មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៩ ខែមិថុនាថា បន្ទាប់ពីមានសភាពការណ៍តឹងតែង ដោយសារប្រជាកសិករថៃ បានចូលទៅធ្វើស្រែនៅលើដីចំណុចបង្គោលព្រំដែនលេខ ៤៣នោះមក កងការពារព្រំដែនខ្មែរ និងភាគីថៃ បានជួបប្រជុំគ្នា ដោយបានសម្រេចផ្អាកមិនឲ្យប្រជាកសិករទាំងពីរប្រទេស បន្តចូលទៅធ្វើស្រែនៅលើដីនោះមួយរយៈសិន។
សេចក្ដីសម្រេចនេះ បានធ្វើឡើងក្រោយពីប្រជាកសិករថៃ អមដោយកងកម្លាំងរបស់ថៃជួយការពារពួកគេផងនោះ បានសម្រុកចូលទៅភ្ជួរដីដើម្បីធ្វើស្រែនៅលើដីនៅតំបន់នោះ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ប៉ុន្តែត្រូវបានកងកម្លាំងកម្ពុជានាំគ្នាទៅហាមឃាត់។
លោក អ៊ុក កែវរតនៈ៖ «ខាងវរនៅការពារព្រំដែន ជាមួយទំនាក់ទំនងព្រំដែន គេបានជួបគ្នាគេអស់ហើយ ដើម្បីនិយាយគ្នាពីបញ្ហាហ្នឹង ឥឡូវហ្នឹង គឺយើងផ្អាកក្រោយការប្រជុំទាំងភាគីខ្មែរដែលមានស្រែនៅក្នុងតំបន់ហ្នឹងចំណុចក្ដៅ អត់ឲ្យធ្វើ ហើយខាងភាគីថៃក៏មិនឲ្យធ្វើ រង់ចាំឲ្យគណៈកម្មាធិការថ្នាក់ជាតិព្រំដែនថ្នាក់ជាតិ លោកចុះមកពិនិត្យធ្វើការជាក់លាក់ឡើងវិញ តើបង្គោលនេះ ពិតជានៅចំចំណុចហ្នឹង ដែលស្ថិតនៅក្នុងផែនទីច្បាស់លាស់ហ្នឹង»។
កសិករថៃមួយចំនួនក្នុងចំណោម ៣៧គ្រួសារ បានព្យាយាមចង់យកត្រាក់ទ័រ និងម៉ាស៊ីនគោយន្តភ្ជួរដីធ្វើស្រែនៅលើដីទំហំ ១៨០ហិកតារ ក្បែរបង្គោលព្រំដែនលេខ ៤៣ ខាងជើងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ខាងភាគីយោធាកម្ពុជា បានហាមមិនអោយកសិករថៃចុះធ្វើស្រែនៅតំបន់នោះតាំងពីចុងខែមេសា ឆ្នាំ២០១២។
លោក កែវ សែន អភិបាលស្រុកអូរជ្រៅ បានបញ្ជាក់ថា ស្ថានភាពដណ្ដើមដីគ្នាធ្វើស្រែ រវាងកសិករ ថៃ និងកសិករខ្មែរ នៅលើដីត្រង់ចំណុចបង្គោលព្រំដែនលេខ ៤៣ នោះ បានស្ងប់ស្ងាត់ទៅវិញហើយ ភាគីទាំងពីរ កម្ពុជា ថៃ នឹងធ្វើសេចក្ដីរាយការណ៍ពីបញ្ហាទំនាស់ដីធ្លី នៅតំបន់ព្រំដែននោះទៅរាជរដ្ឋាភិបាលរៀងៗខ្លួន។
លោក កែវ សែន៖ «អានេះ នៅក្នុងការជជែកគ្នា រវាងភាគីថៃ យើងឲ្យផ្អាកសិន ហើយរាយការណ៍ជូនថ្នាក់លើរៀងៗខ្លួន បញ្ហានេះជាបញ្ហារបស់គណៈកម្មាធិការជាតិព្រំដែន លោកធ្វើ ដែលមានកំណត់ហេតុត្រឹមត្រូវ អត់មានបញ្ហាអីទេ»។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានបញ្ជាក់ថា ដីដែលភាគីថៃកំពុង ព្យាយាមយកធ្វើស្រែនោះ ពីដើមជាទីតាំងជុំរុំជនភៀសខ្លួនខ្មែរ ប៉ុន្តែនៅពេលដែលជនភៀសខ្លួនខ្មែរ ត្រូវបានរដ្ឋាភិបាលនាំយកចូលក្នុងប្រទេសកម្ពុជាវិញ ភាគីថៃក៏ចាប់ផ្ដើមរំកិលរំលោភយកដីខ្មែរនៅតំបន់នោះ។
លោក អ៊ុក កែវរតនៈ៖ «ពេលនោះឯង ដែលថៃចាប់ផ្ដើមរំកិលចូល ទាំងធ្វើផ្លូវ ទាំងដី ខាងកងទ័ពដែលលោកប្រចាំការនៅហ្នឹង គាត់ថា ដីហ្នឹង ថៃវារំកិល បើគិតជាហិកតារប្រមាណ ២៦០ហិកតារ ចូលដីខ្មែរ អញ្ចឹងហើយ នៅចន្លោះពេលដែលយើងដករំសាយកម្លាំង ប្រជាពលរដ្ឋដែលរស់នៅតាមជុំរុំពេលនោះដែលថៃឆ្លៀតឱកាសចូលពេលហ្នឹង»។
កាលពីដើមខែមិថុនា ឆ្នាំ២០១២ នគរបាលព្រំដែនថៃ ជាង ១០នាក់ ប្រដាប់ដោយអាវុធ បានចូលទៅការពារកសិករថៃ ឲ្យចូលភ្ជួរ និងព្រួសស្រូវលើដីនោះដែរ។ ប៉ុន្តែពេលជួបកងទាហានកម្ពុជា ប្រចាំការនៅតំបន់ព្រំដែននោះ ភាគីថៃបានប្ដូរទិសដៅ ដោយបានស្នើសុំទៅពិនិត្យមើលបង្គោលព្រំដែនលេខ ៤៦ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលនៅជាប់នឹងព្រំដែនខេត្តស្រះកែវ ថៃវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។