មូល​ហេតុ​ពលរដ្ឋ​ខ្មែរ​និង​សង្គម​ស៊ីវិល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មេ​ដឹកនាំ​ក្នុង​ពិភពលោក

ប្រទេស​កម្ពុជា នៅ​ពេល​មាន​វត្តមាន​ថ្នាក់​ដឹកនាំ​ប្រទេស​សំខាន់ៗ​ក្នុង​តំបន់ ឬ​នៅ​លើ​ពិភពលោក​មក​ទស្សនកិច្ច​ម្តងៗ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ និង​អង្គការ​ដែល​ធ្វើ​ការ​ខាង​អភិវឌ្ឍ​សង្គម និង​សិទ្ធ​មនុស្ស​ជាដើម បាន​សម្រុក​ដាក់​ពាក្យ​បណ្ដឹង​ទាម​ទារ​ទៅ​មេ​ដឹកនាំ​ប្រទេស​ទាំង​នោះ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ខ្លួន​ឯង ពាក់ព័ន្ធ​សេចក្តី​សុខ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​ពួក​គាត់​អះអាង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​សព្វ​បែប​យ៉ាង។
ដោយ សេក បណ្ឌិត
2012-11-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​អ្នក​តវ៉ា​នៅ​មុខ​ទូត​អាមេរិក កាន់​រូបថត​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ករណី​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ពលរដ្ឋ​អ្នក​តវ៉ា​នៅ​មុខ​ទូត​អាមេរិក កាន់​រូបថត​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ករណី​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
RFA

តើ​មូល​ហេតុ​អ្វី​បាន​ពលរដ្ឋ​ខ្មែរ និង​សង្គម​ស៊ីវិល​មួយ​ចំនួន ដាច់​ចិត្ត​បើក​កកាយ​រឿងរ៉ាវ​ក្នុង​ផ្ទះ​ខ្លួន​ឯង ឲ្យ​បរទេស​គេ​ដឹង​ឮ និង​ទាម​ទារ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​បែប​នេះ?

មន្ត្រី​សង្គម​ស៊ីវិល​បាន​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​ដីធ្លី តុលាការ ព្រម​ទាំង​រង​នូវ​ការ​រំលោភ​បំពាន​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ប្រៀប​បាន​នឹង​សត្វ​ដែល​កំពុង​លង់​ទឹក ហើយ​ចាំបាច់​ត្រូវ​រក​អ្នក​ជួយ​សង្គ្រោះ​ជា​បន្ទាន់។

ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទុក្ខ បាន​ព្យាយាម​ស្វែង​រក​ឱកាស​ជួប​អ្នក​ទី២ ឬ​ទី៣ ដើម្បី​ជួយ​ពួក​គាត់ ហើយ​ពួក​គាត់​បាន​ចាត់​ទុក​ឱកាស​ដែល​មេ​ដឹកនាំ​ប្រទេស​នៅ​ក្នុង​តំបន់ និង​ប្រទេស​មហា​អំណាច ចូល​មក​ទស្សនកិច្ច​នេះ ជា​ឱកាស​មួយ​សម្រាប់​ជួយ​សម្រប​សម្រួល​បញ្ហា​ដែល​ជាប់​គាំង​ជាច្រើន​ឆ្នាំ​មក​ហើយ។

រហូត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ និង​អង្គការ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ៥០០​ស្ថាប័ន​ផ្សេង​ទៀត បាន​ព្យាយាម​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ធ្វើ​ញត្តិ និង​សេចក្តី​ថ្លែងការណ៍​រួម ដាក់​ទៅ​មេ​ដឹកនាំ​ពិភពលោក បើ​ទោះ​បី​ជា​ការ​ជួប​ប្រជុំ​នោះ​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​បង្ក​ការ​លំបាក និង​រារាំង​យ៉ាង​ណា​ក្តី។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​រួម​គ្នា​មួយ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ទៅ​តាម​អ្វី​ដែល​ពួក​គាត់​ចង់​បាន ហើយ​ម្យ៉ាង​ទៀត ប្រទេស​កម្ពុជា បាន​រួម​បញ្ចូល​គ្នា​ជា​សហគមន៍​តែ​មួយ ដូច​ជា​សហគមន៍​អាស៊ាន​ជាដើម។ ដូច្នេះ ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ត្រូវ​តែ​ចូល​រួម​ជួយ​គ្នា ប្រមូល​ផ្តុំ​ឲ្យ​មាន​សំឡេង​ខ្លាំង​តែ​មួយ ទាម​ទារ​ទៅ​ថ្នាក់​ដឹកនាំ​ធំ​នៅ​លើ​ពិភពលោក ពិចារណា​ជួយ​រក​ដំណោះស្រាយ។

