ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រឹកថ្ងៃសុក្រ ទី១៦ ឧសភានេះ មានព្រះរាជបន្ទូលសរសើរអាជ្ញាធរក្រុងភ្នំពេញ ដែលបានកសាងបូជនីយដ្ឋានដូនពេញ ដើម្បីបម្រីប្រយោជន៍សាធារណៈ និងជាការលើកតម្កើងតម្លៃអរិយធម៌នៃប្រជាជាតិកម្ពុជា ។
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី (កណ្ដាល) ស្វាគមន៍ប្រជារាស្ត្រនាឱកាសពិធីសម្ពោធបូជនីយដ្ឋានដូនពេញ កាលពីថ្ងៃទី១៦ ឧសភា ២០០៨ ។
នាឱកាសពិធីសម្ពោធបូជនីយដ្ឋានដូនពេញនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលអំពីនិមិត្តរូបដូនពេញដែលទើបកសាងថ្មីនោះយ៉ាងដូច្នេះថា ៖ «បូជនីយដ្ឋានដូនពេញជាស្ថាបត្យកម្មដ៏ល្អប្រណីត ...រូបរាងឡើងសម្រាប់ជាការលម្អទីក្រុងផង សម្រាប់ឲ្យសាធារណជនកាន់តែស្គាល់ច្បាស់នូវតម្លៃនៃវប្បធម៌ប្រវត្តិសាស្រ្តខ្មែរផង និងជាទីគោរពសក្ការៈរបស់ខេមរជនទូទៅផង» ។
ចំណែកឯអភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា ក៏បានថ្លែងក្នុងពិធីនោះដែរថា ៖ «មួយវិញទៀតបូជនីយដ្ឋានដូនពេញពិតជានឹងជួយដាស់អង្រូនស្មារតីកូនខ្មែរ ឲ្យនឹកឃើញនិងចងចាំជានិច្ចនូវវីរភាពនៃតម្លៃស្រ្តីខ្មែរនាអតីតកាល ដែលពោពេញទៅដោយចំណេះដឹង គុណធម៌ គតិបណ្ឌិត ក្នុងការដឹកនាំសង្គម» ។
សូមជម្រាបថា ថ្មីៗនេះអាជ្ញាធរក្រុងភ្នំពេញបានកសាងនៅតាមទីសួនសាធារណៈនូវ រូបសំណាកអ្នកប្រាជ្ញកវីខ្មែរមួយចំនួន ដែលក្នុងនោះរួមមានអ្នកភិរម្យក្រមង៉ុយ និងសម្តេចសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ។ ដោយឡែករូបសំណាកព្រះមហាវីរក្រត្ស សម្តេចព្រះនរោត្តម សីហនុ គឺបច្ចុប្បន្នកំពុងស្ថិតក្នុងព្រះបរមរាជវាំងនៅឡើយ ។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា កម្ពុជាត្រូវបន្តគំនិតស្ថាបនារូបសំណាកវីរបុរសខ្មែរ ឲ្យបានច្រើនជាងនេះតទៅទៀត ៖ «ហើយធ្វើឲ្យប្រជាពលរដ្ឋមានចិត្តមួយគឺថា គេស្រឡាញ់ស្នេហាជាតិ ហើយគេយករូបណាមួយដែលគេគោរពហ្នឹងធ្វើជាគំរូ ដើម្បីនឹងរៀនធ្វើតាមទៅអនាគត» ។
សូមជម្រាបថា រូបសំណាកដូនពេញត្រូវអាជ្ញាធរក្រុងភ្នំពេញកសាងឡើងនៅប៉ែកខាងត្បូងរមណីយដ្ឋានវត្តភ្នំ កណ្តាលទីកុ្រងភ្នំពេញ ។
ទាក់ទិនការស្ថាបនាបូជនីយដ្ឋានដូនពេញលើដីដែលធ្លាប់បានជួលឲ្យក្រុមហ៊ុនចិនកន្លងមកនោះ លោកតំណាងរាស្ត្រ សុន ឆ័យ បានថ្លែងយ៉ាងដូច្នេះថា ៖ «ក៏ប៉ុន្តែព្រឹកមិញមានការធូរទ្រូងដោយសារតែគេបានដាក់រូបសំណាកដូនពេញនៅទីនោះ ហើយគេបានអះអាងថាជាតំបន់សាធារណៈ ។ វាជាការដែលយើងសង្ឃឹមថាទីនេះមិនត្រូវបានគេលក់ដូចទីដទៃទៀតនោះទេ» ។
សូមជម្រាបបន្ថែមថា រហូតមកទល់ពេលនេះ រាជធានីភ្នំពេញមានអាយុកាល ៥៧៤ឆ្នាំហើយ ។ ហើយទីក្រុងមួយនេះ ធ្លាប់បានទទួលរងនូវដំណាក់វិនាសកម្មនិងដំណាក់កាលរីកចម្រីនផងដែរ ។ បច្ចុប្បន្នរាជធានីភ្នំពេញក៏កំពុងប្រឈមនូវការកែប្រែសភាពដើមរបស់ខ្លួន ដោយសំណង់បែបទំនើប ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សម្ដេចឪស្នើឲ្យបក្សហ៊្វុនស៊ិនប៉ិចឈប់ប្រើព្រះឆាយាល័ក្ខណ៍ព្រះអង្គ
ព្រះមហាក្សត្រយាងត្រឡប់ពីទស្សនកិច្ចនៅវៀតណាមវិញហើយ
ព្រះមហាក្សត្រយាងធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម
ព្រះមហាក្សត្រខ្មែរនឹងយាងទៅវៀតណាមនៅសប្ដាហ៍ក្រោយ
កាសែតអូស្ត្រាលីសរសេរអំពីអតីតព្រះមហាក្សត្រខ្មែរ
អតីតព្រះមហាក្សត្រស្ងៀមស្ងាត់ជុំវិញដំណឹងអំពីព្រះរាជសារ
អតីតលេខាព្រះមហាវីរក្សត្របដិសេធដំណឹងជុំវិញការដាក់រាជ្យ
ខ្មែរអ៊ិស្លាមរីករាយចំពោះទស្សនកិច្ចព្រះមហាក្សត្រម៉ាឡេស៊ី
ព្រះមហាក្សត្រនិងមហាក្សត្រិយានីម៉ាឡេស៊ីមកទស្សនកិច្ចកម្ពុជា