ស្រ្តី​ខ្មែរ​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុនផ្ដាសាយ​A(H1N1)

2009-09-29

ជំងឺ​គ្រុនផ្តាសាយ​ថ្មី​ប្រភេទ​A(H1N1) បាន​សម្លាប់​ស្រ្តី​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៩ ដែល​បន្ទាប់​ពី​ករណី​ស្លាប់​លើក​ទី​មួយ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ជំរុញ​សកម្មភាព​ត្រួត​ពិនិត្យ ទប់​ស្កាត់​ការពារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ប្រភេទ​នេះ។

AFP Photo

អ្នក​ធ្វើ​ដំណើរ​ពាក់​ម៉ាស​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ជ្រូក​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ Los Angeles សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​២៩ មេសា ២០០៩។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក សុខ ទូច ថ្លែង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០០៩ ថា លោក​នឹង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្ការ​ជំងឺ​ផ្តាសាយ​ថ្មី​ជា​បន្ត​ទៀត បន្ទាប់​ពី​ស្រ្ដី​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជា​លើក​ទី​១ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៩។

ការ​បង្ការ​នោះ​នឹង​ត្រូវ​ផ្តោត​ជា​សំខាន់​លើ​ការ​ផ្សព្វផ្សាយ​អំពី​ការ​រក្សា​អនាម័យ។

លោក សុខ ទូច បាន​ថ្លែង​ដូច្នេះ​ថា ៖ «គឺ​ថា​យើង​នៅ​តែ​បន្ត​ពង្រឹង​អំពី​ការ​ការពារ ជា​ពិសេស​គឺ​ការ​ទទួល​យក​នូវ​អនាម័យ​សំខាន់​ទាំង​៣ គឺ​ការ​ទប់​ស្កាត់ ការ​ចម្លង ក៏​ដូច​ជា​ការ​ពង្រឹង​នៅ​តាម​មន្ទីរ​ពេទ្យ​របស់​យើង​ទៀត»

ករណី​អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្តាសាយ​ថ្មី ប្រភេទ​A(H1N1) ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទី​ស្តីការ​ក្រសួង​ទេសចរណ៍​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០០៩។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ជា​ករណី​ទី​១ ដែល​មាន​ប្អូន​ស្រី​ម្នាក់​អាយុ​៤០​ឆ្នាំ នៅ​ខណ្ឌ​ចំការមន​នេះ ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​ចេញ​ពី​រោគ​សញ្ញា​H1N1​នេះ​ឯង»

លោក សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​បញ្ជាក់​អំពី​ករណី​ស្លាប់​របស់​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​ថ្មី​​A(H1N1)​ថា នេះ​ពិត​ជា​ទើប​កើត​មាន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា លោក​មិន​អាច​មាន​ប្រសាសន៍​បន្ថែម​អំពី​ស្រ្តី​ដែល​ស្លាប់​បាន​ទេ​នៅ​ពេល​នេះ  ហើយ​លោក​នឹង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អម្អិត​មួយ​អំពី​ករណី​នេះ។

លោក សុខ ទូច ថ្លែង​បញ្ជាក់​ដូច្នេះ ៖ «យើង​អត់​ជម្រាប​ជូន​ឈ្មោះ​ទេ គ្រាន់​តែ​ដឹង​ថា​គាត់​ភេទ​ស្រី អាយុ​៤១​ឆ្នាំ ហើយ​នៅ​ភ្នំពេញ​ហ្នឹង​ទេ។ នៅ​ថ្ងៃ​នេះ​យើង​នឹង​ចេញ​ប្រកាស​ព័ត៌មាន​មួយ​រួម​រវាង​ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​ជម្រាប​ជូន​ពី​ករណី​នេះ​បន្ថែម​ទៀត»

លោក ញ៉ឹប ប៊ុនលី អ្នក​ចិញ្ចឹម​ជ្រូក​ម្នាក់​នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ថ្លែង​ថា បើ​ទោះ​ជា​មាន​ករណី​នេះ​ក្តី លោក​មិន​សូវ​ជា​ព្រួយ​បារម្ភ​ពេក​ទេ ៖ «ខ្ញុំ​អត់​អី​ទេ ធម្មតា​ទេ មិន​សូវ​ជា​បារម្ភ​ប៉ុន្មាន​ទេ»

យុវ​កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់​ឈ្មោះ ផល ពិសី នៅ​ឃុំ​រកាកោង​១ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល និយាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ​អំពី​ជំងឺ​ផ្តាសាយ​A(H1N1)​នេះ។

សូម​ជម្រាប​ជូន​ថា ចាប់​តាំង​ពី​មាន​ការ​រីការាល​នៃ​មេរោគ​A(H1N1)​ ពាស​ពេញ​ពិភពលោក​មក មន្រ្តី​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា បាន​ប្រកាស​អំពី​ករណី​ឆ្លង​A(H1N1)​ទី​១ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០០៩ ហើយ​ស្ថិតិ​គេហទំព័រ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៩ ប្រទេស​កម្ពុជា​មាន​មនុស្ស​ឆ្លង​ជំងឺ​នេះ​ចំនួន​៨៨​ករណី​ហើយ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ្នក​កើត​ជំងឺ​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា​កើន​ដល់​៤៤៤នាក់

មន្ត្រី​សុខាភិបាល៖ ពលរដ្ឋ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ​ជំងឺ​ផ្តាសាយ​ថ្មី

មន្ទីរ​សុខាភិបាល​ខែត្រ​សៀមរាប​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ផ្តាសាយ​ថ្មី

សហជីព​កម្មករ​សុំ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ជំងឺ​ផ្ដាសាយ​ថ្មី

ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​A(H1N1)​នឹង​មក​ដល់​កម្ពុជា​ខែ​ក្រោយ

មន្រ្តី​សុខាភិបាល​បារម្ភ​ពី​ការ​ឆ្លង​នៃ​ជំងឺ​ផ្ដាសាយ​ថ្មី​ក្នុង​ពេល​អុំ​ទូក

WHO​និង​​អាជ្ញាធរ​​ត្រៀម​ចែក​ខិត្តប័ណ្ណ​អប់រំ​ពី​​ផ្ដាសាយ​ថ្មី​ក្នុង​ពិធី​បុណ្យ​អុំទូក

ពលរដ្ឋ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​គ្រុន​ផ្ដាសាយ​A(H1N1)​នៅ​កម្ពុជា

WHO​និង​ក្រសួង​សុខាភិបាល​គ្រោង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​គ្រុន​ផ្តាសាយថ្មី

អ្នក​ស្លាប់​ដោយសារ​គ្រុន​ផ្ដាសាយ A(H1N1) កើន​ដល់​៣​នាក់​ហើយ​នៅ​កម្ពុជា