កម្លាំង​ចម្រុះ​នៅ​បន្ត​ហ៊ុមព័ទ្ធ​ភូមិ​ប្រម៉ា ខេត្ត​ក្រចេះ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២ កង​កម្លាំង​ចម្រុះ​របស់​រាជរដ្ឋាភិបាល នៅ​តែ​បន្ត​ហ៊ុមព័ទ្ធ និង​គ្រប់គ្រង​តំបន់​ភូមិ​ប្រម៉ា ដដែល ហើយ​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ដែល​មិន​មាន​ភារៈ​ជា​សមត្ថកិច្ច រួម​ទាំង​អ្នក​សារព័ត៌មាន និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ចូល​ទៅ​កាន់​ទី​នោះ​បាន​ឡើយ។
ដោយ រដ្ឋា វីសាល
2012-05-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី ក្រចេះ ៣០៥
កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
Provided Photo

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​នៅ​ក្នុង​ភូមិ​ប្រម៉ា បាន​បញ្ជាក់​ថា កងកម្លាំង​នៅ​ទី​នោះ​មិន​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចេញ​ចូល​ទៅ​ ធ្វើ​ស្រែ​ចំការ​របស់​ពួក​គាត់​ដូច​ធម្មតា​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​ឆ្លូង គឺ​លោក សំ សារិទ្ធ បាន​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​រៀបចំ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ពី​ការ​ រត់​គេច​ខ្លួន និង​ចែក​ខិត្តប័ណ្ណ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​របៀបរៀបរយ និង​រស់​នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ធម្មតា កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​អ្វី​ត​ទៅ​ទៀត ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​មាន​ដីធ្លី​ប្រកប​របរ​ចិញ្ចឹម​ជីវិត សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ធ្វើ​តាម​គោលនយោបាយ​សុំ​ដី​សម្បទាន​ សង្គមកិច្ច តាម​រយៈ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ ស្រុក ខេត្ត ដើម្បី​ដោះស្រាយ​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ។

បើ​ទោះ​ជា​មាន​ការ​បញ្ជាក់​អះអាង​ពី​អភិបាល​ស្រុក​ឆ្លូង បែប​នេះ​ក្ដី ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច។

ប្រជាពលរដ្ឋ​ចំនួន ១២​នាក់ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​ប្រម៉ា ហើយ​រត់​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សមាគម ​អាដហុក ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២ នេះ បាន​បញ្ជាក់​ថា ពួក​គាត់​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​កង​កម្លាំង​បង្ក្រាប មិន​ហ៊ាន​វិល​ត្រឡប់​ទៅ​ទី​តាំង​ដី​ដែល​ពួក​គាត់​បាន​កាប់​រាន​ព្រៃ​ធ្វើ​ ចំការ​នោះ​ទេ ពីព្រោះ​ខ្លាច​កងកម្លាំង​ចាប់​ខ្លួន ហើយ​ពួក​គាត់​ក៏​មិន​អាច​វិល​ទៅ​ស្រុក​កំណើត​វិញ​ដែរ ពីព្រោះ​ពួក​គាត់​មិន​មាន​ដីធ្លី​នៅ​ស្រុក​កំណើត​សំរាប់​ធ្វើ​ស្រែ​ចំការ​ នោះ​ទេ។

ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ភូមិ​មិន​បាន​រត់គេច​ ខ្លួន បាន​បញ្ជាក់​ថា ពួក​គាត់​មិន​មាន​ភ័យ​ខ្លាច​អ្វី​ទេ ពីព្រោះ​ពួក​គាត់​ជា​អ្នក​ភូមិ​ចាស់​មាន​ដី​ស្រែ​ចំការ មិន​ពាក់ព័ទ្ធ​ដីធ្លី​ជាមួយ​ក្រុម​លោក ប៊ុន រដ្ឋា ទេ។ អ្នក​ភូមិ​ខ្លះ​ទៀត​និយាយ​ថា ពួកគាត់​ត្រេកអរ​ទៅ​វិញ​ទេ បន្ទាប់​ពី​កង​កម្លាំង​បង្ក្រាប​ក្រុម​លោក ប៊ុន រដ្ឋា ពីព្រោះ​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​ចំនួន​បាន​ជួប​បញ្ហា​លំបាក​ចេញ​ចូល​ធ្វើ​ ស្រែ​ចំការ​នៅ​តំបន់​នោះ ដោយសារ​ក្រុម​លោក ប៊ុន រដ្ឋា បាន​ដាក់​របាំង​ហាមឃាត់ និង​ត្រួត​ពិនិត្យ​ការ​ចេញ​ចូល​ក្នុង​ភូមិ​តឹងរ៉ឹង។

អភិបាល​ស្រុក​ឆ្លូង បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អ្នក​ចំណាក​ស្រុក​ដែល​បាន​ចូល​មក​កាប់​រាន​ព្រៃ​យក​ដី​នៅ​ភូមិ​ ប្រម៉ា ស្ទើរ​មួយ​រយ​ភាគ​រយ​បាន​រត់​ចោល​ខ្ទម​ចំការ​ផល​ដំណាំ​ពួកគេ​អស់​ហើយ។ ចំណែក​កង​កម្លាំង​នៅ​តែ​បន្ត​គ្រប់គ្រង​ភូមិ​ប្រម៉ា ជា​បន្ត លុះ​ត្រា​សភាពការណ៍​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៅ​ទី​នោះ​បាន​ប្រសើរ​ដូច​ ប្រក្រតី​ឡើង​វិញ។

