សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​ដីកា​កោះ​មន្រ្តី​ជាន់​ខ្ពស់​ខ្មែរ​មក​ធ្វើ​ជា​សាក្សី

2009-10-08

សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចេញ​ដីកា​កោះ​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​៦​នាក់ ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​ករណី​សំណុំ​រឿង​ទី​២ ប្រឆាំង​នឹង​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៤​រូប ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

AFP Photo

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​៤ ធ្នូ ២០០៨។

ប្រភព​ព័ត៌មាន​បារាំង​អា.អេហ្វ.ប៉េ ផ្សាយ​កាល​ពី​ថ្ងៃ​៧ តុលា​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ចេញ ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ស៊ើប​អង្កេត​ជនជាតិ​បារាំង បាន​កោះ​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​៦​នាក់ ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​នោះ គឺ​មាន​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក ស៊ីម កា សមាជិក​ព្រឹទ្ធ​សភា និង​លោក អ៊ុក ប៊ុនឈឿន ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​ផង​ដែរ។

នៅ​ពេល​សួរ​បញ្ជាក់​អំពី​ការ​កោះ​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​៦​រូប​មក​ធ្វើ​ជា​សាក្សី លោក រាជ សម្បត្តិ ប្រធាន​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​ប្រសាសន៍​ថា លោក​មិន​មាន​បទ​អត្ថាធិប្បាយ​អ្វី​ទេ ព្រោះ​នោះ​ជា​ការ​សម្រេច​របស់​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ដែល​ធ្វើ​ឡើង​តែ​ម្នាក់​ឯង។

លោក រាជ សម្បត្តិ មាន​ប្រសាសន៍​ដូច្នេះ ៖ «ហ្នឹង​កិច្ចការ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ គាត់​បាន​ធ្វើ​កិច្ចការ​របស់​គាត់​ហ្នឹង​ឯកតោ​ភាគី អ៊ីចឹង​យើង​មិន​មាន​អី​បន្ថែម​ទេ»

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​កោះ​អញ្ជើញ​នេះ ដោយ​មាន​ប្រសាសន៍​ថា ជំហរ​រាជ​រដ្ឋាភិបាល គឺ​មិន​ព្រម​ជា​ដាច់ខាត លើក​លែង​តែ​អ្នក​ទាំង​នោះ​ស្ម័គ្រ​ចិត្ត​ទៅ​ផ្តល់​សក្ខីកម្ម​ក្នុង​តុលាការ​ខ្មែរ​ក្រហម។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ត​ថា ប្រសិនបើ​មាន​មន្ត្រី​បរទេស​នៃ​តុលាការ​ខ្មែរ​ក្រហម​ណា​មួយ​ដែល​មិន​ពេញ​ចិត្ត​ទេ ពួកគេ​អាច​វេច​បង្វេច​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក​មាន​ការ​ចោទ​ប្រកាន់​ថា រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម ពីព្រោះ​ចង់​ការពារ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម ដែល​មាន​ឋានន្តរសក្តិ​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។

សូម​ជម្រាប​ជូន​ថា សាលាក្តី​ខ្មែរ​ក្រហម​នឹង​ចាប់​ផ្តើម​ដំណើរការ​ក្តី​លើ​សំណុំ​រឿង​លេខ​០០២ ដែល​មាន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៤​រូប​ទៀត​ជា​ជន​ជាប់​ចោទ គឺ​មាន នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