ព្រះមហាក្សត្រមានបន្ទូលទៀតថា ព្រៃឈើមិនត្រឹមតែនាំមកនូវផលប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចនិងសង្គមប៉ុណ្ណោះទេ តែបានផ្តល់ផលប្រយោជន៍ដែលមិនអាចប៉ាន់ប្រមាណ ដូចជាជួយថែរក្សាលំនឹងធម្មជាតិ ធ្វើឲ្យធាតុអាកាសកាន់តែប្រសើរឡើង រក្សាប្រភពទឹក ការពារទីជម្រាល និងការពារជីវចម្រុះផងដែរ។
សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលយ៉ាងដូច្នេះ ៖ «សូមអំពាវនាវដល់អង្គការជាតិ អង្គការអន្តរជាតិនិងក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តធ្វើការផ្សព្វផ្សាយដល់បងប្អូនដែលកំពុងប្រកបរបរចិញ្ចឹមជីវិត ដោយការធ្វើអាជីវកម្មព្រៃឈើខុសច្បាប់ ជាពិសេសបងប្អូនមួយចំនួនតូចនៅខេត្តពោធិ៍សាត់ ដែលកំពុងផលិតប្រេងម្រះព្រៅភ្នំ ដែលជាសារធាតុអាចយកទៅផលិតគ្រឿងញៀនបាននោះ ឲ្យងាកមកប្រកបរបរកសិកម្មដើម្បីលើកស្ទួយជីវភាពគ្រួសារជំនួសវិញ។ ពីព្រោះការផលិតប្រេងម្រះព្រៅភ្នំនេះ មិនត្រឹមតែបំផ្លិចបំផ្លាញធនធានព្រៃឈើ បរិស្ថានធម្មជាតិ និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បុគ្គលផ្ទាល់ខ្លួន សង្គមគ្រួសារ សហគមន៍មូលដ្ឋាននិងសង្គមជាតិទាំងមូលទៀតផង»។
ប្រភពពីមន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសដែលសម្បូរធនធានធម្មជាតិមានព្រៃឈើជាដើម ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ។ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃ បាន ៨.១៣៥ ករណី ហើយដើមឆ្នាំ២០០៩នេះ បង្ក្រាបបាន ២៦៦ករណី និងបានរឹបអូសដីព្រៃពីក្រុមជនល្មើសដែលបានកាប់ឆ្ការឈូសឆាយធ្វើជាកម្មសិទ្ធិខុសច្បាប់មកទុកជាសម្បត្តិរដ្ឋវិញចំនួនជិត ៣សែនហិកតារ។
ព្រះមហាក្សត្រមានបន្ទូលទៀតថា ព្រះអង្គបានយាងចូលរួមទិវាដាំកូនឈើនេះបានប្រាំលើកមកហើយ ចាប់តាំងពីព្រះអង្គបានឡើងគ្រងរាជ្យមក។ ព្រះអង្គមានបន្ទូលសុំឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំដើមឈើឲ្យបានគ្រប់គ្នា។
ចំណែកឯលោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៨៩ មកប្រទេសកម្ពុជា បានដាំកូនឈើលើផ្ទៃដីចំនួន ១.២៣៧ហិកតារ។
លោកថ្លែងទៀតថា ឆ្នាំ២០០៩នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ បានយកទីតាំងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ដាំដើមឈើប្រភេទបេង គ្រញូង គគីរ អង្កាញ់ និងអាកាស្យា លើផ្ទៃដីចំនួន២០ហិកតារក្នុងគោលបំណងបង្កើតគម្របបៃតងឡើងវិញនិងធ្វើឲ្យប្រសើរឡើងនូវសោភ័ណភាពធម្មជាតិបរិស្ថាននៅក្នុងតំបន់នោះ៕
