មែរ៖ «មាន​គគោក គាត់​ចូល​ថ្នាក់​ទី​៨​ហើយ អាន​អក្សរ​អត់​ទាន់​ដាច់។ ជី​ដូន​មួយ​ខ្ញុំ​មួយ​អាន​អក្សរ​អត់​ដាច់ រួច​ហើយ​ឈប់​រៀន។ បើ​សិន​គាត់​រៀន​នៅ​តែ​ជាប់​ដោយ​សារ​គាត់​ប្រើប្រាស់​ថវិកា​អ៊ីចឹង...»

យុវជន រស្មី បន្ត​ថា ការ​មិន​ចេះ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ នាំ​ឲ្យ​យុវជន​ជា​ច្រើន​មិន​មាន​សមត្ថភាព​ទទួល​បាន​ព័ត៌មាន នាំ​ឲ្យ​ចាញ់​បោក​គេ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​នេះ​ក្តី នាយក​វិទ្យាស្ថាន​ភាសា​ជាតិ​កម្ពុជា និង​សមាជិក​រាជ​បណ្ឌិត​សភា​កម្ពុជា លោក​បណ្ឌិត អ៊ីវ ច័ន្ទ មាន​ប្រសាសន៍​ថា យុវជន​បច្ចុប្បន្ន​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ​មិន​សូវ​ល្អ ដោយសារ​តែ​គុណភាព​គ្រូ​បង្រៀន។

លោក​បន្ត​ថា គ្រូ​បង្រៀន​កាល​ពី​សម័យ​មុន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​តាម​ដាន​ការ​សិក្សា​របស់​សិស្ស ដែល​នាំ​ឲ្យ​សិស្ស​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ជាតិ​ខ្មែរ៖ «គ្រូ​ខ្លះ​ខ្វះ​ឧត្ដមគតិ គ្រូ​ខ្លះ​ទៀត​ឆ្លៀត​ទៅ​រក​ស៊ី​ក្រៅ ហើយ​មិន​បាន​តាមដាន​ការ​សិក្សា​របស់​សិស្ស»

លោក​បន្ត​ថា ក្រសួង​អប់រំ​បាន​ធ្វើ​ការងារ​ពង្រឹង​គុណភាព​អប់រំ​ច្រើន​ដែរ​ហើយ​ក្នុង​ការ​ជំរុញ​ការ​សិក្សា​អក្សរសាស្ត្រ​ជាតិ។

កាល​ពី​សម័យ​អាណានិគម​និយម​បារាំង បារាំង​បង្ខំ​ឱ្យ​ខ្មែរ​រៀន​ភាសា​បារាំង ជា​ភាសា​យាន​ផ្លូវការ ដែល​ជា​បុព្វហេតុ​នាំ​ឱ្យ​ខូច​ប្រយោជន៍​ដល់​ភាសា​ជាតិ។ ប៉ុន្តែ​ការ​សិក្សា​ភាសា​ខ្មែរ​នៅ​តែ​មាន​ជីវិត​ក្នុង​ទីវត្ត​អារាម​នានា ដែល​ជា​សាលា​រៀន​លេខ រៀន​អក្សរ វិជ្ជាជីវៈ សីលធម៌ ហើយ​ជាពិសេស​សិក្ខាកាម​នៅ​តាម​សាលា​វត្ត​នេះ​ហើយ​ដែល​ជា​អ្នក​ផលិត​អក្សរសាស្ត្រ​បន្សល់​ទុក​សម្រាប់​កូន​ចៅ​សិក្សា​រៀន​សូត្រ​រហូត​មក​ដល់​បច្ចុប្បន្ន។

គ្រូ​បង្រៀន​មួយ​ចំនួន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​សិស្ស​រៀន​នៅ​អនុវិទ្យាល័យ​មួយ​ចំនួន​មាន​សមត្ថភាព​ទាប​ក្នុង​ការ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ បើ​ប្រៀបធៀប​ទៅ​នឹង​សិស្ស​ដែល​រៀន​នៅ​ចន្លោះ​ទសវត្ស​ទី​៨០ និង​ដើម​ទសវត្ស​ទី​៩០។ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​អះអាង​ថា មូលហេតុ​នេះ​មក​ពី​ការ​ផ្លាស់ប្ដូរ​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ។

