ការយាងនេះ គឺតាមការយាង និងអញ្ជើញដោយប្រធានាធិបតីថ្មី នៃប្រទេសវៀតណាម លោក ត្រឿង តាន់សាង (Truong Tan Sang)។
ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងចាកចេញតាមជើងយន្តហោះពិសេសឈ្មោះខេមបូឌា អង្គរអែរ (Cambodia Angkor Air) ទៅទស្សនកិច្ចនៅប្រទេសវៀតណាម នោះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីពង្រឹងចំណងទាក់ទងនៃប្រទេសទាំងពីរ។
ការយាងចាកចេញនេះ ត្រូវបានជូនដំណើរនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី ប្រធានសភាជាតិ លោក ហេង សំរិន និងឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលមួយចំនួនទៀត។
ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានក្លាយជាប្រមុខរដ្ឋស្តីទី នៅគ្រាដែលព្រះមហាក្សត្រអវត្តមានពីប្រទេសកម្ពុជា។
ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច (Funcinpec) លោក ញឹក ប៊ុនឆៃ ដែលជាគណបក្សរាជានិយមនៅក្នុងរដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្ននេះ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី២៤ ខែកញ្ញា ថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ គឺមានសារសំខាន់ និងជាសញ្ញាវិជ្ជមានមួយ៖ «ពីព្រោះឥឡូវ យើងសំខាន់ គឺសន្តិភាព ហើយទំនាក់ទំនងជាមួយប្រទេសជិតខាងជាមិត្ត ជាអ្នកជិតខាង។ តាមដឹង គឺរឿងទំនាក់ទំនងទេ ពង្រឹងទំនាក់ទំនងទេ អត់មានអ្វីក្រៅពីនេះទេ»។
ចំណែកឯមន្ត្រីតំណាងស្ថានទូត នៃប្រទេសវៀតណាម នៅប្រទេសកម្ពុជា សុំមិនប្រាប់ឈ្មោះ បានមានប្រសាសន៍ថា ការយាងទៅទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរនេះ គឺជួយដល់ការពង្រឹងទំនាក់ទំនង និងប្រពៃណី រវាងកម្ពុជា និងវៀតណាម ឲ្យល្អប្រសើរឡើង។
រីឯអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានអត្ថាធិប្បាយថា លោកសុំឲ្យព្រះមហាក្សត្រលើកយកបញ្ហាព្រំដែនមកពិភាក្សាជាមួយប្រធានាធិបតីវៀតណាម នោះ និងសុំឲ្យភាគីវៀតណាម គោរពបូរណភាពទឹកដីកម្ពុជា៖ «កុំឲ្យចេះតែមានមហិច្ឆតាចង់រំលោភយកទឹកដីរបស់គេ បោះបង្គោលព្រំដែនចូលមកដីរបស់ខ្មែរ ហើយនិងរំលោភយកកោះខ្មែរម្តងហើយម្តងទៀត។ ដូច្នេះ ព្រះមហាក្សត្រយើង លោកមានឆន្ទៈល្អ ដើម្បីបង្កទំនាក់ទំនងជាមួយបណ្ដាប្រទេសជិតខាងនេះ ជាការល្អ ពីព្រោះយើងចង់បាននូវទំនាក់ទំនង សហប្រតិបត្តិការមួយ ដែលគោរពផលប្រយោជន៍គ្នាទៅវិញទៅមក គោរពបូរណភាពទឹកដីគ្នាទៅវិញទៅមក បញ្ជូនជនអន្តោប្រវេសន៍ចូលមកកម្ពុជា ដែលបង្កឲ្យមានបញ្ហា»។
ប្រធានាធិបតីចាស់ នៃប្រទេសវៀតណាម លោក ង្វៀន ម៉ិញត្រៀត ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១០ កន្លងទៅ ដើម្បីពង្រឹងចំណងទាក់ទងរវាងកម្ពុជា និងវៀតណាម។
ដោយឡែក នៅមុនទស្សនកិច្ចនេះ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ណុង ឌឹកម៉ាញ់ (Nong Duc Manh) បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០០៩ កន្លងទៅ ដើម្បីមកជួបគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម មុនីនាថ សីហមុនី នៅក្នុងទីក្រុងភ្នំពេញ។
នៅក្នុងដំណើរទស្សនកិច្ចនោះ ភាគីកម្ពុជា និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ចំនួន ១២ចំណុច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៩ កន្លងទៅ ក្នុងនោះមាន ផែនការបញ្ចប់ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ នៅមុនដំណាច់ឆ្នាំ២០១២ ដើម្បីប្រែក្លាយតំបន់ព្រំដែន ឲ្យក្លាយជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។