លោក សៀ ភារម្យ៖ «កាល​ណា​គាត់​ស្រែក​តែ​នៅ​ក្នុង​ស្រុក ពួក​គាត់​អ្នក​តវ៉ា​អត់​មាន​ឥទ្ធិពល​ទេ ហើយ​បើ​សិន​ជា​មាន​ការ​គាំទ្រ​ពី​មិត្តភ័ក្ដិ​របស់​គាត់​នៅ​ក្នុង​សហគមន៍​អាស៊ាន​នោះ នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង កាន់​តែ​ច្រើន។ អ៊ីចឹង វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​ថ្នាក់​ដឹកនាំ​ពិភពលោក ត្រូវ​ធ្វើ​ការ​ពិចារណា​រក​វិធីសាស្ត្រ ដើម្បី​ជួយ​ពន្យល់​ទៅ​ដល់​រដ្ឋាភិបាល​យើង​ហ្នឹង ឲ្យ​គាត់​ធ្វើ​តែ​អំពើ​ល្អ គោរព​សិទ្ធិ​មនុស្ស អា​ហ្នឹង​វា​មើល​ឃើញ​នូវ​សារប្រយោជន៍​សម្រាប់​ពួក​គាត់​អ៊ីចឹង»

លោក​បន្ត​ថា បញ្ហា​នេះ​បើ​សិន​មិន​មាន​វិធានការ​ដោះស្រាយ​ទេ វា​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាក់​មុខ​ដែរ នៅ​ពេល​ដែល​ភ្ញៀវ​មក​លេង​ផ្ទះ ហើយ​មាន​កូន​យំ​ឡាំ​ប៉ា​ទាម​ទារ​ឲ្យ​ដំណោះស្រាយ​គ្រប់​រឿង​យ៉ាង​ដូច្នេះ។

បញ្ហា​ដែល​ប្រជាពលរដ្ឋ​ទាម​ទារ​ឲ្យ​មេ​ដឹកនាំ​ប្រទេស​អាស៊ាន និង​ថ្នាក់​ដឹកនាំ​ធំៗ​នៅ​លើ​ពិភពលោក​ជួយ​ដោះស្រាយ​នោះ រួម​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដោយ​ពុំ​មាន​សំណង​សមរម្យ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​តុលាការ​មិន​ឯករាជ្យ​ជាដើម។

សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី វិញ មើល​ឃើញ​ថា ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹកនាំ ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត។ ការ​ដោះស្រាយ​បញ្ហា​ទាំង​ក្នុង​ប្រព័ន្ធ​តុលាការ និង​ខាង​ក្រៅ​ប្រព័ន្ធ​តុលាការ មិន​ទាន់​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឡើយ។ បញ្ហា​ផ្ទៃ​ក្នុង​នេះ និង​បញ្ហា​ចាត់​ចែង​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​កន្លង​មក ដែល​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នោះ​ផង អាច​ធ្វើ​មាន​ការ​កត់​សម្គាល់​លើ​សមត្ថភាព​គ្រប់គ្រង​របស់​កម្ពុជា និង​ធ្វើ​ឲ្យ​មាន​ការ​មើល​ស្រាល​ពី​ប្រទេស​ជា​សមាជិក។

លោក កែម ឡី៖ «ចំណុច​ទី២ ឆ្លុះ​បញ្ចាំង​នូវ​រូបភាព​ថា នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង មាន​បញ្ហា​ច្រើន​ដែល​យើង​មិន​អាច​ដោះស្រាយ​បាន សូម្បី​តែ​គណៈកម្មាធិការ​យុវជន គណៈកម្មការ​សង្គម​ស៊ីវិល​អាស៊ាន​អី​ហ្នឹង ក៏​មាន​ការ​លំបាក ហើយ​រូបភាព​ហ្នឹង​វា​មិន​ល្អ​ទេ ហើយ​វា​ជះ​ឥទ្ធិពល​ដល់​ការ​ឆ្លុះ​បញ្ចាំង​នូវ​សមត្ថភាព​ខ្មែរ​យើង​ក្នុង​ការ​រៀបចំ​វេទិកា​ឲ្យ​រលូន»