បើ​តាម​ប្រជាពលរដ្ឋ​អ្នក​បាន​កាន់​កាប់​ដី​នៅ​តំបន់​នោះ​ប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារៗ​ដែល​បាន​ចូល​ទៅ​រស់​នៅ​តំបន់​នោះ ខ្លះ​បាន​កាប់​រាន​ព្រៃ​ឈើ​យក​ដី​ពី ៥​ហិកតារ​ទៅ ១០ ហិកតារ ហើយ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​កាប់​ឆ្ការ​ព្រៃ​កន្លង​ទៅ​នេះ មាន​មិន​តិច​ជាង ១.០០០​គ្រួសារ​ទេ ដូច្នេះ​គាត់​ប៉ាន់​ប្រមាណ​ថា ដី​ដែល​ប្រជាពលរដ្ឋ​កាប់​រាន​ព្រៃ​រូច​ហើយ មាន​មិន​តិច​ជាង ១​ម៉ឺន​ហិកតារ​ទេ។ ពួក​គាត់​បាន​បញ្ជាក់​ថា ដី​ដែល​ពួក​គាត់​កាប់​រាន​ជា​ដី​ព្រៃ​ឈើ​របស់​រដ្ឋ ក៏​ប៉ុន្តែ​ក្រោយ​ការ​កាប់​រាន​ដុត​សំអាត​ដាំ​ដំណាំ​បាន ស្រាប់​តែ​ក្រុមហ៊ុន កាសូទីម (KASOTIM) បាន​ចូល​មក​បាញ់​ថ្នាំ​ពណ៌​មក​លើ​ដី​ប្រជាពលរដ្ឋ​កាប់​រាន ដោយ​សំអាង​ថា ដី​នោះ​ស្ថិត​ក្នុង​ប្លង់​ដី​សម្បទាន​របស់​ក្រុមហ៊ុន។ ពួក​គាត់​បាន​បញ្ជាក់​ដែរ​ថា ក្រុម​លោក ប៊ុន រដ្ឋា ទើប​តែ​ចូល​មក​ដឹកនាំ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​ជំលោះ​ដី​ជាមួយ​ក្រុមហ៊ុន ហើយ​លោក ប៊ុន រដ្ឋា បាន​ដឹកនាំ​វាស់វែង​បែង​ចែក​ដី​ព្រៃ​ឈើ ដែល​ស្ថិត​ក្នុង​ប្លង់​ដី​សម្បទាន​ក្រុមហ៊ុន​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ ថ្មី​ទើប​មក​កាន់​ទី​នេះ។

ចំណែក​អភិបាល​ខេត្ត​ក្រចេះ គឺ​លោក ស ចំរ៉ុង បាន​បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចូល​មក​កាប់​រាន​កាន់​កាប់ គឺ​ជា​ដី​ព្រៃ​ឈើ​របស់​រដ្ឋ ក្នុង​នោះ​ក៏​មាន​ចំណែក​ដី​ខ្លះ​រដ្ឋ​បាន​ប្រគល់​ជូន​ក្រុមហ៊ុន​សម្បទាន​ កាសូទីម ផង​ដែរ ក៏ប៉ុន្តែ​លោក​បដិសេធ​មិន​បញ្ជាក់​ពិស្ដារ​ចំពោះ​បញ្ហា​នេះ​ទេ។

រហូត​មក​ទល់​នឹង​ពេល​នេះ​មិន​មាន​មន្ត្រី​អាជ្ញាធរ និង​បុគ្គលិក​សង្គម​ស៊ីវិល​ណា​ផ្ដល់​ព័ត៌មាន​ពី​ជោគ​វាសនា​របស់​លោក ប៊ុន រដ្ឋា និង​មេដឹកនាំ​សំខាន់​ផ្សេង​ទៀត​ក្នុង​ក្រុម​នេះ​ថា តើ​ត្រូវ​ចាប់​ខ្លួន ឬ​យ៉ាង​ណា​ទេ។ ក៏​ប៉ុន្តែ​ប្រភព​ខ្លះ​បាន​បញ្ជាក់​ថា មាន​ការ​ចាប់​ខ្លួន​មនុស្ស ៥​នាក់ នៅ​ក្នុង​ហេតុការណ៍​បង្ក្រាប ហើយ​ខ្លះ​ទៀត​បញ្ជាក់​ថា មាន​ការ​ចាប់​ខ្លួន​តែ​បី​នាក់​ទេ។ ចំណែក​អភិបាល​ខេត្ត​ក្រចេះ លោក ស ចំរ៉ុង បាន​បញ្ជាក់​សា​ជា​ថ្មី​ថា តួលេខ​បណ្ដោះអាសន្ន​ដែល​លោក​ទទួល​បាន​មាន​ការ​ចាប់​ខ្លួន​មនុស្ស ៤​នាក់។ ចំណែក​វិធានការ​ថា ត្រូវ​បញ្ជូន​អ្នក​ចាប់​ខ្លួន​ទៅ​តុលាការ ឬ​យ៉ាង​ណា​នោះ លោក​អះអាង​ថា មិន​ទាន់​មាន​សេចក្ដី​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល