អ្នកនយោបាយ​និង​តំណាង​សង្គម​ស៊ីវិល​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្ដម សីហមុនី ជា​ព្រះរាជ​បុត្រា​នៃ​ព្រះករុណា ព្រះមហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ជា​ព្រះវររាជបិតា និង​សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ជា​ព្រះវររាជមាតា ។

0:00 / 0:00

ព្រះអង្គ​ទ្រង់​ប្រសូត​នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ១៩៥៣ គឺ​មុន​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ប្រមាណជា​៦​ខែ​ប៉ុណ្ណោះ ។

កាល​ពី​ព្រះអង្គ​នៅ​កុមារ ទ្រង់​សិក្សា​នៅ​ក្រុង​ប្រាក ប្រទេស​ឆេកូស្លូវ៉ាគី ។ ព្រះអង្គ​មាន​ជំនាញ​សំខាន់​ខាង​សិល្បៈ របាំ តូរ្យតន្រ្តី និង​ល្ខោន ។ ទ្រង់​ធ្លាប់​បាន​ជា​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​ផ្នែក​របាំ​បុរាណ classic នៅ​វិទ្យាស្ថាន​អភិរក្ស​ខាង​តូរ្យតន្រ្តី និង​នាដសាស្រ្ត​ជាតិ ទីក្រុង​ប្រាក កាល​ពី​ឆ្នាំ ១៩៧១ ។

នៅ​ចន្លោះ​ឆ្នាំ ១៩៧៥-១៩៧៦ ព្រះអង្គ​បាន​យាង​ទៅ​សិក្សា​ឧត្ដមសិក្សា​ខាង​ផ្នែក​ភាពយន្ត នៅ​កូរ៉េ​ខាង​ជើង ។ ពី​ឆ្នាំ ១៩៧៦ ដល់ ១៩៧៩ ទ្រង់​ជាប់​ឃុំឃាំង​ក្រោម​របប​ខ្មែរ​ក្រហម​ជាមួយ​ព្រះវររាជបិតា និង​ព្រះវររាជមាតា ព្រមទាំង​ព្រះ​អនុជ សម្ដេច នរោត្ដម នរិន្ទដ្រាពង្ស ។

ផុត​ពី​របប​វាល​ពិឃាត​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៨០ ទ្រង់​បាន​បម្រើ​ព្រះវររាជបិតា​ជា​លេខាផ្ទាល់ ពេល​ព្រះអង្គ​គង់​ប្រថាប់​នៅ​ប្រទេស​ចិន ហើយ​ចាប់​ពី​ឆ្នាំ ១៩៨១​ទៅ ព្រះអង្គ​ក៏​បាន​យាង​ទៅ​គង់​នៅ​ប្រទេស​បារាំង បំពេញ​ព្រះតួនាទី​ជា​គ្រូ​បង្រៀន​របាំ​បុរាណ របាំ​បាឡេ ជា​ប្រធាន​សមាគម​របាំ​ខ្មែរ​នៅ​ស្រុក​បារាំង ជា​តំណាង​អចិន្រ្តៃយ៍​របស់​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ ។

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ បរមនាថ ទ្រង់​ចេះ​ច្រើន​ភាសា ។ ក្រៅ​ពី​ភាសា​ជាតិ​ហើយ ព្រះអង្គ​ទ្រង់​ចេះ​ភាសា​បារាំង ភាសា​ឆេក និង​ភាសា​អង់គ្លេស យ៉ាង​ស្ទាត់​ជំនាញ​ថែម​ទៀត ។

ក្នុង​អំឡុង​ដែល​ព្រះអង្គ​គង់​នៅ​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ ១៩៩៣ ព្រះករុណា នរោត្តម សីហមុនី ទ្រង់​បាន​កសាង​ស្នាព្រះហស្ថ​ជា​ខ្សែ​ភាពយន្ត​របាំ​បាឡេ ចំនួន ២​រឿង គឺ​រឿង​សុបិន និង​ធាតុ​ទាំង​៤ ដែល​បាន​ទទួល​ការកោតសរសើរ​យ៉ាង​ទូលំ​ទូលាយ ក្នុង​ចំណោម​អ្នក​ស្រលាញ់​សិល្បៈ ។