គ្រូ​បង្រៀន​ទាំង​នោះ​ពន្យល់​ថា កាល​ពី​សម័យ​នោះ សិស្ស​ថ្នាក់​ទី​១ រៀន​អក្សរ​ខ្មែរ​ពី​ព្យញ្ជនៈ ទៅ​ស្រៈ​និស្ស័យ ស្រៈ​ពេញ​តួ ហើយ​បាន​ផ្សំ​ព្យញ្ជនៈ​ជាមួយ​ស្រៈ បង្កើត​ជា​ពាក្យ ជា​ប្រយោគ នាំ​ឲ្យ​សិស្ស​ងាយ​អាន និង​សរសេរ។ ប៉ុន្តែ​វិធីសាស្ត្រ​បច្ចុប្បន្ន គេ​បង្រៀន​សិស្ស​ថ្នាក់​ទី​១ ជា​ប្រយោគ បន្ទាប់​មក​បំបែក​ជា​ពាក្យ ជា​ព្យាង្គ និង ស្រៈ នាំ​ឲ្យ​សិស្ស​ពិបាក​រៀន ហើយ​រៀន​ក៏​មិន​ងាយ​ចេះ​ដែរ។

ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា កត្តា​បី​យ៉ាង​ដែល​នាំ​ឲ្យ​យុវជន​សម័យ​ទំនើប​ប្រើប្រាស់​ភាសា​ខ្មែរ​មិន​ស្ទាត់​ជំនាញ មាន​ដូច​ជា បច្ចេកវិទ្យា​សម័យ​នេះ​គេ​ប្រើ​ភាសា​បរទេស កត្តា​ទីផ្សារ​ការងារ និង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ។

លោក​បន្ត​ថា កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​បច្ចុប្បន្ន ច្រើន​តែ​ធ្វើ​សំណួរ​ងាយៗ (QCM) បាត់​អស់​ការ​សរសេរ​តាម​អាន និង​តែង​សេចក្ដី ដែល​ប្រការ​នេះ​យុវជន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រៀន​អក្សរសាស្ត្រ​ជាតិ។

លោក សុខ ទូច បន្ថែម៖  «មាន​លក្ខណៈ​សំខាន់​ពីរ។ ទី​១ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​តាម​សាលា​បំផុស​កម្មវិធី​សិក្សា​ភាសា ទី​២ ការ​បំពេញ​បែប​បទ​នៅ​គ្រប់​ក្រុមហ៊ុន ត្រូវ​តែ​ធ្វើ​ឡើង​ជា​ពីរ​ភាសា មាន​ភាសា​ខ្មែរ និង​បរទេស ដូច​ហ្នឹង​យើង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ច្បាប់ ការ​អនុវត្ត​ច្បាប់​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​ភាសា​ខ្មែរ»

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ នឹង​ត្រូវ​ឲ្យ​មាន​ការ​សរសេរ​តាម​អាន និង​តែង​សេចក្ដី​ខ្មែរ​ឲ្យ​បាន​ច្រើន​ឡើង​វិញ ដើម្បី​ជំរុញ​ការ​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ។

កន្លង​មក​ក្រសួង​អប់រំ​បាន​រៀបចំ​ការ​ប្រលង​ជ្រើសរើស​សិស្ស​ពូកែ​ភាសា​ខ្មែរ​នៅ​ថ្នាក់​មធ្យម​សិក្សា​ទូទាំង​ប្រទេស ដែល​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូល​ចិត្ត​សិក្សា​អក្សរ​សាស្ត្រ​ជាតិ​ដែរ ប៉ុន្តែ​ការ​យល់​ដឹង​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​តែ​ខ្សោយ។

របាយការណ៍​របស់​ក្រសួង​អប់រំ​ឆ្នាំ​២០១០-២០១១ បង្ហាញ​ថា ចំនួន​សិស្ស​បោះ​បង់​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​មាន​ចំនួន​ជាង ២១​ភាគរយ ដែល​ជា​ការ​ដើរ​ផ្ទុយ​ពី​គោលដៅ​របស់​ក្រសួង​អប់រំ។

ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ការ​មិន​ចេះ​អាន និង​សរសេរ​អក្សរសាស្ត្រ​ជាតិ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​សិស្ស​ថ្នាក់​អនុវិទ្យាល័យ​បោះ​បង់​ការ​សិក្សា។ ម៉្យាង​ទៀត គ្រូ​បង្រៀន​ភាគ​ច្រើន​​នៅ​ថ្នាក់​បឋម​សិក្សា និង​មធ្យម​សិក្សា​មិន​ដែល​បាន​បង្ហាញ​សិស្ស​ថា អ្នក​ពូកែ​អក្សរសាស្ត្រ​ជាតិ នឹង​អាច​ចាប់​យក​ឱកាស​ការងារ​ណា​មួយ​បាន​នោះ​ឡើយ។

ក្រុម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា អ្នក​ពូកែ​អក្សរសាស្ត្រ​ជាតិ អាច​ក្លាយ​ជា​អ្នក​និពន្ធ​អ្នក​សារព័ត៌មាន​អ្នក​នយោបាយ​អ្នក​គ្រប់គ្រង​សាស្ត្រាចារ្យ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Senarak

ពី Phnom Penh

Ministry of Education is having the poor and uneducated leaders in the Education Ministry. There is no Research and Development Department, how can they improve the education system. The Children now is studying very hard from Monday to Saturday, this is plenty of time. អ្នកវិភាគបែបម៉ារៀលៗឯងកុំបន្ទោសក្មេង។​ មានកែលោក​ឯងទេ ដែលមិនយល់ដឹងថាប្រព័ន្ធអប់រំវាយ៉ាងណា និងថ្នាក់ដឹកនាំវាខ្សោយ។

Jun 22, 2012 04:33 AM

Lee

ពី Stockton, CA USA

It essentailly important for Khmer children to be master and prioritize
Khmer literature, foreign language should be second. To reform this structure should start from the Cambodian Department of education.

Jun 19, 2012 11:45 AM

អ្នក​អាន​អនាមិក

សម័យលោកអាចារ្យហែម ចៀវ លោកបានយកជីវិតទៅប្តូរដើម្បីរក្សាអក្សរសាស្រ្តខ្មែរ។ បច្ចុប្បន្ននេះ គ្រប់គ្នាខិតខំធ្វើការដើម្បីរកលុយបង់ថ្លៃសាលាឲកូនដើម្បីបានសិក្សាភាសាបរទេស។​ មានប្រទេសជាច្រើនលើពិភពលោកនេះ ដែលបានបាត់បង់ភាសាកំណើតខ្លួន តើកម្ពុជាអាចនឹងដើរតាមគន្លងប្រទេសទាំងនេះដែរឬទេក្នុងរយៈពេលខាងមុខ? កត្តាការងារ កត្តាបច្ចេកវិទ្យាទំនើប ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតទៅលើបញ្ហអក្សរសាស្រ្តខ្មែរ។

Jun 18, 2012 10:06 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

កាលណាសិស្សណាខ្សោយមុខវិជ្ជាភាសាខ្មែរហើយនោះ គេនឹងខ្សោយស្ទើរតែគ្រប់មុខវិជ្ជា។ ឯមូលហេតុសំខាន់បំផុត ដែលនាំឲ្យសិស្សានុសិស្សខ្សោយនោះគឺបណ្តាមកពីគ្រូ បង្រៀនមានប្រាក់ខែតិចតួចមិនអាចមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ដូច្នេះគាត់ត្រូវចំណាយពេលរករបរផ្សេងមួយទៀតបន្ថែមដើម្បីទប់ទល់ជីវភាព ដែលជាហេតុបណ្តាលឲ្យការបង្រៀនរបស់គាត់ខ្វះគុណភាព។​ សិស្សជំនាន់មុន សង្គ្រាមច្រើនពូកែ តើគ្រូបង្រៀនមានប្រាក់ខែប៉ុន្មាន?
នេះហើយជាលទ្ធផលដែលយើងទទួលបាននៅពេលប្រាក់ខែគ្រូតិចនោះ!!!!!!!!!!!!!
គេមិនសូវយករឿងប្រាក់ខែតិចមកនិយាយទេ ព្រោះអ្វី??????

Jun 16, 2012 10:12 PM

KHMER

ពី BOTHELL,WASHINGTON USA

All mistakes from leader and government.Because some the governmentworker did not know Khmer's art , Khmer's word and Khmer's cultures too.

Jun 16, 2012 01:40 PM

មើល​មតិ​ទាំង​អស់.