អង្គជំនុំជម្រះធ្វើសវនាការស្ដាប់សាក្សីជាអ្នកជំនាញប្រវត្តិសាស្ត្រខ្មែរក្រហមមួយរូប ឈ្មោះលោក ដេវីដ ឆេនល័រ (David Chandler)។
សាក្សី ដេវីដ ឆេនល័រ ត្រូវបានសហព្រះរាជអាជ្ញាសួរដេញដោលអំពីការស្រាវជ្រាវរបស់គាត់ទាក់ទងនឹងមេដឹកនាំខ្មែរក្រហម ក្នុងគណៈមជ្ឈិមបក្សកម្ពុជាកម្ពុជា។
សហព្រះរាជអាជ្ញា សួរសាក្សីចង់ដឹងថា តើអតីតមេដឹកនាំខ្មែរក្រហម ដូចជា នួន ជា ខៀវ សំផន និងអៀង សារី ស្ថិតក្នុងគណៈមជ្ឈិមបក្សកម្ពុជា ឬទេ?
សាក្សី ដេវីដ ឆេនល័រ បានបញ្ជាក់ថា ការស្រាវជ្រាវ និងយោងតាមសៀវភៅរបស់លោក ឈ្មោះ "សំឡេងចេញពីមន្ទីរ ស២១" គឺជនជាប់ចោទទាំងនេះ ពិតជានៅក្នុងគណៈមជ្ឈិមបក្សកម្ពុជា។ លោកបានបន្ថែមឈ្មោះ សុន សេន ថាជាសមាជិកគណៈអចិន្ត្រៃយ៍ផង ជាគណៈមជ្ឈិមបក្សកម្ពុជាផង និងជាអ្នកគ្រប់គ្រងធំលើគុកទួលស្លែងផង។
ជនជាប់ចោទជាអតីតមេដឹកនាំខ្មែរក្រហម កន្លងមកតែងបដិសេធចំពោះការដឹងឮពីឧក្រិដ្ឋកម្ម ដែលកើតមាននៅគុកទួលស្លែង ចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។ ការបញ្ជាក់របស់សាក្សី ដេវីដ ឆេនល័រ គឺជាការភ្ជាប់ជនជាប់ចោទទៅនឹងឧក្រិដ្ឋកម្ម ដែលកើតមាននៅក្នុងគុកទួលស្លែង។
សាលាដំបូងគ្រោងស្ដាប់សក្ខីកម្មរបស់សាក្សីអ្នកជំនាញ ដេវីដ ឆេនល័រ រយៈពេល ៥ថ្ងៃ។
សវនាការនឹងបន្តនៅថ្ងៃព្រហស្បតិ៍ ទី១៩ កក្កដាទៀត ហើយជនជាប់ចោទ អៀង សារី ដែលធ្លាប់តែសុំបោះបង់សិទ្ធិចូលរួមដោយផ្ទាល់នោះ ត្រូវបានប្រធានអង្គជំនុំជម្រះតម្រូវឱ្យនាំខ្លួនចូលសវនាការផ្ទាល់ នៅថ្ងៃព្រហស្បតិ៍ ទី១៩ កក្កដា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
