ចលនា​ខ្មែរ​ម្ចាស់ស្រុក​បើក​កិច្ចប្រជុំ​នៅ​សហរដ្ឋ​អាមេរិក

2008-05-10

ចលនា​ខ្មែរ​ម្ចាស់ស្រុក បាន​បើក​កិច្ចប្រជុំ​ថ្មី​មួយ​ទៀត​ជួប​ជាមួយ​ពលរដ្ឋ​អ្នក​មាន​ដើមកំណើត​ខ្មែរ នៅ​រដ្ឋ​ម៉ាស្សាឈូស្សិត សហរដ្ឋ​អាមេរិក ។

កិច្ចប្រជុំ​នោះ​គឺ​រៀបចំ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ ចាប់ពី​ម៉ោង ៩​កន្លះ​ព្រឹក​ដល់​ម៉ោង ៤​រសៀល នៅក្នុង​បរិវេណ​វត្ត​លីន នៃ​ទីក្រុង​លីន រដ្ឋ​ម៉ាស្សាឈូស្សិត ។ ប្រធានបទ​នៃ​កិច្ចប្រជុំ​គឺ​ផ្តោត​សំខាន់​អំពី​បញ្ហា​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ បញ្ហា​ព្រំដែន បញ្ហា​អាណានិគម​វៀតណាម និង​អំពី​បញ្ហា​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ។

លោកស្រី​បណ្ឌិត ចាក់ សាខុន អគ្គ​ប្រតិភូ​នៃ​ចលនា​ខ្មែរ​ម្ចាស់​ស្រុក មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​អំពី​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ទៀត ដែល​នឹង​លើក​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នោះ ៖ «ប្រធាបទ​ហ្នឹង​គឺ​ថា​រឿង​សន្តិភាព​សព្វថ្ងៃ​ហ្នឹង មិន​មែន​ជា​សន្តិភាព​ធិបតេយ្យ​ទេ ជា​សន្តិភាព​ក្លែងក្លាយ​នៅ​ស្រុក​ខ្មែរ ហើយ​ពី​រឿង​អន្តោប្រវេសន៍ ដើម្បី​ប្រាប់​ឲ្យ​ប្រជាជន​យើង​បាន​ដឹង ។ ហើយ​បន្ទាប់​មក​ទៀត យើង​និយាយ​ពី​រឿង... សេដ្ឋកិច្ច​ខ្មែរ​ទៅ​ឲ្យ​យួន ពី​រឿង​ពុករលួយ ពី​រឿង​ប្លន់​ដីធ្លី​អី​ទាំង​អស់​ហ្នឹង ដែល​ជាពិសេស​គឺ​ថា សព្វថ្ងៃ​ហ្នឹង​រដ្ឋាភិបាល​ខ្មែរ​កំពុង​តែ​ដឹក​ដៃ​ខ្មែរ​ទាំងអស់​ចូល​ទៅ​សហព័ន្ធ​ឥណ្ឌូចិន ដោយ​ខ្មែរ​អត់​ដឹង​ខ្លួន ។ អ៊ីចឹង​បាន​យើង​នៅ​ស្រុក​ក្រៅ​ហ្នឹង​យើង​ខំពន្យល់ ឲ្យ​គាត់​យល់​ថា តិច​ទៀត​ហ្នឹង​អស់​ជាតិ​សាសន៍​យើង​ហើយ យើង​ទៅ​ជា​ឥណ្ឌូចិន»

លោកស្រី​បណ្ឌិត ចាក់ សាខុន មាន​ប្រសាសន៍​ថា នៅក្នុង​កាលៈទេសៈ​នេះ​ចលនា​ខ្មែរ​ម្ចាស់​ស្រុក ចេញ​ធ្វើការ​ផ្សព្វផ្សាយ​ជម្រាប​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្រៅ​ស្រុក ឲ្យ​បាន​ជ្រាប​អំពី​វិបត្តិ​ធំៗ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក​បាន​យល់​បាន​ឃើញ​ច្បាស់​នូវ​គ្រោះថ្នាក់​ដែល​ប្រជាជាតិ​ខ្មែរ​កំពុង​ប្រឈមមុខ ។

