ខ្មែរ​អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​នៅ​វ៉ាស៊ីនតោន​ប្រឆាំង​លោក ​ហោ ណាំហុង

ពលរដ្ឋ​ខ្មែរ​អាមេរិក​រស់​នៅ​តំបន់​ជុំវិញ​រដ្ឋធានី វ៉ាស៊ីនតោន (Washington D.C) គ្រោង​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​មិថុនា ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស នៅ​សហរដ្ឋអាមេរិក។
ដោយ មឿង ទុម
2012-06-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ីលឡារី ហោ​ណាំហុង ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) [ឆ្វេង] និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្នុង​សន្និសីទ​កាសែត​រួម​មួយ នៅ​ឯ​ក្រសួង​ការបរទេស ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​​២០១០៕
RFA/Sok Serey

លោក ហោ ណាំហុង គ្រោង​នឹង​ជួប​មន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក សមាជិក​ព្រឹទ្ធសភា និង​ជំនួយ​ការ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​ពី​ប្រធាន​បទ ដែល​នឹង​លើក​មក​ពិភាក្សា​គ្នា​នោះ​ទេ។

តំណាង​ក្រុម​អ្នក​រៀប​ចំ​បាតុកម្ម លោក ម៉ៃឃើល ដួង (Micheal Duong) មាន​ប្រសាសន៍​ថា ពួក​គាត់​នឹង​ដឹក​នាំ​ប្រតិភូ​ចំនួន ១០​រូប ទៅ​ជួប​ជំនួយ​ការ​នៃ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​ជំទាស់​នឹង​វត្តមាន​លោក ហោ ណាំហុង។ លោក​បន្ត​ថា ការ​តវ៉ា​នេះ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក ម៉ៃឃើល ដួង៖ «វត្តមាន​របស់ ហោ ណាំហុង ដែល​ជា​អតីត​ខ្មែរ​ក្រហម និង​ជា​អតីត​មេ​គុក​បឹងត្របែក បាន​ធ្វើ​ឲ្យ​ខ្មែរ​អាមេរិកាំង មិន​សប្បាយ​ចិត្ត រួម​គ្នា​គ្រោង​ធ្វើ​បាតុកម្ម និង​ជួប​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក។ នៅ​ថ្ងៃ​ទី​១២ ខាង​មុខ​នេះ យើង​មាន ២​កម្ម​វិធី ទី​១ នៅ​ពេល​ព្រឹក ជំនួយ​ការ​នៃ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស (Assistant of Secretary of State) គាត់​នឹង​ជួប​គណៈប្រតិភូ​របស់​យើង​មួយ​ចំនួន។ យើង​មាន​ភស្តុតាង​ជា​ច្រើន បង្ហាញ​ទៅ​ក្រសួង​ការ​បរទេស អំពី​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ។ល។»

លោក ម៉ៃឃើល ដួង បាន​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់​ពី​ជួប​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស​រួច​ហើយ បាតុករ​នឹង​រួម​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ក្រសួង​ការ​បរទេស។

លោក ម៉ៃឃើល ដួង៖ «យើង​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​ក្រសួង​ការ​បរទេស នៅ​លើ​ផ្លូវ ២២ និង ស៊ី។ យើង​នឹង​ទៅ​ជួប​ជុំ ខ្មែរ​មក​ពី​តំបន់​ផ្សេង​ក៏​មក​ជួប​ជុំ​ដែរ ដើម្បី​ទាម​ទារ​ជួយ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដូច​ជា​អ្នក​នៅ​តំបន់​បឹង​កក់ និង​បុរី​កីឡា ជា​ដើម ដែល​រាជរដ្ឋាភិបាល ហ៊ុន សែន ប្លន់​យក​ដី​គេ ហើយ​ចាប់​គេ​ដាក់​គុក​ទៀត។ នេះ​ជា​ទង្វើ​អមនុស្សធម៌ និង​យុង​ឃ្នង បន្ទាប់​ពី​របប​ខ្មែរ​ក្រហម»

ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​៨ មិថុនា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក ហោ ណាំហុង ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១២ នឹង​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក លោក​ស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) និង​មន្ត្រី​អាមេរិក​មួយ​ចំនួន​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន មិន​បាន​បញ្ជាក់​លំអិត​ពី​ដំណើរ​ទស្សនកិច្ច​នោះ​ទេ។

