តុលាការ​កោះ​ហៅ​អ្នក​ភូមិ​ប្រម៉ា​១៩​នាក់​ឲ្យ​​ឆ្លើយ​បំភ្លឺ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ

តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ប្រម៉ា ១៩​នាក់ ដើម្បី​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ពេល​ខាង​មុខ​នេះ ក្នុង​សំណុំ​រឿង​ក្តី​លោក ម៉ម សូណង់ដូ និង​លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា ជា​មេខ្លោង​ចង់​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ដោយ ទេព សុរ៉ាវី
2012-09-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី ក្រចេះ ៣០៥
ពលរដ្ឋ​​​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​ដែល​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ចុះ​បង្ក្រាប​ការ​កាន់​កាប់​ដី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​១៦ ឧសភា ២០១២។
RFA/Vicheyanandh

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់ដំរី លោក ម៉ែន គន្ធា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ថា គាត់​បាន​ទទួល​ដីកា​ពី​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​សប្ដាហ៍​មុន ដើម្បី​ឲ្យ​ចែក​ចាយ​ដីកា​ទាំង​នោះ​ដល់​អ្នក​ភូមិ​ប្រម៉ា​ចំនួន ១៩​នាក់ ដើម្បី​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ខាង​មុខ។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម ១៩​នាក់​ដែល​ត្រូវ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នោះ មាន ១៤​នាក់​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី និង ៥​នាក់​ទៀត​ជា​ជន​ជាប់​ចោទ តែ​បាន​លើក​លែង​ទោស ក៏​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​លើ​អង្គ​សវនាការ​ជំនុំជម្រះ​ក្តី​របស់​លោក ម៉ម សូណង់ដូ នោះ​ដែរ៖ «គាត់​ដូច​អត់​មាន​ត្រូវ​ការ​អី​ពាក់ព័ន្ធ​ភិតភ័យ។ នៅ​ក្នុង​ផ្លូវ​ច្បាប់ ក្នុង​នាម​គាត់​ទៅ​បំភ្លឺ​ជូន​ទៅ​តុលាការ​នៅ​ក្រុង​ភ្នំពេញ​ហ្នឹង»

ព្រះ​រាជអាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បញ្ជាក់​ថា តុលាការ​ក្រុង​ភ្នំពេញ ពិត​ជា​បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​ទាំង ១៩​នាក់ ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ពិត​មែន។

លោក​បន្ត​ថា អង្គ​សវនាការ​នោះ​នឹង​ជំនុំជម្រះ​លើ​ករណី​មួយ​ដែល​ផ្ទេរ​ពី​តុលាការ​ខេត្ត​ក្រចេះ ហើយ​ករណី​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ក៏​នឹង​ត្រូវ​បើក​រួម​គ្នា​ក្នុង​ពេល​តែមួយ៖ «ខាង​តុលាការ​គេ​កោះ​ហៅ គេ​កោះ​ហៅ​គាត់​ឲ្យ​ចូល​នៅ​ក្នុង​សវនាការ​ក្នុង​នាម​គាត់​ជា​សាក្សី​ផង ខ្លះ​ជា​ជន​ជាប់​ចោទ​ផង»

តុលាការ​ខេត្ត​ក្រចេះ បាន​ផ្ទេរ​សំណុំ​រឿង​មួយ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​មុន ដែល​សំណុំ​រឿង​នេះ​តុលាការ​ខេត្ត​បាន​ឃុំ​ខ្លួន​អ្នក​ភូមិ​ប្រម៉ា ចំនួន ៣​នាក់ រួម​មាន​ឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ឌ ស្រឿន និង​ឈ្មោះ ទូច រិន ពី​បទ​ធ្វើ​កុបកម្ម​ប្រឆាំង​មន្ត្រី​សាធារណៈ និង​កាន់​អាវុធ​ខុស​ច្បាប់។ រី​ឯ​អ្នក​ភូមិ ៥​នាក់​ទៀត​ដែល​ជាប់​ចោទ​ដូច​គ្នា​នេះ ត្រូវ​បាន​រួច​ខ្លួន បន្ទាប់​ពី​ពួកគេ​បាន​សារភាព​ទោស​កំហុស​របស់​ខ្លួន​ទៅ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល។

តាម​ដីកា​របស់​តុលាការ ៥​នាក់ ដែល​ជា​ជន​ជាប់​ចោទ​នោះ​នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ហើយ​ពួក​គេ​ទំនង​ជា​ជន​ដែល​ឆ្លើយ​ដាក់​បន្ទុក​ទៅ​លើ​ជន​ជាប់​ចោទ​ឯ​ទៀត រួម​មាន​អ្នក​ភូមិ ៣​នាក់​ដែល​កំពុង​ជាប់​ឃុំ លោក ប៊ុន រដ្ឋា និង​លោក ម៉ម សូណង់ដូ ជាដើម។

អ្នកស្រី ញឹក សុភី អ្នក​ភូមិ​ប្រម៉ា ដែល​ទទួល​ដីកា​កោះ​ហៅ​ពី​តុលាការ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​សំដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន។ អ្នកស្រី​បន្ត​ថា គាត់​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​នូវ​អ្វី​ដែល​អ្នកស្រី​ចាត់​ទុក​ថា ជា​ការ​ពិត ក្នុង​សំណុំ​រឿង​នៅ​ភូមិ​ប្រម៉ា​នោះ។