នៅ​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ ២០០៤ ព្រះអង្គ​បាន​ត្រូវ​សមាជិក​ក្រុម​ប្រឹក្សា​រាជសម្បត្តិ​ជ្រើសរើស​ជា​ឯកច្ឆន្ទ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មួយ​សប្ដាហ៍គត់ ក្រោយ​ពី​ព្រះវររាជ​បិតា ព្រះករុណា​សម្ដេច​ព្រះ នរោត្ដម សីហនុ ទ្រង់​ដាក់​រាជ្យ ជា​លើក​ទី​ពីរ​នោះ​មក ។

ពេល​ទ្រង់​ឡើង​សោយរាជ្យ សម្ដេច​ព្រះករុណា សីហមុនី ទ្រង់​មាន​ព្រះជន្ម​បាន ៥១​ព្រះវស្សា ។ តាំង​ពី​ពេល​នោះ​មក រាជរដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ប្រកាស​យក​ថ្ងៃ​ទី ១៣-១៤ និង ១៥ ឧសភា រៀង​រាល់​ឆ្នាំ ជាទិវាប្រារព្ធ​រាជពិធី​ចម្រើន​ព្រះជន្ម​វស្សា​ថ្វាយ​ព្រះអង្គ ជា​ព្រះ​មហាក្សត្រ ។ ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​មិន​កាន់​អំណាច​អ្វី​ឡើយ​ស្រប​តាម​បទ​ប្បញ្ញត្តិ​របស់​ច្បាប់​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

បច្ចុប្បន្ន​នេះ ព្រះករុណា​ទ្រង់​នៅ​ពុំ​ទាន់​មាន​ព្រះ​មហេសី ជួយ​សម្រាល​ព្រះរាជ​ភារកិច្ច​ប្រចាំ​ថ្ងៃ​នៅ​ឡើយ​ទេ ថ្វី​បើ​ព្រះអង្គ​មាន​ព្រះជន្ម​គ្រប់ ៥៥ យាង​ចូល ៥៦ ព្រះវស្សា​ទៅ​ហើយ​នោះ ។

នៅ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ មេដឹកនាំ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នយោបាយ​នានា ព្រមទាំង​ឥស្សរជន​អង្គការ​សង្គមស៊ីវិល បាន​នាំ​គ្នា​ថ្វាយ​ព្រះពរ​ព្រះករុណា ព្រះបាទ ព្រះ​បរមនាថ នរោត្ដម សីហមុនី និង​ពិពណ៌នា​អំពី​លក្ខណៈ​ពិសេស​របស់​ព្រះអង្គ​ដូច​ត​ទៅ ៖

លោក ជាម យៀប សមាជិក​គណៈអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​លើក​តម្កើង​លក្ខណៈ​របស់​ព្រះមហាក្សត្រ​ដូច្នេះ ៖ «ព្រះអង្គ​មាន​ព្រះតម្រិះ​យ៉ាង​ល្អ​ប្រពៃ មិន​ដែល​ធ្វើ​ឲ្យ​រង្គាស​ចិត្ត​ដល់​ប្រជាពលរដ្ឋ ឬ​ដល់​រាជរដ្ឋាភិបាល ឬ​អង្គការ​នីតិបញ្ញត្តិ​នោះ​អីទេ គឺ​ព្រះអង្គ​បាន​សម្រួល​នូវ​រាល់​កិច្ចការងារ​លំបាក​លំបិន របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា របស់​អង្គការ​នីតិបញ្ញត្តិ ឬ​ក៏​អង្គ​តុលាការ ។ ក្រោយ​ពេល​ព្រះអង្គ​សោយរាជ​សម្បត្តិ​មក ក្លាយ​ទៅ​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​អង្គ​ចៅក្រម ក៏​ធ្វើ​ឲ្យ​អង្គការ​តុលាការ​មាន​ការ​រីកចម្រើន ព្រមទាំង​ព្រះអង្គ​បាន​មាន​ព្រះតម្រិះ ធ្វើយ៉ាងណា​ដើម្បី​រកយុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិសទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​បំបាត់​នូវ​អំពើ​អគតិ​ដែល​កើត​ចេញ​អំពី​ចៅក្រម ឬ​ព្រះរាជអាជ្ញា ឬ​មន្រ្តី​តុលាការ​បាន​មួយ​ចំនួន​ធំ ដែល​ធ្វើ​ឲ្យ​ទូល​បង្គំ​យើង​ខ្ញុំ​ទាំង​អស់ មាន​ការកោត​សរសើរ​យ៉ាង​ខ្លាំង ។ ហើយ​វិស័យ​សេដ្ឋកិច្ច​ជាតិ និង​អន្តរជាតិ ក៏​ព្រះអង្គ​បាន​ជួយ​សម្រួល​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​ការជឿនលឿន​ឡើង បំបាត់​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​បញ្ហា​អន្តរជាតិ ព្រះអង្គ​បាន​ទំនាក់ទំនង​បាន​យ៉ាង​ល្អ​ប្រសើរ​កន្លង​មក»

លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្វាយ​ព្រះពរ​ចំពោះ​ព្រះមហាក្សត្រ ដោយ​កោត​សរសើរ​តួនាទី​របស់​ព្រះអង្គ ៖ «ព្រះបាទ​នរោត្ដម បរមនាថ សីហមុនី គឺ​ព្រះអង្គ​បាន​បំពេញ​តួនាទី​ទៅ​តាម​រដ្ឋធម្មនុញ្ញ ដែល​ជា​រាជានិយម អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ។ ខ្ញុំ​យល់​ថា​ព្រះអង្គ​បាន​បំពេញ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​ឲ្យ​មានឯកភាព​ជាតិ ធានា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ដែល​ជា​កត្តា​ធំ ។ ពិត​ណាស់​ហើយ​ថា នៅ​មាន​ការមិន​ទាន់​អនុវត្ត​បាន​គ្រប់គ្រាន់ នៃ​អ្វីៗ​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ប៉ុន្តែ​គឺ​ទៅ​តាម​លទ្ធភាព​ដែល​ព្រះអង្គ​បាន​ទ្រង់​កិច្ចការ​ទាំងអស់​នេះ គឺ​ល្អ​ណាស់​ទៅ​ហើយ ។ នៅ​ក្នុង​ឱកាស​នេះ​ដែរ ក្នុង​នាម​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​ឱកាស​ចម្រើន​ព្រះជន្មាយុ​គម្រប់ ៥៥ ចូល ៥៦ ព្រះ​វស្សា​នេះ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​មហាកិត្តិយស​ថ្វាយ​ព្រះពរ​សិរី​មហាសួស្ដី មាន​ព្រះជន្មាយុ​យឺនយូរ មាន​កម្លាំង​ពលំ​បញ្ញាញាណ​ឈ្លៀសវៃ​ដើម្បី​នឹង​គង់​នៅ​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​អស់»