លោកស្រី​បណ្ឌិត​បញ្ជាក់​ថា ចលនា​ខ្មែរ​ម្ចាស់ស្រុក​មិន​ផ្ញើ​សេចក្តី​ថ្លែងការណ៍​ជា​អនុសាសន៍​ឬ​សំណើ​ជូន​ទៅ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​ទេ ព្រោះថា ៖ «ខ្មែរ​ម្ចាស់​ស្រុក​មិន​បាច់​ធ្វើ​សំណើ​ទេ ព្រោះ​សំណើ​ហ្នឹង Amnesty International ក៏​គេ​ធ្វើ នៅ​ខាង Global Witness ក៏​គេ​ធ្វើ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​គេ​ធ្វើ​មួយ​កញ្ឆេរ ពីរ​កញ្ឆេរ អស់​រាប់​តោន​ហើយ ដូច្នេះ​ខ្មែរ​ម្ចាស់​ស្រុក​មិន​បាច់​ធ្វើ​ទេ រដ្ឋាភិបាល​ដឹង​ហើយ​ថា​ខ្លួន​ត្រូវ​ធ្វើ​ស្អី ជា​ពិសេស​ទៅ​ទៀត​ហ្នឹង​រដ្ឋាភិបាល បើ​គោរព​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ហ្នឹង វា​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ខ្លួន​មិន​គោរព ប្រទេស​ខ្មែរ​ហ្នឹង​ជា​ប្រទេស​ហត្ថលេខី នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស រំលោភ​សន្ធិសញ្ញា​របស់​ខ្លួន​ទៀត ដែល​គេ​ធ្វើ​សម្រាប់​ប្រយោជន៍​ខ្លួន​ហ្នុង ។ រដ្ឋាភិបាល​សព្វថ្ងៃ​អត់​មាន​ឯករាជ្យ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​ទេ ព្រោះ​ខ្លួន​នៅ​ក្រោម​គំនាប​ប្រទេស​វៀតណាម​តែម្ដង បើ​និយាយ​ឲ្យ​ចំ​ទៅ ។ ប្រហែលជា​មាន​ឆន្ទះ​នឹង​ដោះស្រាយ​ដែរ ប៉ុន្តែ​អត់​មាន​សិទ្ធិ​នឹង​ដោះស្រាយ ដូច្នេះ​ហើយ​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​ជ្រាប​ទាំងអស់​ទៅ ប្រហែលជា​គេ​អាច​ជួយ​រដ្ឋាភិបាល​បាន រឿង​ដោះស្រាយ​បញ្ហា​ស្រុក​ហ្នឹង ។ អ៊ីចឹង​បាន​ថា​ក្នុង​ស្រុក​ធ្វើ​មិន​បាន យើង​បំផុសបំផុល​គ្នា​ទៅ ហើយ​ច្បាប់​យើង​មាន​មួយ​គំនរ​តើ! យើង​ទាមទារ​ទៅ​តាម​ផ្លូវ​ច្បាប់ ព្រោះ​ប្រទេស​វៀតណាម​ក៏​ជា​ហត្ថលេខី នៃ​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​តើ!»

ប៉ុន្តែ​កន្លងមក​នេះ​រដ្ឋាភិបាល​កម្ពុជា​តែង​បដិសេធ​នូវ​ការ​ចោទប្រកាន់​នេះ​ដោយ​អះអាង​ថា ការ​ចោទប្រកាន់​ទាំង​នេះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ ៕

អត្ថបទ​ដែល​ទាក់ទង

ហោ ណាំហុង ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រធាន​បក្ស​សមរង្ស៊ី​ទៅ​តុលាការ​បារាំង

សមាជិក​បក្ស​ហ៊្វុនស៊ិនប៉ិច​១០០​នាក់​នៅ​កំពង់ឆ្នាំង​ចុះចូល​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស

មេ​ឃុំ​បក្ស​ប្រជាជន​នៅ​ពោធិ៍សាត់​រង​ការចោទ​ថា​មិន​ឲ្យ​បក្ស​សមរង្ស៊ី​ប្រជុំ

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ក្រុង​ប៉ៃលិន

ហ៊ុន សែន នឹង​ចុះ​ចេញ​ពី​តំណែង​ដោយ​សន្តិវិធី​បើ​បក្ស​ប្រជាជន​ចាញ់

ឯកអគ្គរដ្ឋទូត​ស.រ.អា.​ចង់​ឃើញ​សម្ដេចក្រុមព្រះ​យាង​ត្រឡប់​មក​វិញ

សួន សេរីរដ្ឋា ឆ្លើយតប​នឹង​ការចោទ​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង

ការប៉ុនប៉ង​ដក​អភ័យ​ឯកសិទ្ធិ​ប្រធាន​បក្ស​ប្រឆាំង​ត្រូវ​បាន​ផ្អាក

ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ថៃ​ភ័យខ្លាច​ក្រោយ​ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រី

មន្ត្រី​ទូតអាមេរិក​និង​សិទ្ធិមនុស្ស​បារម្ភ​អំពី​ការប៉ុនប៉ង​ដក​អភ័យ​ឯកសិទ្ធិ​សម​រង្ស៊ី