អ្នកស្រី​ថា ការ​ឆ្លើយ​របស់​គាត់​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ ឬ​អ្នក​ភូមិ​រស់​នៅ​ជាមួយ​គ្នា​ដែល​មាន​ទំនោរ​ទៅ​ឈ្មោះ ប៊ុន រដ្ឋា ខឹងសម្បា ហើយ​អាច​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គ្រួសារ​របស់​គាត់៖ «យើង​ទៅ​ឆ្លើយ​បំភ្លឺ​ច្បាស់លាស់ ពិត​ប្រាកដ ដែល​យើង​មើល​ឃើញ យើង​ថា​ប៉ុណ្ណឹង។ គេ​មិន​ចិត្ត​ដូច​យើង គេ​ចង់​និយាយ​ចង់​ពន្លើស​ពាក្យ​អី​អ៊ីចឹង​ទៅ ដល់​យើង​និយាយ​ត្រង់​អ៊ីចឹង​ទៅ យើង​នៅ​ស្រុក​ក្នុង​ភូមិ​នៅ​ឯ​ណេះ ខ្លាច​គេ​ធ្វើ​បាប​យើង​នៅ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ទៀត»

ទោះ​ជា​យ៉ាង​ណា លោក ម៉ែន គន្ធា នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់ដំរី បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​នោះ​នឹង​មាន​កិច្ចការពារ​យ៉ាង​ល្អ​ពី​សមត្ថកិច្ច ហើយ​ពួកគេ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ លោក​បន្ត​ថា អ្នក​ភូមិ​ទាំង​នោះ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ក្រចេះ ទៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា គឺ​មុន​ពេល​បើក​សវនាការ​មួយ​ថ្ងៃ។ ចំពោះ​ដោយ​ថ្លៃ​សោហ៊ុយ និង​ថ្លៃ​ស្នាក់នៅ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សុក សំអឿន មេធាវី​ការពារ​ក្តី​ឲ្យ​លោក ម៉ម សូណង់ដូ បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា តែ​កន្លង​មក​លោក​ធ្លាប់​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ​ថា រឿង​ក្ដី​នេះ​នឹង​ឈ្នះ​មួយ​រយ​ភាគ​រយ ប្រសិន​បើ​រឿង​រ៉ាវ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ផ្នែក​នយោបាយ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ច្រើន​លើក​រិះគន់​រដ្ឋាភិបាល​ថា បាន​ទម្លាក់​កំហុស​លើ​លោក ម៉ម សូណង់ដូ ដើម្បី​រក​អ្នក​ទទួល​ទោស​ជំនួស​ឲ្យ​សកម្មភាព​ចុះ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ពលរដ្ឋ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​បាន​បណ្ដាល​ឲ្យ​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់​ស្លាប់។

តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​សាធារណៈ ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ល្បិចចង់វាយឆ្កែនាំគ្នាចោទថាឆ្កែឆ្គួត!!!

Sep 03, 2012 08:59 PM

អ្នក​អាន​អនាមិក

What ever happened,did Mom Sonando have gun to kill the little girl or Hun Sen forces killed the girl? Did Bun Ratha do it? Will those 19 people dare to tell the truth? or are they instructed to answer to be free? What a joke under Hun Sen power!

Sep 03, 2012 06:13 PM

អ្នក​អាន​អនាមិក

លោកម៉ម សុណង់ដូជាអាចារ្យហែម ចៀវទីពីរ ខំតសូ៝ដើម្បី
ជាតិមិនស្តាយជិវិតខ្លួនឯង។
ជយោអាចារ្យហែម ចៀវទីពីរ។

Sep 03, 2012 06:55 AM

ខ្មែរ

នេះគឺជាល្ខោនរបស់មេដឹកនាំ យើងសព្វថ្ងៃដែលបង់កើតឡើង ដើម្បីលុបលាងកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តភូមិប្រម៉ា ស្រុកឆ្លូក ខេត្តក្រចេះ ។
អីយាល្ខោននេះពិតអស់ចារមែន មើលមេដឹកនាំយើងធ្វើ។ខ្លួនឯងជាអ្នកធ្វើ
បែរជាចោកគេ ទម្លាក់កំហុកអោយគេពិតជាពួកកែមែនលោក ហ ស ។
(អ្នកគ្មានកំហុកបែរជាជាប់ទោស អ្នកមានកំហុកបែរជារួចខ្លួនទៅវិញ)។

Sep 03, 2012 06:00 AM

Vuth Lee

ពី Lowell, Massachusetts,U.S.A

This is an ugly, pre-meditated, setting up to fail work that is done by Hun Sen to silent or kill dissidents-Mam Sonando and others who were regarded as Hun Sen's opponents or targets. This is a serious crime of wrongly committed by Hun Sen that causing the death of an unfortunate village girl. Hun Sen must responsible for what was happening in that village and immediately stop orchastrate(organize or plan) another ugly blame game so Cambodians nationwide can live without fear. I hope these 19 innocent villagers can return home safely after the setting up Phnom Penh court hearing on Sept. 11, 2012.

Sep 03, 2012 04:47 AM

មើល​មតិ​ទាំង​អស់.