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​រដ្ឋាភិបាល​ថា​ទាំង​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ និង​អង្គការ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​សូម​កុំ​ឲ្យ​ការ​ទាម​ទារ​នោះ ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​នៃ​ការ​អញ្ជើញ​មក​ដល់​របស់​ថ្នាក់​ដឹក​នាំ​ពិភពលោក។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​តែ​បើក​ចំហ​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល តស៊ូ​មតិ​ដោយ​អហិង្សា។ លោក​យល់​ថា បញ្ហា​នេះ​ក៏​ជា​ការ​បង្ហាញ​ពី​សេរីភាព​នៃ​ការ​តស៊ូ​មតិ​តាម​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ចំ​ទិស​ដៅ ហើយ​លោក​គិត​ថា កម្ពុជា នឹង​មិន​ត្រូវ​រង​សម្ពាធ​ពី​ខាង​ភាគី​ណា​មួយ​នោះ​ទេ៖ «គឺ​កម្ពុជា ជា​ប្រទេស​ឯករាជ្យ មាន​អធិបតីភាព​របស់​ខ្លួន។ កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​អ្នក​ណា​ទេ ហើយ​អ្វី​ដែល​យើង​បង្កើន​វិញ គឺ​ការ​យល់​ដឹង​រវាង​កម្ពុជា និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ បង្កើន​ការ​អភិវឌ្ឍ​នៅ​ស្រុក​ខ្មែរ​បន្ត​ទៀត»

លោក កែម ឡី មើល​ឃើញ​ដែរ​ថា សកម្មភាព​ដាក់​ញត្តិ​ប្ដឹង​ទាម​ទារ​ទៅ​មេ​ដឹកនាំ​ពិភពលោក​នេះ គ្រាន់​តែ​ជា​ការ​បង្ហាញ​ពី​ភាព​អស់​ជម្រើស​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ដែល​ព្យាយាម​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល ដែល​មិន​ទាន់​បាន​ផល​ល្អ។ ចំពោះ​លទ្ធផល​ធំ​ដំ​នឹង​មិន​ទាន់​ទទួល​បាន​ភ្លាម​នោះ​ទេ ហើយ​ក៏​មិន​មាន​សម្ពាធ​អ្វី​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល​ដែរ៖ «យើង​ឃើញ​ក្នុង​ធម្មនុញ្ញ​អាស៊ាន មាន​ចង់​ថា​មិន​ជ្រៀត​ជ្រែក​ប្រទេស​នីមួយៗ ហើយ​យើង​ឃើញ​មាន​នៅ​ក្នុង​មាត្រា​នៃ​សេចក្តី​ព្រាង​សេចក្តី​ប្រកាស​នៃ​សិទ្ធិ​មនុស្ស​អាស៊ាន មិន​ឲ្យ​ជ្រៀត​ជ្រែក​ប្រទេស​នីមួយៗ។ អ៊ីចឹង ពិបាក​នឹង​យក​ឥទ្ធិពល​ប្រទេស​ដទៃ​មក​កែ​ក្នុង​ប្រទេស​យើង​ណាស់។ ក៏ប៉ុន្តែ បើ​យើង​មិន​ដាក់​ឲ្យ​គេ​ឮ ឲ្យ​គេ​ដឹង ក៏​អ្នក​ទទួល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នោះ នឹង​មិន​បាន​រៀន​សូត្រ មិន​បាន​ដឹង​បញ្ហា ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​នោះ​បាន​ដែរ»

នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃឹះ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ថា មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រមាណ ៥០០​ស្ថាប័ន នឹង​ជួប​ជជែក​ពិភាក្សា​លើ​ផែនការ​ដាក់​ញត្តិ​ជូន​មេ​ដឹកនាំ​អាស៊ាន និង​មេ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​មហា​អំណាច មាន​សហរដ្ឋ​អាមេរិក ជាដើម ដែល​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

