ព្រះមហាក្សត្រ​យាង​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម

ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ លើក​ទី៤ រយៈពេល​បី​ថ្ងៃ នៅ​ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា និង​វៀតណាម។

0:00 / 0:00

ការ​យាង​នេះ គឺ​តាម​ការ​យាង និង​អញ្ជើញ​ដោយ​ប្រធានាធិបតី​ថ្មី នៃ​ប្រទេស​វៀតណាម លោក ត្រឿង តាន់សាង (Truong Tan Sang)។

ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ចាក​ចេញ​តាម​ជើង​យន្តហោះ​ពិសេស​ឈ្មោះ​ខេមបូឌា អង្គរ​អែរ (Cambodia Angkor Air) ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នោះ ចាប់​ពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​នៃ​ប្រទេស​ទាំង​ពីរ។

ការ​យាង​ចាក​ចេញ​នេះ ត្រូវ​បាន​ជូន​ដំណើរ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី ប្រធាន​សភា​ជាតិ លោក ហេង សំរិន និង​ឧបនាយក​រដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម បាន​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តីទី នៅ​គ្រា​ដែល​ព្រះមហាក្សត្រ​អវត្តមាន​ពី​ប្រទេស​កម្ពុជា។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច (Funcinpec) លោក ញឹក ប៊ុនឆៃ ដែល​ជា​គណបក្ស​រាជា​និយម​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា ថា ដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ គឺ​មាន​សារសំខាន់ និង​ជា​សញ្ញា​វិជ្ជមាន​មួយ៖ «ពីព្រោះ​ឥឡូវ យើង​សំខាន់ គឺ​សន្តិភាព ហើយ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ជា​មិត្ត ជា​អ្នក​ជិត​ខាង។ តាម​ដឹង គឺ​រឿង​ទំនាក់​ទំនង​ទេ ពង្រឹង​ទំនាក់​ទំនង​ទេ អត់​មាន​អ្វី​ក្រៅ​ពី​នេះ​ទេ»

ចំណែក​ឯ​មន្ត្រី​តំណាង​ស្ថានទូត នៃ​ប្រទេស​វៀតណាម នៅ​ប្រទេស​កម្ពុជា សុំ​មិន​ប្រាប់​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា ការ​យាង​ទៅ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ​នេះ គឺ​ជួយ​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង និង​ប្រពៃណី រវាង​កម្ពុជា និង​វៀតណាម ឲ្យ​ល្អ​ប្រសើរ​ឡើង។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​អត្ថាធិប្បាយ​ថា លោក​សុំ​ឲ្យ​ព្រះមហាក្សត្រ​លើក​យក​បញ្ហា​ព្រំដែន​មក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​វៀតណាម នោះ និង​សុំ​ឲ្យ​ភាគី​វៀតណាម គោរព​បូរណភាព​ទឹកដី​កម្ពុជា៖ «កុំ​ឲ្យ​ចេះ​តែ​មាន​មហិច្ឆតា​ចង់​រំលោភ​យក​ទឹកដី​របស់​គេ បោះ​បង្គោល​ព្រំដែន​ចូល​មក​ដី​របស់​ខ្មែរ ហើយ​និង​រំលោភ​យក​កោះ​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត។ ដូច្នេះ ព្រះមហាក្សត្រ​យើង លោក​មាន​ឆន្ទៈ​ល្អ ដើម្បី​បង្ក​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​នេះ ជា​ការ​ល្អ ពីព្រោះ​យើង​ចង់​បាន​នូវ​ទំនាក់​ទំនង សហប្រតិបត្តិការ​មួយ ដែល​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក គោរព​បូរណភាព​ទឹកដី​គ្នា​ទៅ​វិញ​ទៅ​មក បញ្ជូន​ជន​អន្តោប្រវេសន៍​ចូល​មក​កម្ពុជា ដែល​បង្ក​ឲ្យ​មាន​បញ្ហា»

ប្រធានាធិបតី​ចាស់ នៃ​ប្រទេស​វៀតណាម លោក ង្វៀន ម៉ិញត្រៀត ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១០ កន្លង​ទៅ ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​រវាង​កម្ពុជា និង​វៀតណាម។

ដោយ​ឡែក នៅ​មុន​ទស្សនកិច្ច​នេះ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ណុង ឌឹកម៉ាញ់ (Nong Duc Manh) បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ ដើម្បី​មក​ជួប​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ សម្ដេច ព្រះ​បរមនាថ នរោត្តម មុនីនាថ សីហមុនី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ ភាគី​កម្ពុជា និង​វៀតណាម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ចំនួន ១២​ចំណុច កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ ក្នុង​នោះ​មាន ផែនការ​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នៅ​មុន​ដំណាច់​ឆ្នាំ​២០១២ ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំដែន ឲ្យ​ក្លាយ​ជា​តំបន់​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​យូរ​អង្វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។