ព័ត៌មាន​ថ្មី​ជុំវិញ​ការ​បង្ក្រាប​ពល​រដ្ឋ​នៅ​ខេត្ត​ក្រចេះ

ប្រជា​ពល​រដ្ឋ​ដែល​បាន​លួច​រត់​ចេញ​ពី​តំបន់​ហ៊ុមព័ទ្ធ​ដោយ​ក្រុម​សមត្ថកិច្ច ចោទ​សមត្ថកិច្ច​ថា​ធ្វើទុក្ខបុកម្នេញ​ពួក​គាត់។
ដោយ វិជ័យ អានន្ទ
2012-05-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជា​ពល​រដ្ឋ​ភូមិ​ក្ដារបាក់ អណ្ដូង​ជ្រៅ ទូល​គ្រួស និង​ភូមិ​ប្រមា ស្ថិត​ក្នុង​តំបន់​ហ៊ុមព័ទ្ធ​ដោយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​វ៉ៃ និង​ទាត់​ធាក់​ពួក​គាត់។

ប្រជា​ពល​រដ្ឋ​ដែល​រត់​ចេញ​ពី​តំបន់​អបគមន៍​បាន​អះអាង​ថា ក្រុម​សមត្ថកិច្ច​ដែល​បាន​វាយ​លុក​ចូល​តំបន់​អបគមន៍ ក្រៅ​ពី​ការ​វ៉ៃ​ធ្វើ​បាប​ពួក​គាត់​ហើយ កង​កម្លាំង​សមត្ថកិច្ច​នៅ​បាន​ដក​ហូត​សម្ភារៈ​ជាប់​ខ្លួន មាន​ដូច​ជា​ទូរស័ព្ទ ខោ អាវ​ថ្មីៗ អង្ក ម៉ូតូ និង​ប្រដាប់​ប្រដា​ប្រើប្រាស់​មាន​តម្លៃ​ផ្សេងៗទៀត ព្រម​ទាំង​បាន​ជេរ​ប្រមាថ​ប្រជា​ជន​ទាំង​នោះ​ថា ជា​ឈ្លើយ​សឹក និង​សម្លុត​ពួក​គាត់​ដោយ​ឲ្យ​ពួក​គាត់​ប្រាប់​ពី​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​លោក ប៊ុន រដ្ឋា។

ម្យ៉ាង​ទៀត ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា ពួក​គាត់​លួច​រត់​ចេញ​មក​នោះ​ពុំ​មាន​លុយ​កាក់ និង​របស់​របរ​សម្រាប់​ហូប​ចុក​នោះ​ទេ ហើយ​សូម្បី​តែ​ខោ​អាវ​ស្ទើរ​គ្មាន។ អ្នក​ខ្លះ​ចេញ​មក​មាន​ក្រមា​មួយ។ លើស​ពី​នេះ ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បន្ត​ថា បន្ទាប់​ពី​ពួក​គាត់​លួច​រត់​ចេញ​មក​មិន​ដឹង​ជា​ទៅ​រស់​នៅ​ឯ​ណា​ឡើយ ព្រោះ​ពួក​គាត់​មិន​មាន​ដី​ស្រែ​ចម្ការ​នៅ​ឯ​ស្រុក​កំណើត​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរ៉ុង ប្រតិកម្ម​តប​ចំពោះ​ការ​ចោទ​របស់​ប្រជា​ពល​រដ្ឋ​ថា កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មិន​បាន​ល្មើស​នឹង​បញ្ជា ហើយ​ធ្វើ​បាប​ប្រជា​ពល​នោះ​ឡើយ។ លោក​អះអាង​បន្ត​ថា ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តំបន់​ហ៊ុមព័ទ្ធ​ដោយ​កង​កម្លាំង​ចម្រុះ​នោះ ពួក​គាត់​មាន​តែ​សប្បាយ​ចិត្ត ព្រោះ​ពួក​គាត់​ត្រូវ​សមត្ថកិច្ច​រំដោះ​ចេញ​ពី​ការ​គ្រប់គ្រង​ដោយ​ឃោរឃៅ នឹង​គួរ​ឲ្យ​ភ័យ​ខ្លាច​របស់​ក្រុម​លោក ប៊ុន រដ្ឋា។

ដោយ​ឡែក​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចេញ​ពី​ភូមិ​ជា​បន្ត​បន្ទាប់​នោះ ពួក​គាត់​ស្ម័គ្រ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គាត់​វិញ ព្រោះ​ពួក​គាត់​បាន​ចាញ់​បោក​ក្រុម​លោក ប៊ុន រដ្ឋា។ រីឯ​ប្រជា​ពល​រដ្ឋ​ចាស់ រស់​នៅ​ទី​នោះ​តាំង​ពី​យូរ​មក​ហើយ ពួក​គាត់​អាច​នៅ​ទី​នោះ​បាន​ដូច​កាល​ពី​មុន។

ទាក់ទិន​នឹង​ករណី​កង​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ក្រុម​លោក ប៊ុន រដ្ឋា នេះ​ដែរ មាន​ប្រជា​ពល​រដ្ឋ ៧​នាក់ ត្រូវ​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ និង​កំពុង​ស្ថិត​ក្រោម​ការ​សាក​សួរ​របស់​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ធុច បញ្ចសន្តិភាព។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ពន្យល់​ពី​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង លោក ធុច បញ្ចសន្តិភាព បាន​ទេ​ពី​រឿង​ក្ដី​នេះ ថា​ជន​សង្ស័យ​ទាំង​នោះ ជាប់​ចោទ​ពី​បទ​អ្វី​នៅ​ឡើយ ដោយ​ប្រាប់​ថា លោក​ជាប់​រវល់​ខ្លាំង។

ចំណែក​ឯ​បច្ចុប្បន្ន​នេះ ប្រជា​ពល​រដ្ឋ​ដែល​បាន​លួច​ចេញ​មក​ពី​ភូមិ ដែល​គេ​ចាត់​ទុក​ថា​តំបន់​អបគមន៍​នោះ ចេះ​តែ​ចេញ​មក​ជា​បណ្ដើរៗ ហើយ​ពួក​គាត់​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជួយ​ពួក​គាត់ ព្រោះ​ពួក​គាត់​ពុំ​មាន​អ្វី​ទទួល​ទាន​ទេ៕