អ្នកស្រី​បន្ត​ថា កិច្ច​ប្រជុំ​នោះ​នឹង​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​សំខាន់ ពី​បញ្ហា​សេចក្តី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន បញ្ហា​សិទ្ធិ​ពលករ​ចំណាក​ស្រុក បញ្ហា​យន្តការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ដែល​ខ្វះ​ការ​ការពារ​ជាដើម។

ចំណែក​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​១០ ផ្សេង​ទៀត ក៏​នឹង​ត្រៀម​ចេញ​សារ​ចំនួន ៣​ចំណុច​សំខាន់​ដែរ សម្រាប់​ដាក់​ជូន​ប្រធានាធិបតី​អាស៊ាន លោក បារ៉ាក់ អូបាម៉ា (Barack Obama) តាម​រយៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ក្នុង​នោះ ផ្ដោត​ទៅ​លើ​តួនាទី​អង្គការ​សង្គម​ស៊ីវិល ហើយ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដូច​ជា​លោក ម៉ម សូណង់ដូ សកម្មជន​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ។ ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​យុត្តិធម៌ ជំរុញ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដែល​រដ្ឋាភិបាល​សន្យា​លើស​មួយ​ទសវត្សរ៍​មក​ហើយ។

មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ទៀត​ថា សារ​ដែល​ទាម​ទារ​ទាំង​នោះ តាម​ពិត​ត្រូវ​ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា ក៏ប៉ុន្តែ​ដោយ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ទទួល​យក​ទៅ​ដោះស្រាយ ទើប​បាន​ជា​អង្គការ​បង្វែរ​យក​សារ​ទាំង​នោះ​ទៅ​ឲ្យ​ប្រទេស​មហា​អំណាច ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ការ​ទាម​ទារ​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Me too, I just want to slap Phai Siphanh'face. slap slap and slap......

Nov 17, 2012 03:47 AM

អ្នក​អាន​អនាមិក

សមមុខហ៊ុនសែនហើយ!

Nov 16, 2012 04:45 AM

អ្នក​អាន​អនាមិក

ទោះជាចិនគិតថារបស់ដែលគេឲ្យមកមានតម្លៃមិនច្រើនជាង ឆ្ធឹងមួយដុំក្តី តែវាធំធេងសំរាប់ចិព្ចឹាមដល់អ្នកកាន់អំណាចខ្មែរដើម្បីបន្តភាពកំរោលមិនមានថ្ងៃឈប់ទល់ពេលនេះ។ ទើបជាហេតុឲ្យក្រមហ៊ុនសែន បន្តមិនទទួលយកឫកែឲ្យមានភាពថ្លៃថ្នូរជារហូតមក។

Nov 15, 2012 10:29 PM

អ្នក​អាន​អនាមិក

I just want to slap Phai Siphanh's face...he never admits the mistake of the government.

Nov 15, 2012 06:13 PM

Nick

Me too.

Nov 16, 2012 09:48 AM

អ្នក​អាន​អនាមិក

I do want to friend. he is always at government side because he is pet of government, he knows nothing and just read what government let him say only. he is not Khmer

Nov 17, 2012 04:07 AM

Pure Khmer

ពី Fresno, CA

គួរអោយខ្ពើមសំដីរបស់​លោក ផៃ ស៊ីផាន​ ជាអ្នកនាំពាក្យ
របស់រាជរដ្ឋាភិបាលណាស់ ពេលណាក៏ដោយឭតែពាក្យ ពង្រឹងនិតិរដ្ឋ និង​ប្រកាន់យក​លទ្ធិប្រជាធិតេយ្យយ៉ាងល្អ
ឥឡូវអួតថាប្រទេសខ្មែរមិនស្ថិតនៅក្រោមអាណានិគម
អ្នកណាទេ ឆ្លុះកញ្ចក់មើលខ្លួនឯងផង សព្វថ្ងៃនេះរស់
ដោយសារការស្មុំ បើចិន​និងយួន អោយ​ គូយ(អង្គុយ)គឺ គូយ អោយ​ស៊រ(ឈរ)គឺស៊​។ លក្ខណះឆោតល្ងង់របស់
មនុស្សពីរយ៉ាង ទីមួយមានជំនឿទៅលើអ្វីដែលខ្លួនខុស
ទីពីរមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនដែលបានធ្វើ

Nov 15, 2012 02:21 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល