គម្រោងការ​ធ្វើ​បាតុកម្ម​បណ្ដេញ​ចៅ​អធិការ​វត្ត​សាមគ្គីរង្សី​ត្រូវ​បាន​លុប​ចោល

ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​មួយ​អង្គ​ដែល​មាន​គម្រោងការ​ដឹកនាំ​បាតុកម្ម​ដ៏​ធំ​មួយ​ដើម្បី​បណ្តេញ​ព្រះសង្ឃ យឿង សិន ប្រធាន​សមាគម​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ព្រះ​ចៅ​អធិការ​នៃ​វត្ត​សាមគ្គីរង្សី​ផងដែរ​នោះ បាន​បោះបង់​ចោល​ផែនការ​ធ្វើ​បាតុកម្ម​នោះ​ហើយ​ដោយសារ​មាន​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់​មួយ​ពី​តំណាង​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ពិភពលោក​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ស្នើសុំ​ឲ្យ​បញ្ឈប់​គម្រោងការ​ធ្វើ​បាតុកម្ម​នោះ។

0:00 / 0:00

ការធ្វើ​អន្តរាគមន៍​នោះ​បាន​ធ្វើ​ទ្បើង​ភ្លាមៗ​តាម​រយៈ​ទូរស័ព្ទ​ដោយ​តំណាង​សហព័ន្ធ​ខែ្មរ​កម្ពុជា​ក្រោម​ពិភពលោក​កាលពី​ពេល​ថ្មីៗ​នេះ​ពី​សហរដ្ឋ​អាមេរិក។

ព្រះសង្ឃ​ព្រះនាម ឃួន សារី ដែល​មាន​ដើម​កំណើត​ជា​ខែ្មរ​កម្ពុជា​ក្រោម​ផងដែរ​នោះ គង់​នៅ​វត្ត​អង្គព្រៃសេរីមានជ័យ ស្ថិត​នៅ​ក្នុង​ឃុំ​សំរោង ស្រុក​កំពត ខេត្ត​កំពត បាន​មាន​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ព្រះអង្គ​បាន​យល់ព្រម​បោះបង់​គម្រោងការ​ធ្វើ​បាតុកម្ម​នោះ​ហើយ​ជាមួយ​នឹង​ការដាក់​លក្ខខណ្ឌ​មួយចំនួន​ឲ្យ​ព្រះសង្ឃ យឿង សិន បើក​ផ្លូវ​ឲ្យ​មាន​ការកសាង​នៅ​វត្ត​សាមគ្គីរង្សី​នា​ពេល​ខាង​មុខ​នេះ។

ព្រះសង្ឃ ឃួន សារី បាន​មាន​ដីកា​ថា ៖ «លោក​បើក​ទ្វារ​ទៅ អា​ហ្នឹង​អាត្មា​ក៏​សុំ​ចប់​ត្រឹម​ហ្នឹង​ដែរ ហើយ​ពាក្យ​បណ្ដឹង​ហ្នឹង​អាត្មា​សុំ​ដក​វិញ។ គឺ​សហព័ន្ធ​បាន​ទូរស័ព្ទ​មក​ជួប​អាត្មា​ផង​ថា សហព័ន្ធ​ថ្ងៃ​ហ្នឹង​បាន​ស្ដាប់​វិទ្យុ​អាស៊ីសេរី ហើយ​សហព័ន្ធ​បាន​ប្រជុំ​គ្នា​មក ហើយ​សហព័ន្ធ​សុំ​ឲ្យ​អាត្មា​ផ្អាក​រឿង​ហ្នឹង​សិន ទុក​ឲ្យ​គេ​សុំ​ចរចា​និយាយ​គ្នា​ជាមួយ​ព្រះតេជគុណ យឿង សិន»

ប្រតិកម្ម​ទៅ​នឹង​ការចោទ​ប្រកាន់​ខាង​លើ​នេះ ព្រះសង្ឃ យឿង សិន ប្រធាន​សមាគម​ព្រះសង្ឃ​ខែ្មរ​កម្ពុជាក្រោម​នៅកម្ពុជា និង​ជា​ព្រះ​ចៅ​អធិការ​នៃ​វត្ត​សាមគ្គីរង្សី​បាន​មាន​ដីកា​បញ្ជាក់​ថា ៖ «ខាង​ទ្វារ​កណ្ដាល ទ្វារ​ខាង​ជើង​នេះ អាត្មា​បិទ ដោយសារ​អាត្មា​កំពុងតែ​កសាង​ព្រះវិហារ ហើយ​អាត្មា​ចាក់​ខ្សាច់​ច្រើន​ទៅ ក្មេង​វា​ចូល​មក​នាំ​គ្នា​រត់​ប្រលែង​លើ​ខ្សាច់​នោះ និយាយ​មិន​ស្ដាប់។ ហើយ​បើ​អ្នក​ណា​ចង់​ត្រូវការ​អី​មក​ទំនាក់​ទំនង​ប្រាប់​ទៅ! លោក​ខ្ញុំ​សុំ​បើក​ទ្វារ​អ៊ីចេះ​អ៊ីចុះ។ មាន​ទៅ​បិទ​អី ធម្មតា​វត្ត​ទ្វារ​ពីរ បិទ​មួយ​មែន ប៉ុន្តែ​បើក​មួយ​តើ មិន​មែន​បិទ​ទាំង​ពីរ​ទេ។ ប្ដឹង​គ្រប់​ទាំងអស់ ចោទ​ប្រកាន់​អាត្មា​គ្រប់​បែប​គ្រប់​យ៉ាង ថា​អាត្មា​ហ្នឹង​មក​បង្ក​លក្ខណៈ ធ្វើ​ឲ្យ​បែក​បាក់​សាមគ្គី​រវាង​កម្ពុជា​វៀតណាម ហើយ​ថា​អាត្មា​ហ្នឹង​បួស​ធ្វើ​នយោបាយ បង្កើត​គណបក្ស បង្កើត​លោក... ដើម្បី​ប្រឆាំង​រដ្ឋាភិបាល។ ប្រឆាំង​រដ្ឋាភិបាល​ប៉ុន្មាន​ដង​ហើយ ? អាត្មា​ធ្វើ​ស្អី​ខ្លះ? រឿង​សម្ដី​ចំពោះ​ស្ថានទូត​វៀតណាម នោះ​ជា​មតិ​របស់​បុគ្គល ដែល​មិន​ចង់​ឲ្យ​យួន​ធ្វើ​បាប​ជិះជាន់ ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ខ្មែរ​កម្ពុជា​ក្រោម ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម»

ទាក់​ទង​នឹង​បញ្ហា​វិវាទ​ខាង​លើ​នេះ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ នៅ​ពេល​ដែល​ថា​ឲ្យ​មាន​ការសម្រប​សម្រួល​គ្នា កុំ​ឲ្យ​មាន​បញ្ហា​វា​កើតឡើង ការវិវាទ​អធិករណ៍​កើត​ឡើង​ក្នុង​សង្គម​ព្រះសង្ឃ​ជាពិសេស​ខ្មែរ​ក្រោម»

លោក​បាន​ទទូច​សុំ​ឲ្យ​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​នានា​គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គប្បី​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​និង​រួបរួម​សាមគ្គី​គ្នា​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នៃ​សង្គម​ខែ្មរ​កម្ពុជា​ក្រោម​ទំាង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​អតីត​ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម ការទាមទារ​សិទ្ធិ​សេរីភាព​នៃ​ជំនឿ​សាសនា​តាម​បែប​ព្រះពុទ្ធ​សាសនា​កម្ពុជា៕