ក្នុងពិធីរាប់បាត្រ មនុស្សទាំងក្មេងចាស់ បានទទួលស្គាល់ និងរំលឹកពីសមិទ្ធផលនានា ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
មនុស្សក្មេងចាស់ជាង ៥ពាន់នាក់ នៅខេត្តស្វាយរៀង បានចូលរួមពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសបួងសួងសុំឲ្យទេវតា នាំយកកងការមហាកុសល ថ្វាយព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានដល់ពិភពស្អាតស្អំ និងមានកិត្តិយស។
អភិបាលរងខេត្តស្វាយរៀង លោក កែវ សាមឿន មានប្រសាសន៍ក្នុងពិធីរាប់បាត្រ ព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ថា មានព្រះសង្ឃចំនួន ៩០អង្គ បាននិមន្តចូលរួមពិធីរាប់បាត្រ និងសូត្រធម៌បង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះមហាវីរក្សត្រ។ លោកថា សំឡេងបួងសួងរបស់អ្នកចូលរួម ពិសេសមនុស្សវ័យចាស់ ក្នុងពិធីរាប់បាត្រ សុទ្ធតែមានអារម្មណ៍សោកស្ដាយ និងអាឡោះអាល័យព្រះមហាវីរក្សត្រ ដែលព្រះអង្គបានសោយទិវង្គត។
លោក កែវ សាមឿន៖ «នៅក្នុងទូទាំងខេត្តស្វាយរៀង បានប្រារព្ធពិធីកាន់មរណទុក្ខ ហើយថ្ងៃនេះ បាននិមន្តព្រះសង្ឃចំនួន ៩០ព្រះអង្គ ធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលដល់ព្រះមហាវីរក្សត្រ។ ហើយសូមសម្ដេចយាងទៅកាន់សុគតិភពកុំបីអាក់ខានឡើយ»។
លោកបន្តថា ការយាងចូលទិវង្គតរបស់ព្រះមហាវីរក្សត្រ ១សប្តាហ៍មកនេះ មន្ត្រីរាជការ ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ទាំងក្មេងចាស់ ពិសេសសិស្សសាលា បានពាក់បូពណ៌ខ្មៅ ដើម្បីកាន់ទុក្ខគ្រប់ៗគ្នា។
ស្ត្រីវ័យជាង ៦០ឆ្នាំ ឈ្មោះ កើត សុភី មានលំនៅឋានក្នុងទីរួមខេត្តស្វាយរៀង បានឲ្យដឹងក្នុងសំឡេងអួលដើមកថា កុសលទទួលបានពីពិធីរាប់បាត្រព្រះសង្ឃ រូបគាត់ថ្វាយជូនព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ទាំងអស់ ព្រោះថា ព្រះអង្គមានគុណូបការៈដ៏ថ្លៃថ្លាវិសេសវិសាល និងឧត្តុង្គឧត្តមចំពោះជាតិមាតុភូមិ និងមានកិត្យានុភាពល្បីល្បាញពាសពេញពិភពលោក៖ «ខ្ញុំឃើញទូរទស្សន៍ចាក់បញ្ចាំងឯកសារ នាងខ្ញុំក៏រំភើបក្នុងចិត្ត។ ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ដែលលោកធ្វើអំពើល្អនៅក្នុងប្រទេសកម្ពុជា យើងគ្រប់បែបគ្រប់យ៉ាង នយោបាយល្អ។ កូនចៅធ្វើតាមល្អទាំងអស់។ សូមវិញ្ញាណក្ខន្ធលោកយាងទៅកាន់សុគតិភព នឹងយាងទៅសូមជួយប្រមើលមកមើលប្រទេសកម្ពុជាយើង កុំឲ្យមានប្រទេសក្រៅមកឈ្លានពានទៀត។ សូមឲ្យបានសេចក្តីសុខដល់ប្រជាពលរដ្ឋទាំងអស់គ្នា»។
ប្រជាពលរដ្ឋវ័យចាស់ច្រើនទៀត ក៏បានលើកដៃសំពះ បួងសួងសុំឲ្យទេវតាជួយនាំយកព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ បានដល់ឋានបរមសុខ ឬទីកន្លែងស្អាតស្អំ និងថ្លៃថ្នូរ៖ «ថ្ងៃនេះមកឧទ្ទិសផលជូនព្រះអង្គ សូមឲ្យព្រះអង្គបានសោយសុខក្នុងសុគតិភព ហើយនៅជាម្លប់ដ៏ត្រជាក់គ្រងកូនចៅដូចកាលពីព្រះអង្គនៅមានព្រះជន្ម។ ថ្ងៃនេះ ខ្ញុំបានមកបង្សុកូលជូនកុសលដល់ព្រះអង្គ។ ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង ម្ល៉េះហើយថ្ងៃនេះ ខ្ញុំមានមោទន ដើម្បីមកបង្សុកូលជូនព្រះអង្គ សូមឲ្យព្រះអង្គយាងទៅកាន់សុគតិភពដ៏ល្អ ទៅកាន់ទីភពដ៏ល្អ សម្រាប់ព្រះអង្គរហូត ហើយតាមជួយថែរក្សាកូនចៅរហូត»។
ជុំវិញការសោយទិវង្គតនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែតុលា ដើម្បីប្រារព្ធទិវាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ សម្រាប់ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៣។
ក្នុងសារាចរណែនាំ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃអតីតព្រះមហាក្សត្រចូលទិវង្គត ជាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ហើយមន្ត្រីរាជការបានឈប់សម្រាកមួយថ្ងៃ។
