ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចជានីតិបុគ្គល ទាល់តែមានការគាំទ្រពីអាជ្ញាធរ ពីអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសមាជិកសហគមន៍ជនជាតិដើមភាគតិចខ្លួនឯង ទើបអាចចុះបញ្ជីបាន។
លោក អាង ជាតិឡោម ប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយនៅខេត្តព្រះវិហារ ឈ្មោះអង្គការពន្លកខ្មែរ មានប្រសាសន៍ថា ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចឲ្យក្លាយទៅជានីតិបុគ្គល មានសារប្រយោជន៍ណាស់។ ប៉ុន្តែនៅខេត្តព្រះវិហារ មិនទាន់មានសហគមន៍ជនជាតិដើមភាគតិចណាមួយ បានចុះបញ្ជីជាផ្លូវការនៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងមហាផ្ទៃនៅឡើយ។
កន្លងមកការចុះបញ្ជីជនជាតិដើមភាគតិចជានីតិបុគ្គល មានធ្វើតែនៅខេត្តរតនគិរី និងមណ្ឌលគិរី ប៉ុណ្ណោះ។
លោក អាង ជាតិឡោម បានពន្យល់ថា ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចចំណាយពេលវេលារង់ចាំយូរណាស់ ហើយនៅខេត្តព្រះវិហារ មានភូមិចំនួន ៥ ក្នុងចំណោមភូមិ ៧ បានរៀបចំការប្រកាសស្វ័យអត្តសញ្ញាណហើយ។
ទាក់ទងជាមួយការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចនេះ លោក សេក សោភ័ណ្ឌ មន្រ្តីអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា អាយឡូ (ILO) ខាងការងារចុះបញ្ជីជនជាតិដើមភាគតិចមានប្រសាសន៍ថា ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចមានដំណាក់កាលច្រើន និងត្រូវបំពេញឯកសារជាច្រើន។
ដំណាក់កាលទី១ គឺត្រូវជនជាតិដើមភាគតិចនោះធ្វើស្វ័យអត្តសញ្ញាណ។ ក្រោយពេលមានស្វ័យអត្តសញ្ញាណដែលទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទហើយ ជនជាតិដើមភាគតិចត្រូវរៀបចំចងក្រងជាលក្ខន្តិកៈសហគមន៍ និងរៀបចំតែងតាំងឲ្យមានអាជ្ញាធរប្រពៃណី ឬហៅថា គណៈកម្មាធិការគ្រប់គ្រងសហគមន៍។ ក្រោយពេលមានគណៈកម្មាធិការគ្រប់គ្រងសហគមន៍ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ហើយ ទើបមានការចុះបញ្ជីទទួលស្គាល់សហគមន៍ជនជាតិដើមនោះជានីតិបុគ្គល។ ចុងក្រោយគឺការចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព។
លោក សេក សោភ័ណ្ឌ បានឲ្យដឹងថា មកទល់បច្ចុប្បន្នមានសហគមន៍ជនជាតិដើមចំនួន ៤៨ ហើយដែលក្រសួងមហាផ្ទៃ បានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ។ សហគមន៍ជនជាតិដើមភាគតិចទាំង ៤៨ នោះ មាននៅតែខេត្តរតនគិរី និងមណ្ឌលគិរី ប៉ុណ្ណោះ។
មន្ត្រីអង្គការពលកម្មអន្តរជាតិបាននិយាយថា ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចផ្តល់ប្រយោជន៍ច្រើនយ៉ាងដល់ជនជាតិភាគតិច គឺរួមមានទាំងការរក្សាអត្តសញ្ញាណ រក្សាប្រពៃណីទំនៀមទំលាប់ ការរក្សាដីធ្លីស្រែចំការ ការរក្សាព្រៃដូនតា ការរក្សាដីកប់សពជាដើម។
លោក សេក សោភ័ណ្ឌ បានឲ្យដឹងថា ការលំបាកក្នុងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច គឺការរៀបចំឯកសារ និងចុងក្រោយគឺការចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព។
អ្នកស្រី រឿង ខាន់ ជាជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរ៉ិ ឃុំប្រមេរ៉ិ ស្រុកត្បែង ខេត្តព្រះវិហារ បាននិយាយថា សហគមន៍ជនជាតិកួយរបស់អ្នកស្រី កំពុងតែខិតខំរៀបចំឯកសារដើម្បីបានចុះបញ្ជីសហគមន៍ជានីតិបុគ្គល។
លោក អាង ជាតិឡោម ប្រធានអង្គការពន្លកខ្មែរ នៅខេត្តព្រះវិហារ មានប្រសាសន៍ថា ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចជានីតិបុគ្គល ហើយនិងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច មានប្រយោជន៍ក្នុងការទប់ស្កាត់ ការបាត់បង់ដីរបស់ជនជាតិដើមដោយសារការទន្ទ្រានរបស់ក្រុមហ៊ុនវិនិយោគនានានៅក្នុងតំបន់ ដែលមានជនជាតិដើមភាគតិចរស់នៅ។
ប្រទេសកម្ពុជា ជាសមាជិកអង្គការពលកម្មអន្តរជាតិ ដូច្នេះកម្ពុជា ត្រូវតែគោរពតាមអនុសញ្ញាមួយចំនួនរបស់អង្គការពលកម្មអន្តរជាតិ ដូចជាអនុសញ្ញាស្ដីពីជនជាតិដើមភាគតិច និងក្រុមកុលសម្ព័ន្ធដែលជាលិខិតុបករណ៍អន្តរជាតិ ដែលចងកាតព្វកិច្ចរដ្ឋជាសមាជិកសម្រាប់យកទៅដោះស្រាយបញ្ហានានា ដែលជួបប្រទះដោយជនជាតិដើមភាគតិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។