លោក គុជ ច័ន្ទលី ជា​អ្នក​វិភាគ​ឯករាជ្យ​នៅ​រដ្ឋ​ម៉ារីឡិន (Maryland) ដែល​នឹង​ចូល​រួម​តវ៉ា​វត្តមាន លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​នូវ​ជំហរ​របស់​ពលរដ្ឋ​អាមេរិកាំង ថា​តើ​ពួក​គេ​យល់​យ៉ាង​ណា​ចំពោះ​ការ​គ្រប់​គ្រង​កម្ពុជា របស់​រដ្ឋាភិបាល លោក ហ៊ុន សែន។

លោក គុជ ច័ន្ទលី៖ «យើង​មិន​ស្វាគមន៍​វត្តមាន​របស់​លោក ហោ ណាំហុង មក​សហរដ្ឋអាមេរិក​នេះ​ទេ។ យើង​មិន​ចង់​ឲ្យ​អតីត​មេ​ខ្មែរ​ក្រហម មក​ជួប​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ទេ។ ព្រោះ​វា​អាច​មាន​ឥទ្ធិពល​លើ​គោល​នយោបាយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក ទៅ​ខាង​ប្រទេស​ខ្មែរ​យើង។ ដូច្នេះ​ហើយ បើ​មាន​ខ្មែរ​យើង​នៅ​ទី​នេះ រួប​រួម​គ្នា​បង្ហាញ​នូវ​ជំហរ​មិន​គាំទ្រ​តំណាង​រដ្ឋាភិបាល​ខ្មែរ​នៅ​ភ្នំពេញ​នោះ សហរដ្ឋ​អាមេរិក​គេ​នឹង​រៀប​ចំ​គោល​នយោបាយ​អន្តរជាតិ​របស់​គេ​ចំពោះ​ខ្មែរ អាស្រ័យ​ទៅ​តាម​ជំហរ​នយោបាយ​របស់​ខ្មែរ​អាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក​នេះ​ដែរ»

ក្រៅ​ពី​ជួប​នឹង​មន្ត្រី​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក លោក ហោ ណាំហុង ក៏​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ស្តី​អំពី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា និង​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក នៅ​មជ្ឈ​មណ្ឌល​យុទ្ធសាស្ត្រ​អន្តរជាតិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (13)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

LIGHT

ពី Phnom Penh

don't just say but do something!

Jun 15, 2012 12:00 AM

អ្នក​អាន​អនាមិក

I support Mr Hou Namhong go to USA and Meet Mrs Hyl Laryklynton. Khmer live USA need stop your activity. SK

Jun 14, 2012 04:54 AM

អ្នក​អាន​អនាមិក

ពី សិរីសោភ័ណ បន្ទាយមានជ័យ

សូមមេត្តាកុំបង្ករជម្លោះទៀតអី្វ? ខ្មែរសព្វថ្ងៃបានសេចក្តីសុខណាស់ យើងខ្មែរគួរជួការពារខ្មែរ។ កុំមេត្តាកុំបង្ករចលាចលអ្វី។ ល្មមឈប់បង្ករពីខាងក្រៅ ពីខ្មែរមួយចំនួនតូច។ សូមយល់ពីការពិតផង ខ្មែរសព្វថ្ងៃកំពុងមានការរីកចំរើន សន្តិភាព។

Jun 11, 2012 10:58 PM

Eric

ពី New York, NY

Papa should openned heart larger than this. Please use peace and patience. I am a Khmer-American too, but I love my homeland I never forget who I am and where I came from? Don't use your personal hatred to revenge national interest back there more than 12 million people are our khmer blood. Learn how to bark as an american dog, bark for happiness and prosperity but not to destroy. Everything has a starting point to finished point, dictatorship era cannot survive longer, look at the Arab spring world when those pressures gained enough it could exploded by itself from inside. Nowaday, nobody can pass their ruling from one to onather like N Korea (Family's own country.)I am proud to be Khmer-American, but how many immigarant generation to establish USA. No question, how many year we were get back from genoside regime?

Jun 11, 2012 12:16 PM

អ្នក​អាន​អនាមិក

រស់នៅបរទេសយូរពេក ទើបមិនដឹងអីសោះ ថាអោយតែគេ

Jun 10, 2012 11:04 AM

មើល​មតិ​ទាំង​អស់.