សារាចរនេះ ប្រមុខដឹកនាំក៏បានណែនាំឲ្យគ្រប់ស្ថានទូតខ្មែរ នៅបរទេស ក្រសួង ស្ថាប័នគ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំឲ្យបានឧត្តុង្គឧត្តម ស័ក្តិសមនឹងព្រះគុណូបការៈរបស់ព្រះអង្គចំពោះជាតិមាតុភូមិ និងប្រជាជន តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។
កម្មកររោងចក្រអ៊ឹមវ៉េ ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបង្សុកូលថ្វាយព្រះមហាវីរក្ស
កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះអ៊ឹមវ៉េ (M&V) នៅខេត្តកំពង់ឆ្នាំង ប្រមាណ ៥ពាន់នាក់ នៅថ្ងៃទី២៣ តុលា បាននាំគ្នាប្រារព្ធពិធីបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងធ្វើការដង្ហែព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គពីរោងចក្រអ៊ឹមវ៉េ មកកាន់វិមានឯករាជ្យ ដើម្បីជាកិច្ចគោរពដឹងគុណចំពោះព្រះអង្គ និងជាការជូនព្រះរាជដំណើរព្រះវិញ្ញាណក្ខន្ធព្រះអង្គជាចុងក្រោយផងដែរ។
ប្រធានសហជីពកម្មកររោងចក្រអ៊ឹមវ៉េ អ្នកស្រី ជួប សំអុល បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ តុលា ថា កម្មករ កម្មការិនីរោងចក្រអ៊ឹមវ៉េ ទាំងអស់ ចង់សម្ដែងនូវការដឹងគុណចំពោះព្រះមហាវីរក្សត្រ ដែលនៅពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គបានបូជាអស់ព្រះកាយពល និងព្រះប្រាជ្ញាញាណ ក្នុងការទាមទារឯករាជ្យ បូរណភាពទឹកដី និងប្រាសាទព្រះវិហារ មកទុកជាមរតកសម្រាប់កូនចៅ ចៅទួតរបស់ព្រះអង្គ។ អ្នកស្រីបន្តថា មហាគុណូបការៈនេះ កូនចៅទាំងអស់ចងចាំគ្មានថ្ងៃបំភ្លេចបានឡើយ។ ហេតុនេះហើយ ពេលព្រះអង្គយាងសោយទិវង្គតទៅ កូនចៅចង់ជូនដំណើរព្រះវិញ្ញាណក្ខន្ធព្រះអង្គជាចុងក្រោយនៅថ្ងៃនេះ៖ «អ្វីដែលខ្ញុំធ្វើនៅពេលនេះ គឺដើម្បីសម្ដែងការសោកស្ដាយចំពោះសម្ដេចឪ ដែលលោកបានចែកស្ថានទៅ ព្រោះលោកមានតម្លៃដែលគ្មាននរណាអាចកាត់ស្មើបាន។ នៅពេលដែលខ្ញុំបានឮថា លោកបានសោយព្រះទិវង្គតនៅឯប្រទេសចិន នោះ ពួកខ្ញុំហាក់បាត់បង់ស្មារតី និងបាត់បង់បេះដូងទាំងមូលតែម្ដង។ មិនថាសហជីព មិនថាកម្មករទេ គឺមានការសោកស្ដាយរកអ្វីមកនិយាយប្រដូចមិនបានទេ ចំពោះទឹកចិត្តសោកស្ដាយរបស់ពួកខ្ញុំនោះ»។
កម្មការិនីឈ្មោះ ធារី និយាយទាំងទឹកភ្នែកចំពោះទឹកចិត្តសោកស្ដាយការបាត់បង់ព្រះមហាវីរក្សត្រជាទីសក្ការៈនៃកម្មករ កម្មការិនី និងប្រជាពលរដ្ឋខ្មែរថា ដូចជាការបាត់ដួងព្រលឹងរបស់នាងតែម្ដង៖ «ព្រះអង្គបានសង្គ្រោះខ្មែរយើង។ ពួកខ្ញុំចង់ប្រារព្ធ និងនឹករលឹកព្រះអង្គ និងប្រវត្តិតស៊ូរបស់ព្រះអង្គ។ ពួកខ្ញុំមិនអាចភ្លេចបានទេ ព្រោះព្រះអង្គជាស្ដេចមួយអង្គដែលបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ គឺមានតែព្រះអង្គទេ ដែលជាស្ដេចដ៏ឆ្នើមជាងគេ ហេតុនេះហើយ ទើបពួកខ្ញុំសម្រេចចិត្តនាំគ្នាធ្វើបុណ្យ ៧ថ្ងៃ ថ្វាយព្រះអង្គ ព្រោះពួកខ្ញុំគោរពស្រឡាញ់ព្រះអង្គអស់ពីដួងចិត្ត។ ពួកខ្ញុំរៃអង្គាសលុយគ្នា ខ្លះ ១០០ ខ្លះ ២០០ ដើម្បីនាំគ្នាធ្វើបុណ្យរាប់បាត្រ និងបង្សុកូលថ្វាយព្រះអង្គ»។
ពិធីចូលរួមកាន់មរណទុក្ខព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងជូនព្រះរាជដំណើរព្រះវិញ្ញាណក្ខន្ធព្រះអង្គជាចុងក្រោយ ពីសំណាក់កម្មករ កម្មការិនី នៅក្នុងរោងចក្រអ៊ឹមវ៉េ នេះ បានរៀបចំឡើងដោយមានបង្សុកូល និងដង្ហែព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ ប្រទក្សិណ ៣ជុំវិមានឯករាជ្យខេត្តកំពង់ឆ្នាំង ដោយមានការជួយរៀបចំសណ្ដាប់ធ្នាប់ពីអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធក្នុងខេត្តទាំងមូលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។