ចំណែកឯ​មន្រ្តី​ជាន់ខ្ពស់​នៃ​គណបក្ស​សមរង្ស៊ី គឺ​លោក សុន ឆ័យ លោក​មាន​យោបល់​នៅ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ ដូច្នេះ ៖ «ព្រះអង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បាន​ច្រើន​ជាង​ព្រះវររាជបិតា ព្រះមហាវីរក្សត្រ​នៃ​យើង ។ ហើយ​គង់​នៅ​ប្រថាប់​នៅ​ក្នុង​ប្រទេស​នេះ​ជួយ​ភាព​កក់​ក្ដៅ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក៏​ប៉ុន្តែ​ព្រះមហាក្សត្រ ទ្រង់​មិន​ទាន់​បាន​បំពេញ​ព្រះរាជភារកិច្ច របស់​ព្រះអង្គ​ឲ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៅ​ឡើយ​នោះ​ទេ ។ តាម​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ព្រះអង្គ​ទ្រង់​គង់​ជា​តំណាង​ឲ្យ​ភាពយុត្តិធម៌​នៃ​ប្រព័ន្ធ​តុលាការ ឲ្យ​មាន​ភាពឯករាជ​ជាដើម បើទោះជា​ព្រះអង្គ​ទ្រង់​ជា​ប្រធាន​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ក៏ដោយ ក៏​ប្រព័ន្ធ​តុលាការ​នេះ កំពុងតែ​ជា​ស្ថាប័ន​បង្កើត​ឲ្យ​មាន​ភាព​អយុត្តិធម៌ ការជិះ​ជាន់ និង​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ​ព្រះមហាក្សត្រ ទ្រង់​ជា​អគ្គបញ្ជាការ​ជាន់​ខ្ពស់​នៃ​កងទ័ព​ជាតិ ។ ព្រះរាជ​តួនាទី​នេះ​សំខាន់​ណាស់​ក្នុង​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​នេះ ព្រោះ​គេ​មិន​ដែល​ឲ្យ​គណបក្ស​ទៅ​កាន់​ទ័ព​ទេ ព្រោះ​យើង​ត្រូវ​តែ​ប្រណាំង​ប្រជែង​គ្នា​តាម​ការ​បោះ​ឆ្នោត តាម​ប្រជាប្រិយភាព ។ ហើយ​ព្រះរាជតួនាទី​របស់​ព្រះអង្គ ដែល​ជា​អគ្គ​មេបញ្ជាការ​ហ្នឹង​នៅ​មិន​ទាន់​បាន​កាន់​កាប់​ត្រឹម​ត្រូវ​នៅ​ឡើយ​ដែរ ។ ចំណុច​សំខាន់​មួយ​ទៀត ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​តួនាទី​ជា​តំណាង​ឲ្យ​ឯកភាពជាតិ​នេះ ដើម្បី​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​នៃ​គណបក្ស​នយោបាយ កុំ​ឲ្យ​មាន​ការបែកបាក់​សង្គម ធានា​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​​ជាទូទៅ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​សន្ធិសញ្ញា ប្រទេស​កម្ពុជា​យើង​បាន​ចុះហត្ថលេខា​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​នេះ ក៏​នៅ​ជា​ការ​បំពាន ។ យើង​មិន​បន្ទោស​ទៅ​ដល់​ព្រះ​មហាក្សត្រ​ថា ព្រះអង្គ​ព្រងើយ​កន្តើយ មិន​បាន​បំពេញ​ព្រះរាជតួនាទី​នោះ​ទេ យើង​ឃើញ​ថា​រដ្ឋាភិបាល​ដែល​កាន់​កាប់​យូរ​ឆ្នាំ​នេះ មិន​ទាន់​ផ្ទេរ​អំណាច​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ»

ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្មាយុ​ព្រះមហាក្សត្រ​នេះ​ដែរ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នរោត្ដម រណឫទ្ធិ លោក យូ ហុកគ្រី ថ្វាយ​ព្រះពរ​ព្រះករុណា ដោយ​កត់​សម្គាល់​ពី​តួនាទី​ដ៏​កំពូល​របស់​ព្រះអង្គ ដូច​ត​ទៅ ៖ «ថ្វី​ត្បិត​តែ​ព្រះមហាក្សត្រ​ព្រះអង្គ​សោយរាជ្យ​មិន​កាន់​អំណាច​ក៏ដោយ ប៉ុន្តែ​ព្រះមហាក្សត្រ​មាន​ព្រះរាជតួនាទី​ដ៏​សំខាន់​ណាស់​ក្នុង​កិច្ចការ​នយោបាយ របស់​ព្រះរាជាណាចក្រ​កម្ពុជា ពីព្រោះ​ព្រះអង្គ​ជា​ព្រះនិមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ​ខ្មែរ ហើយ​ព្រះអង្គ​ទ្រង់​ជា​អ្នក​ធានា​នូវ​ឯករាជ្យ​ជាតិ អធិបតេយ្យ បូរណភាព​ទឹក​ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ទៅ​ទៀត គឺ​ព្រះអង្គ​ជា​អ្នក​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហេតុ​ដូចនេះ​ព្រះអង្គ​មាន​ព្រះតួនាទី​ជា​អាជ្ញាកណ្ដាល ដើម្បី​ការប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ ។ បើ​យើង​និយាយ​តែ​ប៉ុណ្ណេះ ជាការ​បង្ហាញ​នូវ​តួនាទី​ដ៏​សំខាន់​នៃ​ព្រះមហាក្សត្រ​ក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ ។ ហើយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាន​ចែង​យ៉ាង​ច្បាស់​នូវ​តួនាទី​សំខាន់​ៗ របស់​ព្រះមហាក្សត្រ ដូចជា​តួនាទី​ជា​អគ្គ​មេបញ្ជាការ​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ ព្រះអង្គ​ជា​ព្រះប្រធាន នៃ​ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គ​ចៅក្រម ក៏ប៉ុន្តែ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​នោះ​ទេ ។ ហេតុនេះ​ហើយ​បាន​ជា​គណបក្ស​នរោត្ដម រណឫទ្ធិ បើ​ឈ្នះ​ឆ្នោត​នឹង​ពង្រឹង​នូវ​ស្ថាប័ន​ព្រះមហាក្សត្រ​នេះ​ឲ្យ​បាន​យ៉ាង​ល្អ​ប្រសើរ​ស្រប​ទៅ​តាម​អ្វី​ដែល​យើង​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បាស់​លាស់ ។ ឆ្លៀត​ឱកាស​ដ៏​ប្រសើរ​នេះ​ក្នុង​ព្រះបរមនាម​នៃ​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធាន​នៃ​គណបក្ស នរោត្ដម រណឫទ្ធិ ក្នុង​នាម​គណបក្ស​នរោត្ដម រណឫទ្ធិ ទាំង​មូល និង​ក្នុង​នាម​ខ្លួន​ទូល​ព្រះបង្គំ​ខ្ញុំ​ផ្ទាល់ ជា​អគ្គ​លេខាធិការ​នៃ​គណបក្ស​នរោត្ដម រណឫទ្ធិ សូម​បួងសួង​ប្រសិទ្ធពរ​ជ័យ បវរ​មហាប្រសើរ​ថ្វាយ​ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី ប្រកប​ដោយ​ព្រះពុទ្ធពរ ទាំង៥​ប្រការ ដើម្បី​ព្រះអង្គ​គង់​នៅ​ក្នុង​សិរីមហារាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ជ្រកកោន»

ហើយ​ខាង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា វិញ លោក​ក៏​មាន​ប្រសាសន៍​ពី​តួនាទី​ព្រះករុណា​ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្មាយុ​ព្រះអង្គ​ដូច្នេះ ៖ «ទី​១​បញ្ហា​តួនាទី​ជា​ប្រមុខ​រដ្ឋ គឺ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ហើយ ហើយ​និង​មាន​ការ​បក​ស្រាយ​មិន​ច្បាស់លាស់ ដូច​ជា​ព្រះអង្គ​ជា​ឧត្ដម​បញ្ជាការ​កងទ័ព​អី​ហ្នឹង ដូច្នេះ​យើង​ឃើញ​កន្លង​មក​នេះ ការ​សម្រេច​តែងតាំង​កង​ទ័ព ឬ​ក៏​ផ្លាស់ប្ដូរ​កងទ័ព​អី ហាក់បី​ដូចជា​ព្រះអង្គ​អត់​មាន​ឥទ្ធិពល​ទៅ​លើ​ផ្នែក​កងទ័ព​ទេ ខុស​ពី​ស្ដេច​នៃ​ប្រទេស ដូច​ថៃ​អី ។ យើង​ចង់​ឃើញ​ថា ទ័ព​ហ្នឹង​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ផ្ទាល់ ពិសេស​ការតែងតាំង​មេទ័ព ។ ទីពីរ​ពាក់ព័ន្ធ​នឹង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ព្រះអង្គ​ជា​ព្រះប្រធាន យើង​ឃើញ​ថា​តាំង​ពី​សម័យ​សម្ដេចឪ​ម៉្លេះ គឺ​ខ្ញុំ​ផ្ទាល់​ក៏​បាន​ចូល​គាល់​ព្រះអង្គ​ហើយ តាំង​ពី​ខ្ញុំ​នៅ​តំណាងរាស្រ្ត សូម​ឲ្យ​ព្រះអង្គ​ជួយ​យ៉ាងណា​ធ្វើ​ឲ្យ​បាន​តុលាការ​ឯករាជ្យ ពិត​ប្រាកដ ពី​ព្រោះ​ព្រះអង្គ​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ហើយ​តាំង​ពី​ជំនាន់​សម្ដេចឪ សម្ដេច​ព្រះនរោត្ដម សីហនុ រហូត​មក​ដល់​ព្រះមហាក្សត្រ​បច្ចុប្បន្ន ខ្ញុំ​ឃើញ​ថា​តួនាទី​របស់​ព្រះអង្គ​នេះ លោក​បាន​បំពេញ គ្រាន់តែ​ជា​ការដឹកនាំ​អង្គ​ប្រជុំ​ទេ បញ្ហា​របស់​តុលាការ គឺ​ខ្ញុំ​មិន​ឃើញ​ឥទ្ធិពល​ព្រះអង្គ​ទៅ​លើ​ហ្នឹង​ទេ ផ្ទុយ​ទៅវិញ ឥទ្ធិពល​ខាង​រដ្ឋាភិបាល​ទៅ​វិញ​ទេ ទៅ​លើ​ប្រព័ន្ធ​តុលាការ​ទេ»

ហើយ​លោក​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ក៏​ថ្លែង​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ក្នុង​ឱកាស​នេះ​ដូច្នេះ ៖ «ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​គណបក្ស​សិទ្ធិ​មនុស្ស សូម​ថ្វាយ​ព្រះពរ​ព្រះករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូម​ព្រះអង្គ​ទទួល​បាន​នូវ​សុខភាព​ល្អ ព្រះជន្ម​យឺនយូរ និង​ទទួល​បាន​ជ័យ​ជំនះ ក្នុង​ការ​បំពេញ​ភារកិច្ច តួនាទី​ព្រះអង្គ​ជា​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​សន្តិភាព មាន​ការ​រីកចម្រើន​ទៅ​ថ្ងៃ​មុខ»

ហើយ​ក្នុង​នាម​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ថ្លែង​ពី​តួនាទី ព្រះមហាក្សត្រ​ក្នុង​ឱកាស​ចម្រើន​ព្រះជន្មាយុ​ព្រះអង្គ​ដូច្នេះ ៖ «ជា​ការ​ពិត បើ​យើង​មើល​តាម​រដ្ឋធម្មនុញ្ញ​ទៅ ឃើញ​ថា​ព្រះអង្គ​លោក​មាន​តួនាទី​ច្រើន ប៉ុន្តែ​មាន​មួយ​ឃ្លា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថា ព្រះអង្គ​លោក​គ្រង​សម្បត្តិ ប៉ុន្តែ​លោក​មិន​គ្រប់គ្រង​រដ្ឋាភិបាល​ទេ គ្រប់គ្រង​រដ្ឋាភិបាល​នៅ​លើ​ប្រមុខ​រដ្ឋាភិបាល ។ ដូច្នេះ​បើ​លោក​មិន​កាន់​អំណាច​ទេ ខ្ញុំ​យល់​ឃើញ​ថា​ពិបាក​លោក​នឹង​ធ្វើ​យ៉ាង​ម៉េច ដូច​ជា​លោក​ជា​ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម លោក​យាង​មក​អ៊ីចឹង​ដើម្បី​អញ្ជើញ​សមាជិក ដែល​មក​ជួប​ជុំ​គ្នា​អ៊ីចឹង ប៉ុន្តែ​តើ​លោក​ធ្វើ​អ្វី​បាន ? ខ្ញុំ​ថា​រដ្ឋធម្មនុញ្ញ​យើង​មិន​ច្បាស់​លាស់ ថ្វាយ​តួនាទី​លោក​ច្រើន ប៉ុន្តែ​មិន​ថ្វាយ​លោក​អំណាច តើ​លោក​ធ្វើ​អ្វី​បាន ? អ៊ីចឹង​គឺ​ជា​ការ​លំបាក​មួយ​សម្រាប់​ព្រះអង្គ»

ក្រៅ​ពី​ទស្សនៈ និង​យោបល់​ព្រមទាំង​ពរស័ព្ទសាធុការ របស់​ឥស្សរជន​ទាំង​នេះ​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ក៏​នាំ​គ្នា​អបអរ​សាទរ​ចំពោះ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក ក្នុង​ឱកាស​ទិវា​ចម្រើន​ព្រះជន្ម​លើក​នេះ យ៉ាង​ខ្លាំង​ក្លា​ណាស់​ដែរ ៕