ព្រះ​មហាក្សត្រ​ និង​សម្ដេច​ម៉ែ​អរគុណ​នាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ បាន​ផ្ញើ​ព្រះ​រាជសារ​រួម​គ្នា អរគុណ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ចំពោះ​ការ​ចាត់ចែង​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ថ្វាយ​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។
ដោយ វណ្ណ វិចារ
2012.11.11
សម្ដេច​ម៉ែ ៣០៥ សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះ​វររាជមាតា នរោត្ដម មុនីនាថ សីហនុ (សម្ដេច​ម៉ែ) ក្នុង​ពេល​យាង​ជួប​ប្រជារាស្ត្រ នៅ​ខាង​មុខ​ព្រះ​បរម​រាជ​វាំង ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ ២០១២។
RFA/Van Vichar

ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ព្រះ​ករុណា​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ សំដែង​នូវ​អំណរគុណ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​​មាន​ចិត្ត​សប្បុរស​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង ដង្ហែ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ យាង​មក​កាន់​រាជធានី​ភ្នំពេញ។

ព្រះរាជសារ​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ចាត់​វិធានការ​យ៉ាង​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ ដោះស្រាយ​សម្រួល​គ្រប់​កិច្ចការ​បាន​ឆាប់​រហ័ស​ថ្វាយ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​មហា​វីរក្សត្រ បាន​សក្តិសម​នឹង​ព្រះ​កិត្តិយស ព្រះ​កិត្តិនាម ជា​ព្រះ​មហា​វីរក្សត្រ​នៃ​ប្រជាជាតិ ប្រជារាស្ត្រ​កម្ពុជា។

ព្រះ​រាជសារ​បាន​បញ្ជាក់​ពី​ពាក្យពេចន៍​សច្ចា​ប្រណិធាន​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​ឱឡារិក​នៅ​ចំពោះ​មុខ​ព្រះ​បរម​សព ដែល​សន្យា​ថា នឹង​ការពារ​របប​រាជា​និយម និង​រាជ​បល្ល័ង្ក។

ក្រៅ​ពី​ការ​រំលឹក​ពី​ព្រឹត្តិការណ៍​ចូល​ព្រះ​ទិវង្គត​របស់​សម្ដេច​ព្រះ​មហា​វីរក្សត្រ ព្រះអង្គ​ទាំង​ទ្វេ​ក៏​រំលឹក​ពី​ប្រវត្តិសាស្ត្រ​ដែល​លោក ហ៊ុន សែន បាន​យាង​ព្រះ​មហា​វីរក្សត្រ​ពី​ប្រទេស​ចិន ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​មាតុ​ប្រទេស នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ហើយ​បាន​ថ្វាយ​ព្រះអង្គ​នូវ​ព្រះ​ឋានៈ​ជា​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា​ទៀត​ផង។ ក្រៅ​ពី​នេះ​ព្រះរាជសារ​បាន​រំលឹក​និង​កោត​សរសើរ​សមិទ្ធផល​អភិវឌ្ឍន៍​ប្រទេស​ជាតិ ដែល​ជា​​ស្នាដៃ​របស់​លោក​នាយករដ្ឋមន្ត្រី​ថា មាន​ការ​​រីក​ចម្រើន លូតលាស់​ពាសពេញ​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។